Thursday, November 16, 2017

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ តុលាការកំពូលសម្រេចពីបណ្តឹងរំលាយគណបក្សតាមអំណាចច្បាប់! ការមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ជាបទល្មើសព្រហ្មទណ្ឌ!

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតុលាការកំពូលបើកសវនាការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្ដឹងថាបានប្រព្រឹត្តអំពើក្បត់ជាតិនោះ ហើយស្របពេលនេះដែរ ក៏មានដំណឹងលេចឮថា ក្រុមគណបក្សសង្គ្រោះជាតិ បានកកូកកាយសកម្មជនរបស់ខ្លួនមកប្រឆាំងចំពោះការកាត់ក្ដីនេះ។
លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញពន្យល់ថា ច្បាប់បានផ្តល់អំណាចដល់តុលាការកំពូលទទួលពិនិត្យ និងសម្រេចលើបណ្តឹងពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលល្មើសច្បាប់ ហើយសេចក្តីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះ ជាសេចក្តីសម្រេចស្ថាពរបិទការតវ៉ា។
លោក គឹម សន្ដិភាព បានបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ដូចមានកំណត់ក្នុងមាត្រា៤៩ រដ្ឋធម្មនុញ្ញនៃកម្ពុជា ហេតុនេះភាគីទាំងអស់ត្រូវគោរពអនុវត្តនូវសាលដីកាស្ថាពររបស់តុលាការកំពូល។ ការមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
លោក គឹម សន្ដិភាព ធ្លាប់បានបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តនូវវិធានការចាំបាច់ផ្សេងៗ។
លោក គឹម សន្ដិភាព បានថ្លែងថា «ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»៕




No comments:

Post a Comment