Friday, October 13, 2017

រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា ចូលរួមប្រជុំជាមួយរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន-ចិន ស្តីពីវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី១៦ នៅប្រទេសសឹង្ហបុរី

សឹង្ហបុរី៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិនលើកទី១៦ នៅប្រទេសសឹង្ហបុរី។

កិច្ចប្រជុំនេះ លោក Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តីដឹក ជញ្ជូនសឹង្ហបុរី និងលោក Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

រដ្ឋមន្ត្រីបានគាំទ្រការឯកភាពគ្នា នៅក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំស្តីពីវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើន ការតភ្ជាប់រវាងរដ្ឋជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋមន្ត្រីបានឯកភាពប្រគល់ភារកិច្ចជូនឧត្តមមន្រ្តី និងក្រុមការងារពាក់ព័ន្ធ ធ្វើការពិភាក្សាអំពីស កម្មភាព តាមដានរបស់ខ្លូន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្លូវថ្នល់, ផ្លូវដែក, កំពង់ផែ, ការដឹកជញ្ជូន តាមផ្លូវទឹក, ផ្លូវសមុទ្រ, និងផ្លូវអាកាស ដើម្បីជំរុញកំណើនលំហូរពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់។

រដ្ឋមន្ត្រីក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើការអនុវត្តន៍ឯកសារសំខាន់ៗ ដូចខាងក្រោម៖ ទី១- កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-ចិន, ទី២-កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ អាស៊ាន-ចិន, ទី៣-យន្តការពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធផ្លូវសមុទ្រ អាស៊ាន-ចិន, ទី៤-ផែនការយុទ្ ធសាស្រ្តកែសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន, និងទី៥ សកម្មភាពរួមអាស៊ាន-ចិន សម្រាប់ឆ្នាំ២០១៨។

រដ្ឋមន្ត្រីបានអនុម័តលើអនុស្សរណៈយោគយល់ រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់ អាកាសយាន នៃរដ្ឋជាសមាជិកអាស៊ាន និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពីកិច្ចសហប្រត្តិបត្តិការទាក់ទង នឹងការ ស៊ើបអង្កេតឧប្បត្តិហេតុ និងគ្រោះថ្នាក់អាកាសយាន ដែលត្រូវចុះហត្ថលេខាដោយស្ថាប័នពាក់ព័ន្ធ។រដ្ឋមន្ត្រីបានពិភាក្សា និងអនុម័ត លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៦ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃ១២ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសឹង្ហបុរី ៕





No comments:

Post a Comment