Thursday, October 12, 2017

រដ្ឋបាលគយកម្ពុជា-ថៃ បើកកិច្ចប្រជុំចរចាបញ្ចប់ សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា (មន្រ្តីគយ និងតំណាងក្រសួងពាណិជ្ជកម្ម) ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលគយថៃ ដើម្បីចរចាបញ្ចប់សេចក្តី ព្រាង អនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ និងគ្រោងចុះហត្ថលេខា លើអនុស្សារណៈយោគយល់ គ្នានេះ ឱ្យបានមុនកាលបរិច្ឆេទច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្របតាមស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ។

គោលបំណងនៃការរៀបចំអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់នេះ គឺជាការបំពេញលក្ខខណ្ឌ ដើម្បីផ្តល់ភាពស្របច្បាប់ ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់ គយថ្មីរបស់ប្រទេសថៃ។ អង្គប្រជុំបានពិភាក្សា និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ ១-ភាគីទាំងពីរបាន ឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ មានប្រាំពីរមាត្រា។ ខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នានេះ មិនត្រឹមតែបានបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ ស្តីពីការដឹក ជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់ផលប្រយោជន៍ដល់កម្ពុជាបន្ថែមទៀត លើការពង្រឹងការគ្រប់គ្រង អនុលោមភាពលើទំនិញ នាំចូល មកកម្ពុជា ដោយឆ្លងកាត់ប្រទេសថៃ។ ២-បានឯកភាពកំណត់មាត់ច្រកចំនួន ០៦ សម្រាប់ដឹកទំនិញឆ្លងកាត់ តាមផ្លូវគោក ទៅកាន់ឬមកពីប្រទេសទីបី។ ៣-បានឯកភាពលើកាលបរិច្ឆេទ ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺឱ្យបានមុនច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ភាគីទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ លើការផ្លាស់ប្តូរព័ត៌មាន សម្ងាត់ឱ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់និងបង្រ្កាបអំពើគេចរត់ពន្ធ និងជំរុញកិច្ចសហការលើការងារ «យន្តការលើកទឹកចិត្តពាណិជ្ជករល្អបំផុត» និង «ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត» (Best Traders Incentives Mechanism and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេស ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ៕




No comments:

Post a Comment