Thursday, October 12, 2017

រដ្ឋសភាអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដោយសមាជិកសភា ៦៧រូប

សេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ដោយសមាជិកសភាមកពី គណបក្សប្រជាជន កម្ពុជាចំនួន ៦៧រូប។
លោកស្រី ងិន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់) បានថ្លែងថា សេចក្តីព្រៀងច្បាប់នេះ បានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ និងជាច្រើនដំណាក់កាលរបស់ គណៈកម្មការ។ បន្ទាប់ពីការពិនិត្យមើលឃើញថាត្រឹមត្រូវហើយនោះ សេចក្តីព្រៀងច្បាប់នេះមិនបានកែប្រែ ខ្លឹមសារដើមនោះឡើយ។
លោកស្រី ងិន សាផុន បានបន្តថា ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ ធ្វើឡើងសម្រាប់ការពារដល់ផលិតកម្ម និង ឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមក លក់នៅ កម្ពុជា ព្រមទាំង ផ្តល់ទំនុកចិត្ត និងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុក និងបរទេស ដែលបានបណ្តាក់ទុន នៅកម្ពុជា តាមរយៈការដាច់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានាសម្រាប់ជួយ ធានាដល់ការប្រកួត ប្រជែងដោយសុច្ចរឹត និងស្មោះត្រង់ រវាងផលិតករ ពាណិជ្ជករ ដែលផលិត និងលក់ផលិតផលក្នុងស្រុក ជាមូយនិងផលិតករបរទេស និងពាណិជ្ជករ ដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។
លោកស្រី បានបន្ថែមថា ច្បាប់នេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាង គំហុក នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុងស្រុក និង វិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក៏នឹងផ្តល់ លទ្ធភាព ក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផល នាំចូលដែលអាចបង្កមហន្តរាយដល់ ផលិតកម្ម និងឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជា បានចង និងបានសន្យានៅក្នុងក្របខ័ណ្ឌអង្គ ការពាណិជ្ជកម្មពិភពលោកប្រសិនបើចាំបាច់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ច្បាប់ឧបាស្រ័យពាណិជ្ជកម្មនេះ ជាកាតព្វកិច្ច ដែលកម្ពុជា ត្រូវបំពេញតាមការទាមទារអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយ ជាសមាជិកនៃអង្គការមួយនេះកាលពី១៣ឆ្នាំមុន (១៣ តុលា ២០០៤-១៣ តុលា ២០១៧)។
លោករដ្ឋមន្រ្តីបន្តថា សេចក្តីព្រៀងច្បាប់ស្តីពីឧសបាស្រ័យពាណិជ្ជកម្មនេះ គឺផ្អែកលើច្បាប់គំរូរបស់អង្គការ ពាណិជ្ជកម្មពិភពលោក និងមានសុគតភាពជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយអនុលោមតាមច្បាប់នានារបស់ច្បាប់កម្ពុជាផងដែរ៕






No comments:

Post a Comment