Friday, October 13, 2017

កូនខ្មែរម្នាក់​បានបង្កើត​ម៉ាស៊ីនដោះមីន​ ដើម្បីជួយកម្ពុជា​ ឲ្យរួចផុតពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ លោក Richard នាយកប្រតិបត្តិក្រុមហ៊ុន DeminRobotie ជាកូនខ្មែរម្នាក់ដែលបានបន្តការសិក្សានៅប្រទេសកាណាដា បានបង្កើតម៉ាស៊ីនដោះមីនក្នុងគោលបំណងជាធំគឺដើម្បីជួយកម្ពុជា ឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងជួយពន្លឿនដល់ដំណើរការកម្ចាត់គ្រាប់មីននៅកម្ពុជា។

លោក Richard បានឲ្យដឹងបន្តថា ម៉ាស៊ីនដោះមីននេះត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងធ្វើតេស្តជាច្រើនដងដើម្បីធានាបានថា វាមានប្រសិទ្ធភាពមុននឹងយកមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយម៉ាស៊ីននេះក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើន និងរដ្ឋកាណាដាដែលគាត់រស់នៅផងដែរ។ ម៉ាស៊ីននេះនឹងត្រូវបញ្ជូនមកកម្ពុជា នៅឆ្នាំ២០១៨ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី លី ធុច ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះការបង្កើតម៉ាស៊ីនដោះមីនដើម្បីយកមកជួយប្រជាជនកម្ពុជានេះ ហើយលោកនឹងបន្តការគាំទ្រ សហការគ្រប់បែបយ៉ាងដើម្បីឲ្យគម្រោងមួយនេះទទួលបានជោគជ័យផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ឲ្យរួចផុតពីគ្រោះថ្នាក់បង្កដោយគ្រាប់មីន៕


No comments:

Post a Comment