Friday, November 06, 2015

រាជរដ្ឋាភិបាលសម្រេច បង្វែរការគ្រប់គ្រងការលក់សំបុត្រចូលទស្សនា តំបន់អង្គរ ពីឯកជន មករដ្ឋវិញ

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធីបតីភាព សម្តេចតេជោ ហ៊ុន សែន ដោយអង្គប្រជុំនៅព្រឹកនេះ បានសម្រេចបង្កើត គ្រឹះស្ថានសាធារណៈ ដើម្បីគ្រប់គ្រងការលក់សំបុត្រចូលទស្សនា តំបន់អង្គរពីក្រុមហ៊ុន សុខ គង់ វិញហើយ នឹងប្រគល់ឲ្យក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួង រៀបចំគណៈកម្មាធិការនេះវិញ
ផ្អែកតា​មសេចក្តីប្រកាស​ព័ត៌មាន​ ស្តីពីលទ្ធផល​នៃសម័យប្រ​ជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ​ចេញផ្សាយ នៅរសៀល​ថ្ងៃទី ០៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថា ​យោងតាម​សំណើរបស់​ក្រុមហ៊ុន សុខា​អូតែល រាជ​រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កិច្ចសន្យា ​​ស្តីពីការ​ប្រមូល​ចំណូល​ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​​អង្គរ ជាមួយ​ក្រុម​ហ៊ុន​សុខា​អូតែល និងបាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ សហការជាមួយក្រសួងស្ថាប័ន​ពាក់​ព័ន្ធ ​រៀប​ចំ​​បទដ្ឋានគតិយុត្ត ក្នុង​ការបង្កើត និងការដាក់​ឲ្យ​ដំណើរការសហគ្រាសសាធារណៈ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​មួយ ដើម្បីគ្រប់​គ្រង​ការងារ​នេះ។


សហគ្រាស​សាធារណៈ​នេះ ​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ការងាររបស់ខ្លួន នៅ​ដើម​ខែ​មករា ឆ្នាំ២០១៦ ខាងមុខ​​តទៅ។ ម្យ៉ាងវិញទៀត បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូលចំណូលនេះ នឹង​បន្ត​ការ​ងារ​របស់ខ្លួន​ដដែល ​ក្រោមការគ្រប់​គ្រងរបស់ សហគ្រាស​សាធារណៈនេះ​៕


No comments:

Post a Comment