Thursday, October 12, 2017

Donald Trump​ គំរាមបិទ NBC​ និងបណ្តាញ​សារព័ត៌មាន​ផ្សេងទៀត​ដែលរិះគន់គាត់​

​​​​លោក Donald Trump បានគំរាមបិទ NBC និងបណ្តាញព័ត៌មានអាមេរិកដទៃទៀតដោយនិយាយថា ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោក Trump បានសរសេរនៅក្នុងបណ្តាញ Tweet ថា «រាល់ព័ត៌មានក្លែងក្លាយទាំងអស់ចេញពី NBC និងបណ្តាញព័ត៌មានជាច្រើន តើកម្រិតសក្តិសមប៉ុណ្ណាក្នុងការទទួលបានអាជ្ញាប័ណ្ណរបស់ពួកគេ? អាក្រក់សម្រាប់ប្រទេស!»។
ការលើកឡើងរបស់លោក Trump នៅក្នុង Tweet ជាការឆ្លើយតបទៅនឹងរឿងមួយដែលសរសេរដោយ NBC ដែលបាននិយាយថា លោក Trump បានស្វះស្វែងរកការបង្កើនឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់អាមេរិកចំនួនដប់ដង បន្ទាប់ពីមើលឃើញការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកចាប់តាំងពីឆ្នាំ ១៩៦០ ។ រឿងនេះបានលើកឡើងពីមន្ត្រី៣ រូបដែលតាមសេចក្តីរាយការណ៍ថា ស្ថិតក្នុងបន្ទប់នៅពេលដែលលោក Trump បានធ្វើការអត្ថាធិប្បាយ។
លោក Trump បានបង្ហោះនៅលើ Tweet មុនការគំរាមកំហែងរបស់គាត់ថា «Fake @NBCNews បានបង្កើតរឿងមួយថា ខ្ញុំចង់បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរអាមេរិករបស់យើងដប់ដង»។ «ការប្រឌិតសុទ្ធ បង្កើតឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ។ NBC ស្មើនឹង CNN!»
លោកប្រធានាធិបតី បានវាយប្រហារជាទៀងទាត់ទៅលើបណ្តាញព័ត៌មានដែលបានរិះគន់គាត់តាំងពីខែមករា នៅពេលដែលគាត់បានធ្វើសន្និសីទកាសែតមួយក្នុងនាមជាប្រធាធិបតីជាប់ឆ្នោត ហើយស្រែកដាក់អ្នកយកព័ត៌មាន CNN ថា «ព័ត៌មានក្លែងក្លាយ»។ ពាក្យសម្តីដែលលោក Trump និយាយថា គាត់បានបង្កើតឡើង ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់មុនពេលពិពណ៌នាអំពីការរីកសាយនៃព័ត៌មានដែលសរសេរ ដោយក្រុមលេងប្លុកអនាមិក ដើម្បីផ្សព្វផ្សាយការកុហកអំឡុងការបោះឆ្នោតឆ្នាំ ២០១៦ ចាប់តាំងពីពេលនោះមកបានក្លាយជាការប្រមាថមើលងាយគាត់ នៅពេលសារព័ត៌មានផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋបាល Trump ។
របាយការណ៍អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក Trump បានឱ្យដឹងថា នាយសេនាធិការចម្រុះ និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Rex Tillerson បានប្រឆាំងទៅលើមហិច្ឆតានុយក្លេអ៊ែរហើយថា លោក Tillerson ក្រោយមកបានហៅលោកប្រធានាធិបតីថា ជា «មនុស្សល្ងីល្ងើ» បន្ទាប់ពីកិច្ចប្រជុំ។ លោក Tillerson កាលពីសប្តាហ៍មុនបានបដិសេធក្នុងការបញ្ជាក់ថា លោកបានហៅលោកប្រធានាធិបតីបែបនោះ ហើយលោក Trump បាននិយាយថា របាយការណ៍ទាំងនោះគឺជាព័ត៌មានក្លែងក្លាយ។ ក្នុងអំឡុងពេលបទសម្ភាសន៍មួយ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា គាត់នឹងប្រៀបធៀបពិន្ទុកម្រិតនៃការវៃឆ្លាត ​(IQ) ជាមួយលោក Tillerson បើសិនជារដ្ឋមន្រ្តីរបស់គាត់ពិតជាបានលើកឡើងបែបនោះមែន។
វាមិនច្បាស់ទេថា លោក Trump អាចនឹងដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយសម្រាប់       បណ្តាញព័ត៌មានធំៗណាមួយនោះ ដោយគ្រាន់តែគាត់មិនយល់ស្របចំពោះខ្លឹមសារដែលពួកគេផ្សាយ។
ទាំង NBC ឬ ABC មិនបានចេញផ្សាយសេចក្តីថ្លែងការណ៍បន្ទាប់ពីការបង្ហោះនៅលើ Tweet ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋាភិបាលបានចូលរួមផ្តល់យោបល់លើបញ្ហានេះ។ ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យលោក Ed Markey បានសរសេរទៅប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) លោក Ajit Pai កាលពីថ្ងៃពុធ ដោយជំរុញឱ្យលោកជំទាស់សំណើរបស់លោកប្រធានាធិបតី ដើម្បីដកអាជ្ញាប័ណ្ណដោយសារតែការផ្សព្វផ្សាយ។
លិខិតនោះសរសេរថា «វាមិនសមរម្យសម្រាប់លោកប្រធានាធិបតី ដើម្បីស្នើឱ្យសើរើ អាជ្ញាប័ណ្ណផ្សព្វផ្សាយ ដោយសារតែគាត់មិនយល់ស្របនឹងការផ្សព្វផ្សាយរបស់ពួកគេ»។     «វិសោធនកម្មដំបូងគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យរបស់យើង ហើយសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការអប់រំសាធារណជនអាមេរិក និងរៀបចំឲ្យមន្ត្រីជាប់ឆ្នោតមានការទទួលខុសត្រូវ។ រាល់ការប៉ាន់ស្មានដែលថា មន្រ្តីជាប់ឆ្នោតអាចប្រើអំណាចរដ្ឋាភិបាលដើម្បីគ្រប់គ្រង និងរឹតត្បិតសារព័ត៌មាននឹងបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃសេរីភាពសារព័ត៌មាន។»
គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលគ្រប់គ្រងការផ្តល់អាជ្ញាប័ណ្ណគឺជាភ្នាក់ងារឯករាជ្យមួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធ ហើយមិនត្រូវបានតម្រូវឱ្យធ្វើតាមការបញ្ជាដោយផ្ទាល់ពីសេតវិមាន ដូចដែលស្ថាប័ននីតិប្រតិបត្តិជាច្រើន និងក្រសួងយុត្តិធម៌ជាដើម។ ខណៈដែលគណៈកម្មការ FCC ត្រូវបានតែងតាំងដោយប្រធានាធិបតី និងត្រូវបានអនុម័តដោយព្រឹទ្ធសភា ភាពឯករាជ្យគួរសមរបស់ទីភ្នាក់ងារគឺត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងស្ថានការណ៍ ដែលមាននរណាម្នាក់នៅក្នុងស្ថាប័ននីតិប្រតិបត្តិមានបំណងធ្វើឲ្យខូចខាតដល់ការការពារសេរីភាពបញ្ចេញមតិ ដែលផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយដែលមានអាជ្ញាប័ណ្ណ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកយកព័ត៌មានជនជាតិអាមេរិកម្នាក់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារនៅតុលាការ Turkish គឺជាកន្លែងដែលលោកស្រីជាប់ពិរុទ្ធពីបទឃោសនាភេរវកម្ម។ ការជាប់ឃុំឃាំងនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគូសបញ្ជាក់ពីការបង្កើនការវាយប្រហារទៅលើអ្នកកាសែតនៅក្នុងប្រទេសនោះ ដែលត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការ       បង្ក្រាបរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Recep Tayyip Erdogan ទៅលើសេរីភាពសារព័ត៌មាន។
ឆ្លើយតបទៅនឹងការសញ្ជឹងគិតរបស់លោក Trump អំពីការដកហូតអាជ្ញាប័ណ្ណ សម្រាប់បណ្តាញផ្សព្វផ្សាយដែលរិះគន់គាត់ អតីតរដ្ឋអាជ្ញាសហព័ន្ធអាមេរិក និងអ្នករិះគន់ Trump ញឹកញាប់លោក Preet Bharara បានហៅប្រធានាធិបតីថា មនុស្សចរិកក្មេង៕
ប្រភព: The Independent ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧



No comments:

Post a Comment