Friday, January 15, 2016

ក្រុមការងារចំពោះកិច្ច៖ កង្វល់សហជីពលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កំពុងដោះស្រាយជាវិជ្ជមាន

ក្រុមការងារចំពោះកិច្ច នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្ស សង្គ្រោះជាតិ បានសម្តែង សុទិដ្ឋិនិយមរួមគ្នាថានឹងអាចដោះស្រាយ រាល់បញ្ហាកង្វល់ របស់សហជីព លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។

ក្រុមការងារ ចំពោះកិច្ចបានបញ្ជាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបប្រជុំ ជាលើកទី២ ថា  មានការវិវឌ្ឍន៍ទៅមុខ ច្រើន ដែលក្រុមការងារចំពោះកិច្ច បានកំពុងដោះស្រាយ កែលម្អរសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ឆ្លើយតបទៅនឹងកង្វល់ របស់សហជីពមួយចំនួន

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០១៦នេះ ក្រុមការងារចំពោះកិច្ច នៃតំណាង រាស្រ្ត គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បានជួបប្រជុំ ជាលើកទី២ ដើម្បីបន្តការពិភាក្សា ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ឆ្លើយតបទៅនឹងសំណូមពរ និងការព្រួយបារម្ភ របស់សហជីពមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមការងារ ចំពោះកិច្ច និង ឯកឧត្តម សុន ឆ័យ អនុប្រធាន ។

នៅក្រោយ ជំនួបពិភាក្សាការងារជាង៣ម៉ោង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម សុន ឆ័យ បានជម្រាបជូនអ្នកសារព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំថា កិច្ចប្រជុំ នៅពេលនេះ បានសម្រេចលទ្ធផល៧ចំណុច។ ហើយបើបូកទំាងកិច្ចប្រជុំលើកទី១ គឺក្រុមការងារចំពោះកិច្ច បានសម្រេច៩ចំណុច នៅក្នុង ចំណោម២១ចំណុច ដែលខាងសហជីពបានស្នើដល់ក្រុមការងារ ពិនិត្យ និងកែលម្អរ នៅក្នុងសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមទំាងពីរ បានគូសបញ្ជាក់ថា យើងមានសុទិដ្ឋិនិយមថា ការងាររបស់យើង នឹងចប់ក្នុងពេលឆាប់ៗ នេះ។ យើងបានព្យាយាមដោះស្រាយ រាល់កង្វល់របស់សហជីពទំាងអស់ ពីព្រោះសេចក្តីព្រាងច្បាប់នេះ គឺបម្រើដល់ផលប្រយោជន៍កម្មករកម្មការិនី និងពលរដ្ឋ របស់យើងទំាងអស់គ្នា

សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក និងចែកចេញជា១០០មាត្រា។  កន្លងមក ប្រធានដឹកនាំ សហជីពបានធ្វើសំណើជូនតំណាងរាស្រ្ត សូមកែលម្អរចំនួន២១ នៅក្នុងចំណោម មាត្រាទំាង១០០ នៃ សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយ សេចក្តីព្រាងច្បាប់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នេះមានគោលបំណងសំខាន់ៗ ដូចជាផ្តល់សិទ្ធិនិងសេរីភាព ដល់សហគ្រាស ឬគ្រឹះស្ថានទំាងឡាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការងារ និងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងធានានូវសិទ្ធិសេរីភាព ក្នុងការចរចារជាសមូហភាព រវាងកម្មករ និយោជិត និងនិយោជក ព្រមទំាងជំរុញឲ្យមានសុខដុម រមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាពនិងការវិនិយោគ។ នេះបើយោង តាមការបញ្ជាក់ របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានសរសេរនៅក្នុងសេចក្តីថ្លែងហេតុបន្តថា រាជរដ្ឋាភិបាលចាត់ទុកបណ្តា សហជីព និងអង្គការវិជ្ជាជីវៈទំាងអស់ ជាដៃគូសង្គម ហើយ សហជីព និងអង្គការ វិជ្ជាជីវៈ ទំាងនេះក៏បានចូលរួមចំណែក ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងលើកកម្ពស់ ការអភិវឌ្ឍជាតិ


ទោះយ៉ាងណា ក្រុមការងារចំពោះកិច្ចគ្រោងនឹងបន្តជួបប្រជុំនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១៦នេះទៀត ដើម្បីបន្តពិភាក្សា លើសំណើ របស់សហជីព ដែលនៅសេសសល់។ ជាមួយគ្នានេះ ក្រុមការងារក៏គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាសាធារណៈ លើសេចក្តី ព្រាងច្បាប់ស្តីពីសហជីពនេះ នាពេលខាងមុខ ដើម្បីទទួលមតិយោបល់ពីអ្នកពាក់ព័ន្ធ ឲ្យបានទូលំទូលាយ ទៀតផង៕





No comments:

Post a Comment