Thursday, October 12, 2017

តើអ្នកណាជាអ្នករំលោភឆន្ទៈរាស្ត្រ?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ក្នុងពេលដែលគណបក្សសាង្គ្រោះជាតិ ត្រូវប្រឈមមុខនឹងការរំលាយ ស្របតាមទង្វើល្មើសរបស់ខ្លួន ចំពោះច្បាប់ស្តីពីគណបក្សនយោបាយ  ហើយអសនៈរបស់ខ្លួន នឹងត្រូវបែងចែកឲ្យគណបក្សនានា ដែលប្រកួតប្រជែងក្នុងការបោះឆ្នោត ។
លោក សុខ ឥសាន បន្តថា ក្នុងករណីនេះ ក្រុមអ្នកវិភាគ និងមជ្ឈដ្ឋានប្រឆាំង បាននិយាយថា ជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភឆន្ទៈរបស់ប្រជារាស្ត្រ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនបានចោទជាសំនួរថា៖

– តើគណបក្សប្រឆាំង ដែលមិនចូលប្រជុំសភាដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ក្រោយការបោះឆ្នោត គោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើគណបក្សប្រឆាំង មិនចូលប្រជុំរដ្ឋសភារាប់ខែ ជាការគោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើគណបក្សប្រឆាំង មិនបានបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រ ហើយបើកប្រាក់បំណាច់ រាល់ខែ ជាថវិការដ្ឋនោះ ជាការគោរពឆន្ទៈរាស្ត្រ ប្ញរំលោភឆន្ទៈរាស្ត្រ ?

– តើមេដឹកនាំបក្សប្រឆាំង និងបក្សប្រឆាំងដែលទទួលអនុវត្តផែនការរបស់បរទេស យុទ្ធសាស្ត្រ យុទ្ធវិធី ឧបាយកលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាការគោរពឆន្ទៈរាស្ត្រ ប្ញជាការរំលោភឆន្ទៈរាស្ត្រ ?

– តើការដែលគណបក្សប្រឆាំងចង់នាំមកនូវគ្រោះមហន្តរាយពីអតីតកាល បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ការរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជន ជាការគោរពឆន្ទៈរាស្ត្រ ប្ញ រំលោភឆន្ទៈរាស្ត្រ ?

-តើប្រជារាស្ត្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកហើយ ដើម្បីឲ្យមកធ្វើការបម្រើរាស្ត្រ ប្ញ ដើម្បីមកបង្កើតអំពើអនាធិបតេយ្យក្នុងសង្គមមិនចេះចប់ ដើរបោកប្រាស់ប្រជារាស្ត្រ ជាបន្តបន្ទាប់ បង្កចលាចលក្នុងសង្គមប្ញ ?

សូមបញ្ជាក់ថា មេបក្សប្រឆាំងត្រូវចាប់ខ្លួន និងបក្សប្រឆាំងអាចត្រូវរំលាយ អាស្រ័យដោយទង្វើ បំពានច្បាប់ធ្ងន់ធ្ងររបស់ខ្លួនតែប៉ុណ្ណោះ គ្មានការធ្វើទុក្ខបុកម្នេញពីខាងក្រៅណាឡើយ។  តើបញ្ហាដែលកើតឡើង ដោយសារអ្នកណា ? ហើយអ្នកណាគោរពឆន្ទៈរាស្ត្រ ប្ញអ្នកណារំលោភឆន្ទៈរាស្ត្រ?


No comments:

Post a Comment