Tuesday, August 11, 2015

ឯក​ឧត្តម​ រៀល​ ខេម​រិន្រ្ទ ​ត្រូវបានគេ​ប្តឹង​ទៅកាន់​​ ACU​ ពីបទ​កេង​ប្រវ័ញ្ច​ប្រាក់​​៥៥,០០០​ដុល្លារ​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ ឱម​ យ៉ិន​ទៀង​ បាន​ស្នើ​ទៅ​កាន់​ឯកឧត្តម​ រៀល ​ខេមរិន្រ្ទ​ ឲ្យ​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​ចោទ​ប្រកាន់​ដែល​ថា ​រូប​លោក​ថា​ « បាន​កេង​ប្រវ័ញ្ច​យក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាម៉េរិក​ ពី​ការ​រៀប​ចំ​ដំណើរ​ទៅ​ព្រំដែន​ កម្ពុជា​-វៀតណាម​» នេះ​បើ​យើង​តាម​លិខិត​ចុះ​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ផ្ញើជូន​ឯកឧត្តម​ រៀល​ ខេមរិន្ទ្រ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។
ដូច​ជម្រាប​ជូន​ក្នុង​កម្មវត្ថុ​ខាង​លើ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​(អ.ប.ព) ​បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​ ៣ ដែល​ក្នុង​នោះ​ពាក្យប្តឹង​មួយ​បាន​ឱ្យ​ដឹង​ថា ​ទឹក​ប្រាក់​ ១៥.០០០​​ដុល្លារ​។ ពាក្យ​ប្តឹង​មួយ​ទៀត​បាន​ឱ្យ​ដឹង​នូវ​ទឹក​ប្រាក់​ ២០.០០០​​ដុល្លារ​ និង​ពាក្យ​បឹ្តង​ទី ៣​ ឱ្យ​ដឹងថា ​មាន​ទឹក​ប្រាក់​ ២០.០០០​ដុល្លារ​ (សរុប​ពាក្យ​ប្តឹង​ទាំង​ ៣​ មាន​ទឹក​ប្រាក់​ ៥៥​.០០០​​ដុល្លារ​ (ប្រាំម៉ឺន​ប្រាំពាន់​ដុល្លារ​អាមេរិក​) ដែល​ ឯកឧត្តម​ បាន​ទទួល​យក​ទៅ​រៀបចំ​ដំណើរ​ទៅមើល​បង្គោល​ព្រំដែន​ ហើយ​ទឹកប្រាក់​ភាគ​ច្រើន​នៃ​ថវិកា​នេះ​ ត្រូវ​បាន​ ឯកឧត្តម​កេង​ប្រវ័ញ្ច​យក​។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បានស្នើ​ សូម​ ឯកឧត្តម​ រៀល​ ខេមរិន្ទ្រ​ ធ្វើការ​បំភ្លឺ​ដោយ​ភ្ជាប់មក​ជាមួយ​នូវ​ឯកសារ​នានា​សម្រាប់​បញ្ជាក់​មក​ជា​មួយ​ ដើម្បី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ធ្វើការ​វាយ​តម្លៃ ​មុននឹង​សម្រេច​បន្ត​នីតិ​វិធី​របស់​ខ្លួន​៕

No comments:

Post a Comment