Thursday, November 16, 2017

តុលាការកំពូលបានចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ»

នៅវេលាម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការ​កំពូលបាន​ចាប់​ផ្តើម​បើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមាន​ចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវី​ដើមបណ្តឹង​មាន៤រូប។ ដោយ​ឡែក ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បានដាក់​មេធាវី​ ដើម្បី​ការពារ​ក្តី​នោះ​ទេ។

មាន​អ្នក​ចូល​រួម​ស្តាប់​នៅក្នុងអង្គសវនាការ តែមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ នេះ​ជា​កិច្ច​ការងារ​ដែល​កំ​ណត់​ដោយ​តុលាការ​ ប៉ុន្តែអ្នកចូលរួមតាម​ដានអាចកត់ត្រាបាន។

មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញ​មួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។

ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណប​បរទេស​មួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​ចំនួន​១១៨​រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាក​សកម្មភាពនយោបាយ​៥ឆ្នាំផង​ដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះ​ថ្នាក់​ដឹកនាំ​របស់បក្ស​សង្គ្រោះជាតិ បានកើនដល់១១៨រូបហើយ។

ក្រុមមេធាវីតំ​ណាងដោយ​អាណត្តិរបស់​ក្រសួង​មហាផ្ទៃ ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយ​យោង​តាម​ភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំ​ដែលផ្តល់ជូនតុលាការកំពូល។








No comments:

Post a Comment