Friday, November 06, 2015

សម្តេចតេជោ ស្នើឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែម ចំពោះការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ

នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានសំដែង​ការព្រួយបារម្ភ ​អំពីការធ្លាក់​ចុះនូវអត្រា បំបៅ​កូនដោយ​ទឹកដោះម្តាយ ​ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុង​ក្រោយនេះ។ ​ផ្អែកតាមសារ​ របស់សម្តេចតេជោ​ ហ៊ុនសែន ​ក្នុងឱកាស​ទិវាជាតិអាហារ​រូបត្ថម្ភលើកទី​ ២ នៅថ្ងៃ​ទី០៦ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថា ​«ថ្វីត្បិត​រាជរដ្ឋាភិបាល ​បានដាក់ចេញ​នូវវិធាន​ការជាច្រើន ​ដើម្បីលើកកម្ពស់​ ការបំបៅ​កូនដោយ​ទឹកដោះម្តាយ ​តែអត្រាស្រ្តីបំ​បៅកូនដោយ​ទឹកដោះម្តាយ​ មានការថយចុះគួរឱ្យកត់​សម្គាល់ ​បើយោងតាម​របាយការណ៍​អង្កេតសុខភាព ​និងប្រជាសាស្រ្តឆ្នាំ២០១៤»​។

យោងតាម​របាយការណ៍​ប្រជាសាស្ត្រ ​ដែលបាន​លើកឡើងក្នុង ​ទិវាជាតិ​អាហាររូបត្ថម្ភ ​លើកទី២ ​បានបង្ហាញថា៖ ​អត្រាបំបៅ​កូនដោយ​ទឹកដោះម្តាយ​តែមួយមុខគត់សម្រាប់កុមារអាយុពី០-៦ខែដំបូង ​បានធ្លាក់​ចុះពី ៧៣,៥% ​ក្នុងឆ្នាំ២០១០ ​មកត្រឹម​ ៦៥% ​ក្នុងឆ្នាំ២០១៤។ ​បន្ថែមពី​លើនេះការបន្ត​បំបៅកូនដោយ​ទឹកដោះម្តាយ​សម្រាប់កុមារ​អាយុពី ១​២ដល់១៥ខែ ​ក៏មានការ​ធ្លាក់ចុះផងដែរ​។

សម្តេចតេជោ ​បានលើកឡើង​ក្នុងសារថា​ បច្ចុប្បន្ន​កុមារអាយុក្រោ​ម៥ឆ្នាំ ​ម្នាក់ក្នុង​ចំណោម បីនាក់​នៅកម្ពុជា ​មានសភាព​ក្រិសក្រិន ​(កម្ពស់ទាប​ធៀបនឹងអាយុ) ​ម្នាក់ក្នុងចំណោម​បួននាក់ មាន​ទម្ងន់មិន​គ្រប់គីឡូ ​(ស្គមខ្លាំង​ធៀបនឹងអាយុ)​ ហើយម្នាក់​ក្នុងចំណោម​ដប់នាក់​ បានទទួលរង ​ឥទ្ធិពលបញ្ហា​កង្វះអាហាររូបត្ថម្ភ​ស្រួចស្រាវ ​ធ្ងន់ធ្ងរជាលក្ខខណ្ឌ​មួយគំរាមកំហែង ​ដល់ជីវិតកុមារ​ ដែលតម្រូវ​ឲ្យមានការព្យាបាល​ជាបន្ទាន់។ ​ជាទូទៅកត្តា​ដែលរួមចំណែក​ធ្វើឲ្យកុមារ​មានបញ្ហា ​កង្វះអាហារ​រូបត្ថម្ភ ​រួមមាន៖ ​ការថយចុះ​នូវការអនុវត្ត​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ ទៅតាម​អនុសាសន៍​ដែលបាន​ណែនាំ ​និងការផ្តល់អាហា​របន្ថែមមិនបាន​គ្រប់គ្រាន់ដល់​កុមារ។

លើសពីនេះ ​ក្នុងឱកាស​ទិវាជាតិអា​ហារូបត្ថម្ភ​លើកទី ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ​ក៏បានអំពាវនាវ​ឱ្យភាគីពាក់​ព័ន្ធទាំងអស់ ​ដែលកំពុង​ធ្វើការលើ​ផ្នែកគាំពារមាតានិងទារក ​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​ ឱ្យបន្តកិច្ច​ប្រឹងប្រែង ​និងសកម្មភាព ​ដើម្បី៖ ​១-បង្កើនកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹងមាំដើម្បីធានាឱ្យ​បាននូវអាហារ​រូបត្ថម្ភសម្រាប់មាតានិងកុមារ​ ដែលក្នុងនោះកា​របំបៅកូនដោយ​ទឹកដោះម្តាយគឺជាការ​វិនិយោគដ៏ប្រ​សើរបំផុត ​ដើម្បីកាត់បន្ថយបញ្ហាកង្វះ​អាហារូបត្ថម្ភ​, ២-បន្តយុទ្ធនាការ​អប់រំផ្សព្វផ្សាយ ​អំពីសារៈសំខាន់នៃការបំបៅកូនដោយទឹក​ដោះ​ម្តាយ ទាំងនៅ​ថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ,​ ៣-បន្តផ្តល់​សេវា សុខភាព ​និងយកចិត្តទុកដាក់​ថែទាំមាតានិងទារកតាម​រយៈការពង្រីក​បន្ថែមមន្ទីរពេទ្យ ​និងសហគមន៍ ស្រ​ឡាញ់ទារក​នៅទូទាំង​ប្រទេសកម្ពុជា,​ ៥-ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ ​និងឯកជនត្រូវបន្តផ្សព្វ​ផ្សាយ និង​បង្កើតកម្មវិធី​ផ្សេងៗឱ្យសកម្ម​ពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ​និងការបំបៅកូនដោយទឹក​ដោះម្តាយប្រកបដោយ​អត្ថន័យ ​និងខ្លឹមសារអប់រំ​





No comments:

Post a Comment