Friday, October 13, 2017

ក្រសួងបរិស្ថាន​ រកឃើញ​ជ័យលាភី​យុវជន​ឆ្នើមថ្នាក់ជាតិ​ ជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ២០១៧​

ក្រសួងបរិស្ថាន បានអបអរសាទរដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានប្រកួតឈ្នះដណ្តើមពានមាសជ័យលាភីលេខ១ យុវជនឆ្នើមថ្នាក់ជាតិ ជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧។

ដោយឡែក ជ័យលាភីលេខ២ បានទៅលើសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងជ័យលាភីលេខ៣ស្ទួន បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង។ និស្សិតឆ្នើមរបស់សាកលវិទ្យាល័យចំនួន៤ខាងលើ ក៏ត្រូវបានបំពាក់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ទៅតាមប្រភេទជ័យលាភី ទទួលប័ណ្ណជ័យលាភី និងវិញ្ញាបនបត្រ និងប្រាក់ឧបត្ថម្ភ ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិត។

ពិធីប្រគល់ជ័យលាភីនេះធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពលោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
នៅក្នុងវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧ មានប្រធានបទសំខាន់ចំនួន៣ ដែលនិស្សិតបានប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ គឺ៖ ប្រធានបទទី១ “ការអនុវត្តច្បាប់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិ”, ប្រធានបទទី២ “ទម្លាប់នៃការដុតសំណល់នៅទីចំហរ គួរតែត្រូវបញ្ឈប់” និងប្រធានបទផ្តាច់ព្រ័ត្រទី៣ “ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន”។

សូមបញ្ជាក់ថា វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឲ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព។

ក្រសួងបរិស្ថានសូមឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលចូលរួមនៅក្នុងវេទិកាយុវជនឆ្នើម ដើរតួជាអ្នកផ្សព្វផ្សាយបន្តលើកកម្ពស់កិច្ចគាំពារបរិស្ថាន។ សូមចូលរួមជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កើតបញ្ហាបរិស្ថាននោះទេ។

សូមបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន គឺជាស្ថាប័នដំបូងដែលបានដឹកនាំរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ក្នុងនោះបានរៀបចំតាមកញ្ចក់ទូរទស្សន៍សរុបចំនួន ៣៦លើក ចំណែកការប្រកួតជាលក្ខណៈថ្នាក់ជាតិ គឺមានចំនួន២លើក នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ។

ចំពោះការប្រកួតថ្នាក់ជាតិឆ្នាំ២០១៧នេះ មានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន១៤ មកពីទូទាំងប្រទេស បានបញ្ជូននិស្សិតឆ្នើមរបស់ខ្លួនមកចូលរួមប្រកួត ដែលក្នុងនោះ មានសាកលវិទ្យាល័យមកពីបណ្តាខេត្តចំនួន២ គឺសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាស៊ីមកំចាយមារ នៃខេត្តព្រៃវែង។ ការប្រកួតថ្នាក់ជាតិ ត្រូវបានបែងចែកជា៣វគ្គ គឺ៖ ការប្រកួតវគ្គដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលមានរយៈពេល៣ខែ គិតចាប់ពីខែសីហា រហូតដល់ខែតុលា ឆ្នាំ២០១៧៕


No comments:

Post a Comment