Wednesday, July 15, 2015

របៀបវារៈសំខាន់ៗ៥ ត្រូវបានព្រឹទ្ធសភាជាតិ លើកយកមកពិភាក្សានៅថ្ងៃទី១៥ ខែកក្កដានេះ

នៅថ្ងៃទី ១៥ ​ខែកក្កដា​ ឆ្នាំ២០១៥​ នេះ ​ព្រឹទ្ធសភា​ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​បានបើក​កិច្ចប្រជុំ​គណៈកម្មា​ធិការអចិន្រ្តៃយ៍​ព្រឹទ្ធសភា ​ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ​របស់​សម្តេច​វិបុល​សេនាភក្តី ​សាយ ជុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​​លើរបៀបវារៈ​សំខាន់ៗ​ចំនួន៥ ដែលក្នុងនោះសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
របៀបវារៈ​ទាំង៥​ដែលត្រូវ​បានព្រឹទ្ធសភា​លើកមក​ពិភាក្សា​ថ្ងៃនេះ​រួមមាន៖​ ទី១​-ការជ្រើស​រើស​ បំពេញ​សមាជិក​គណៈកម្មការ​អប់រំ​ យុវជន​ និង​កីឡា ​ធម្មការ ​សាសនា​ វប្បធម៌ ​វិចិត្រ​សិល្បៈ  ​និងទេសចរណ៍​នៃ​ព្រឹទ្ធសភា, ទី២​-ពិនិត្យ ​និងសម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី២ព្រឹទ្ធ​សភា ​សុំដាក់សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់រដ្ឋ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៣ ​ទៅក្នុង​របៀបវារៈ​សម័យប្រជុំ​លើកទី៧​ព្រឹទ្ធសភា​នីតិកាលទី៣,​ ទី៣​-ពិនិត្យ ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី៦​ព្រឹទ្ធសភា ​សុំដាក់​សេចក្តី​ស្នើច្បាប់​ស្តីពី​ភតិសន្យា​ពិសេស ​ទៅក្នុង​របៀបវារៈ​សម័យប្រជុំ​លើកទី៧ព្រឹទ្ធសភា នីតិកាលទី៣ទី៤-ពិនិត្យ​សំណើ​របស់រដ្ឋ​សភាសុំពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់​ ស្តីពី ​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល ​និង ទី៥​-កំណត់កាល​បរិច្ឆេទ​ និងរបៀបវារៈ​បន្តសម័យ​ប្រជុំលើកទី៧។
យោងតាម​សេចក្តីជូន​ដំណឹង​ស្តីពីលទ្ធផល ​នៃកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ដែលចេញ​ផ្សាយ​នៅរសៀល​ថ្ងៃនេះ ​ដែលចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ អ៊ុំ ​សារឹទ្ធ​ អគ្គ​លេខាធិការ​ព្រឹទ្ធសភា ​បានឲ្យដឹងថា ​បន្ទាប់ពី​បានពិនិត្យ ​និង​ពិភាក្សា​រួចមក​ គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ​បានកំណត់​យកថ្ងៃសុក្រ ​ទី១៧​ ខែកក្កដា​ ឆ្នាំ២០១៥​ វេលាម៉ោង​ ៨:០០ព្រឹក​ បើកសម័យ​ប្រជុំលើកទី៧ ​ព្រឹទ្ធសភា ​នីតិកាលទី៣ ​ដែលមានរបៀប​ដូចជា៖ ១. ​ការបោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិកគណៈ​កម្មការអប់រំ​ យុវជន ​កីឡា​ ធម្មការ ​សាសនា ​វប្បធម៌​ វិចិត្រសិល្បៈ​ និងទេសចរណ៍​ នៃព្រឹទ្ធសភា,​ ២. ពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីការទូទាត់​ថវិកាទូទៅ​របស់រដ្ឋ​ សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០១៣​ និង​ ៣.ពិនិត្យ ​និង​ឲ្យយោបល់​លើសេចក្តី​ស្នើច្បាប់​ ស្តីពី​ភតិសន្យា​ពិសេស​៕












No comments:

Post a Comment