Thursday, October 12, 2017

សេចក្តីរាយការណ៍​ពិសេស៖​ មាន ៧ ចំណុច​ដែលត្រូវ​តាមដាន​ នៅឯសមាជបក្ស​លើកទី ១៩​ របស់ចិន​

​​​​​​​​​​​​​​​​​​​​​​​​​សមាជ​បក្ស​លើក​ទី​១៩ របស់​ចិន (19PC) នឹង​ឆ្លើយ​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ ដែល​កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​ឃ្លាំ​មើល​ប្រ​ទេស​ចិន​មាន​ចិត្ត​អន្ទៈ​សារ​ចង់​ដឹង៖ ថាតើ​លោក Xi Jinping នឹង​បន្ត​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី​ទៀត​ឬ? តើ​អំណាច​នោះ​នឹង​ក្លាយ​ជា​ការ​ប្រ​មូល​ផ្តុំ​របៀប​ណា? នៅ​ក្នុង​សេចក្តី​រាយ​ការ​ណ៍​ពិ​សេស​នេះ លោក James Tunningley ដែល​ជា​អ្នក​យក​ព័ត៌​មាន​ឱ្យ​សារ​ព័ត៌​មាន Global Risk Insights បាន​បង្ហាញ​នូវ​ការ​ណែនាំ​អំពីអ្វី​ដែល​ត្រូវ​រំពឹង​ទុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី​១៨ ខែ​តុ​លា​ គឺ​ជា​សមាជ​បក្ស​លើក​ទី​១៩ (19PC) នៃ​បក្ស​កុម្មុយ​នីស្តចិន (CCP) នឹង​បើក​វិ​មាន​រដ្ឋាភិបាល​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង។ គណៈ​ប្រ​តិ​ភូ​ប្រ​ហែល ​​៣.០០០ នាក់ ដែល​តំណាង​ឱ្យ​សមាជិកបក្ស​កុម្មុយ​នីស្តជិត ៩០ លាន​នាក់​ទូទាំង​ប្រ​ទេស​ចិន ត្រូវ​បាន​គេ​ជ្រើស​ឱ្យ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍​នេះ។ រៀប​ចំ​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ម្តង ការ​ធ្វើ​សមាជ​​បក្ស​នេះ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មាធិ​ការ​មជ្ឈឹម​បក្ស​ថ្មី (សមាជិក ២០៥ រូប និង​សមា​ជិក​បម្រុង ​១៧១ រូប) ដែល​ត្រឡប់​មក​វិញ នឹងបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ការិយា​ល័យ​នយោ​បាយ​ចំនួន ២៥ រូប និង​គណៈ​កម្មាធិ​ការ​នាយក​ទទួល​បន្ទុក​នយោ​បាយ​ចំនួន ៥-៩ រូប។

តាម​មនោ​គមវិទ្យាបុរាណ​របស់​ខុង​ជឺ លេខ ​៧ ត្រូវ​បា​ន​គេ​ចាត់​ទុក​ថា តំណាង​ឱ្យ​ភាព​សុខដុម​រម​នា​។ ហើយ​មាន​រឿង​មួយ​ដែល​លោក Xi នឹង​សង្ឃឹម​​នៅឯ​សមាជ​បក្ស​លើក​ទី​ ១៩ ខណៈ​ដែល​គាត់​ព្យាយាមដើម្បី​ពង្រឹង​​ក្តោប​ក្តាប់​អំណាច​របស់​គាត់​ វា​គឺ​ភាព​សុខ​ដុម​រម​នា។ ដូច្នេះ​នេះ​គឺ​ជា​រឿង​សំខាន់ៗ​ទាំង​ ៧ ដែល​ត្រូវ​ឃ្លាំ​មើល​នៅ​ឯ​សមាជ​បក្ស​លើក​ទី​១៩៖

 ១. ការ​ពង្រឹង​អំណាច​របស់​លោក Xi Jinping

លោក Xi Jinping ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី អគ្គ​មេ​បញ្ជាការ អគ្គលេខា​ធិការ​នៃ​គណបក្ស CCP ដែល​កំពុង​តែ​គ្រប់​គ្រង​អំណាច ប្រ​ធាន​គណៈ​កម្មការ​យោ​ធា​មជ្ឈឹម (CMC) និង​ជា​មេដឹក​នាំ​ស្នូល​យ៉ាង​ហោច​ណាស់​ក៏​មួយ​អាណត្តិ​ទៀត​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​ទំនង​ផង​ដែរ​ថា គាត់​នឹង​មាន​បំណង​ដើម្បី​ពង្រឹង​តំណែង​របស់​គាត់​ក្នុង​គោល​បំណង​បន្ត​អំណាច​ទៅ​ហួស​ពី​ឆ្នាំ ​២០២២ និង​ធ្វើ​ជា​ប្រ​ធា​នា​ធិប​តី​អាណត្តិ​ទី៣។ ច្បាប់​ចិន​បាន​ចែង​ថា ប្រ​ធា​នា​ធិប​តី​ចិន​មិន​អាច​កាន់​តំណែង​ឱ្យ​លើស​ពី​ ១០ ឆ្នាំ​ឡើយ ឬក៏​២ អាណត្តិ​ជាប់ៗ​គ្នាទេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិនមាន​ការ​កំណត់​តាម​ផ្លូវ​ច្បាប់ ​ស្តី​អំពី​រយៈ​ពេល​នៃ​ការ​កាន់​តំណែង​ជា​អគ្គលេ​ខា​ធិ​ការ ឬ​ប្រ​ធាន​ CMC ឡើយ​។

 ២. ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ

រដ្ឋ​ធម្ម​នុញ្ញ​របស់​ចិន ​មាន​សេចក្តី​យោង​ដល់​ការ​រួមចំណែក​របស់​មេ​ដឹក​នាំ​នៃ​ប្រ​ទេស​នេះ ដែល​បាន​ធ្វើឱ្យ​​មាន​មនោ​គម​វិទ្យា​ជា​ផ្លូវ​ការ​នៃ​គណបក្ស CCP។ រដ្ឋ​ធម្ម​នុញ្ញ​បច្ចុប្បន្ន​នេះ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​​របស់​ ម៉ៅ សេទុង​ ទ្រឹស្តី​របស់ Deng Xiaoping កេរ្តិ៍​តំណែល​ស្តី​ពី​ទ្រឹស្តី​ទាំង ​៣ របស់ ​Jiang Zemin និង​ទស្សនៈវិស័យ​​វិទ្យា​សាស្ត្រ និងការ​អភិ​វឌ្ឍរបស់ Hu Jintao។ មាន​តែ​ ម៉ៅ និង​ Deng ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ចំៗ

 ៣. ច្បាប់​ស្តី​ពី​ការ​ចូល​និវត្តន៍

ច្បាប់​ស្តីពី​​ការកំណត់​អាយុ​ចន្លោះ​ពី ​៦៧ ទៅ ​៦៨ ឆ្នាំ ត្រូវ​បានគេ​កែ​ប្រែ​ក្នុង​អំឡុង​ពេល​សមា​ជ​​ខាង​មុខ​នេះ។ ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​អនុ​វត្ត​ន៍​នៅ​ឆ្នាំ ​២០០២ បាន​ចែង​ថា មន្រ្តី​ដែលមាន​អាយុ​ ៦៨ ឆ្នាំ​ ឬ​ក៏​ចាស់​ជាង​នេះមិន​អាច​កាន់​តំណែង​អាណត្តិ​ថ្មី​នៅក្នុង​​គណៈ​កម្មាធិ​ការ​នាយក​ទទួល​បន្ទុក​នយោ​បាយ​បាន​ទេ​ ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​ដ៏​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រ​ទេស​ចិន។

 ៤. អនា​គត​របស់​លោក Wang Qishan

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះលោក Wang Qishan គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទាយ​ទុក​តិច​តួច​នៅ​សមាជ​បក្ស​លើក​ទី​១៩។ លោក Wang បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ បន្ទាប់​ពី​​កិច្ច​ប្រ​ជុំ​សម្ងាត់​ប្រ​ចាំ​ឆ្នាំនៅ​ឯ Beidaihe ជា​ទី​កន្លែង​ដែល​សមា​ជិក​គណ​បក្ស CCP ទាំង​អ្នក​ដែល​កំពុង​កាន់តំណែង និង​ចូល​និវត្តន៍​ បាន​ប្រ​មូល​ផ្តុំគ្នា​ដើម្បី​ពិ​ភាក្សា​គ្នា​ពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ និង​ធ្វើ​កំណែ​ទម្រង់​គោល​នយោ​បាយ។ ស្ថាន​ភាព​នេះ​ហាក់​បី​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញ​ថា គាត់​បាន​រសាត់​ឆ្ងាយៗ​បន្តិច​ម្តងៗពី​ឆាក​នយោ​បាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​លោក Wang លេច​មុខ​ឡើង គាត់​កាន់​តំណែង​ពីរ​ដែល​មាន​មុខ​មាត់​ខ្ពស់ នោះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា គាត់​ជា​មនុស្ស​សំខាន់​។

ប្រ​សិន​បើ​លោក Xi ងាក​ពី​វិ​ធាន​ការ​ដែល​និយាយ​ទាក់​ទង​នឹង​អាយុនោះ ហើយ​ស្វែង​រក​ការ​រៀប​ចំ​ពិ​សេស​ដើម្បី​រក្សា​ទុក​លោក Wang លោក Xi ទំនង​ជា​នឹងស្វែង​រក​តួ​នា​ទី​ដែល​មាន​កិត្យា​នុ​ភាព​ផ្សេង​​ទៀត​ឱ្យ​ទៅ​​លោក Wang ។ មាន​ការ​លើក​ឡើង​ផង​ដែរថា ​លោក Wang អាចនឹង​ជំនួស​តំណែង​លោក Li ជា​នាយក​រដ្ឋ​មន្រ្តី។

៥. តើ​អ្នក​នយោ​បាយ​សំខាន់ៗ​ណា​ខ្លះ​ដែល​នឹង​ត្រូវ​ជម្រុះ​ចេញ

នៅ​ក្នុង​​គណៈ​កម្មាធិ​ការ​នាយក ដូចដែល​បាន​កត់​សម្គាល់​ខាង​លើ សមា​ជិក​ចំនួន ​៤ រូប​គឺ​ដល់​អាណត្តិ​ដែល​ត្រូវ​ចូល​និវត្តន៍​ហើយ។ អ្នក​ទាំង​នេះគឺ​មានលោក Zhang Dejiang ដែល​ជា​ប្រ​ធាន​សភា​​ប្រ​ជាជន​ចិន (NPC) លោក Yu Zhengsheng ដែល​ជា​ប្រ​ធាន​សន្និ​សីទពិគ្រោះ​យោបល់​នយោ​បាយ​ប្រ​ជា​ជន​ចិន លោក Liu Yunshan ដែល​ជា​លេ​ខា​ធិ​ការ​នៃ​លេខាធិ​ការ​ដ្ឋាន និង​ជា​មេ​ដឹក​នាំ​ក្រុម​ឈាន​មុខ​ផ្នែក​ឃោសនា​ការ និង Zhang Gaoli ដែល​ជា​ឧប​នាយក​រដ្ឋ​មន្រ្តី។

៦. តើនរ​ណា​នឹង​ឈាន​ឡើង​ទៅ​កាន់​គណៈ​កម្មាធិ​ការ​នាយក?

លោក Xi និង​លោក Li Keqiang ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​បច្ចុ​ប្បន្ន អ្នក​ទាំង​ពីរ​ទំនង​ជា​នឹង​កាន់​អំណាច​បន្ត ទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក Li អាច​នឹង​ចាកចេញ​ពី​មុខ​តំណែង​របស់​គាត់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​គណៈ​កម្មាធិ​ការ​នាយក ដោយ​ក្លាយ​ទៅ​ជា​ប្រ​ធាន​សភា​​ប្រ​ជា​ជន​ចិន។ លោក Li Zhanshu ដែល​ជា​នាយក​បច្ចុប្បន្ននៃ​ការិយាល័យ​ទូ​ទៅ​របស់​គណ​បក្ស CCP បាន​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចាត់​តាំង​ឡើង ទំនងនឹង​​ក្លាយ​​ទៅ​ជា​ប្រ​ធាន​គណៈ​កម្មការ​មជ្ឈឹម​​សម្រាប់​ការ​ត្រួត​ពិ​និត្យ​វិន័យ តាម​ពិត​មាន​ការ​លើក​ឡើង​ថា លោក Wang Qishan ប្រាកដ​ជា​នឹង​ចាក​ចេញ។ ឧប​នាយក​រដ្ឋ​មន្រ្តី Wang Yang ក៏​មាន​ឱ​កាសល្អ​​នឹង​ឈាន​ឡើង​ផង​ដែរ ទំនងជា​នឹង​ក្លាយ​ទៅ​ជា​ប្រ​ធាន​សន្និ​សីទពិគ្រោះ​យោ​បល់​នយោ​បាយ​របស់​ប្រ​ជា​ជន​ចិន ទោះបី​ជា​លោក ​Wang មិន​សូវ​មាន​មុខ​មាត់​ក៏​ដោយ ហើយ​គាត់​​អះអាង​ថា​ នឹង​គ្មាន​បំណង​ទៅ​កាន់​តំណែង​​នៅក្នុង​​គណៈ​កម្មាធិ​ការ​នាយក​ទេ។

៧. អាសនៈ​នៅ​ក្នុង​គណអចិន្ត្រៃយ៍បក្ស

រឿង​ចុងក្រោយ​ដើម្បី​ក្រឡេក​មើល​ថា នឹង​មាន​អាសនៈ​ប៉ុន្មាននៅ​ក្នុង​គណអចិន្ត្រៃយ៍ដែល​អាច​ផ្លាស់​ប្តូរ​ ដែល​អាស្រ័យ​ទៅ​លើ​ថា​ នរ​ណានឹងឡើង ឬ​ធ្លាក់​នោះ​ទេ។ តាម​ប្រ​វត្តិ​សាស្រ្ត វា​អាច​មាន​ចាប់​ពី​៥ ទៅ​៩ អាសនៈ​​ ហើយ​មាន​ការ​រអ៊ូ​រទាំច្រើននៅ​ដើម​ឆ្នាំ​២០១៧ ថា លោក Xi ប្រ​ហែល​ជា​កាត់​បន្ថយ​ចំនួន​អាសនៈ​នៅ​ក្នុង​គណអចិន្ត្រៃយ៍​ចាប់​ពី​ ៧ រហូត​ដល់​ ៥​ អាសនៈ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មតិ​ភាគ​ច្រើន​ពី​ការ​ព្យាករ​ណ៍​របស់​សមាជ​បក្ស​លើក​ទី​ ១៩ ដែល​ឥឡូវ​​នេះ គេ​ជឿ​ថា វា​នឹង​មាន ​៧ អាសនៈ ។ ស្ថាន​ភាព​នេះ គឺវា​​ស្របគ្នាទៅ​នឹង​ការពិត​ដែលថា នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២ ចំនួន​អាសនៈ​បាន​ផ្លាស់​ប្តូរ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០០៧ វា​នៅ​ដដែល៕​

ប្រភព: Global Risk Insights ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧


No comments:

Post a Comment