Tuesday, July 14, 2015

យុវជន​ខ្មែរពីររូប​ ដណ្តើម​បានជ័យ​លាភីលេខ​១​ ពីការប្រកួត​ប្រជែង​ដំឡើង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ ក្នុងវិស័យ​ឧស្សា​ហកម្ម ​នៅប្រទេ​សចិន​

យុវជន​ខ្មែរពីររូប បាន​ដណ្តើម​យកជ័យលាភី​លេខ១ ពីយុវជន​មកពីប្រទេសដែលមាន​វិស័យ​ឧស្សាហកម្មជឿន​លឿន ដូច ជា អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីប៉ាវេ ថៃ និងម៉ាឡេស៊ី ក្នុង​ការដំឡើង​ម៉ាស៊ីនដំណើរការដោយ​ស្វ័យប្រវត្តិក្នុង​វិស័យ ឧស្សាហកម្ម (Industrial Automation) ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​ប្រជែង​មុខជំនាញ​ចិន​ឆ្នាំ២០១៥ (China’s Skill Competition 2015)។
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា ការប្រកួត​ប្រជែង​ខាងលើ​នេះ បានប្រព្រឹត្ត​ទៅកាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកក្កដា។
ក្រសួងការងារ បាន​បញ្ជូនយុវជន​ពីររូប ឈ្មោះ ជា សិទ្ធា និង ធី សុភា ដែល​ទទួលការ​បណ្តុះបណ្តាលពីមជ្ឈ មណ្ឌល​ក្រុមង៉ុយ ទៅចូលរួម​ប្រកួត​ប្រជែង​ជាមួយ​យុវជន ៧ក្រុម​ផ្សេងទៀត ស្មើនឹង១៤នាក់ មកពី ០៦ប្រទេសផ្សេងគ្នារួមមាន៖ អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីមប៉ាវេ ថៃ និងម៉ាឡេស៊ី។ សំរេចជា​លទ្ធផល យុវជន​កម្ពុជា ទទួលបាន​ជ័យលាភី​លេខ១។
លោក តឹប អឿន អគ្គនាយករង នៃអគ្គនាយក​ដ្ឋានអប់រំ បណ្តុះបណ្តាល និង​បច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រាប់​ផង​ដែរថា China’s Skill Competition 2015 ត្រូវបានរដ្ឋាភិបាលចិន រៀប​ចំឡើងជារៀងរាល់​ឆ្នាំ តែសម្រាប់​កម្ពុជាវិញ ចិន អនុញ្ញាតឲ្យចូលរួម​ប្រកួតប្រជែង​រៀងរាល់ ២ឆ្នាំម្តង។ គួរំលឹកផងដែរថាកាល​ពីឆ្នាំ២០១៣ កម្ពុជា ក៏បានបញ្ជូន​យុវជនទៅចូលរួមប្រកួត​ប្រជែងផង​ដែរ តែមិនទទួល​បានលទ្ធផល​ល្អនោះ ទេ។
លោក តឹប អឿន បានពន្យល់​ថា វិញ្ញាសារ ដែល​គេដាក់​ឲ្យយុវជន​កម្ពុជា រួមនិង​យុវជន​មកពីបណ្តាប្រទេស ៥ ផ្សេងទៀត​ប្រកួត​ប្រជែងនេះ គឺការដំឡើង​ម៉ាស៊ីន ដែល​ដំណើរការ​ដោយស្វ័យប្រវត្តិក្នុង​វិស័យឧស្សាហ​កម្ម។ ការប្រកួត​ប្រជែងមាន ៣ដំណាក់​កាលរួម​មាន៖ ទី១. ការដំឡើង​ម៉ាស៊ីនទី២. ការតភ្ជាប់បណ្តាញ​អគ្គិសនី​ក្នុង​ម៉ាស៊ីន និងទី៣. ការសរសេរ​កម្មវិធី កំណត់​ឲ្យម៉ាស៊ីន​ដំណើរ។
លោក តឹប អឿន បានហៅ​ការដណ្តើម​ជ័យលាភី​លេខ១ របស់​យុវជនកម្ពុជា​ទាំង​ពីររូប​ថា ជាមោទនភាព​ជាតិមួយ និង​បង្ហាញ​ពីការរីក​ចម្រើនខ្លាំង​របស់យុវជន​កម្ពុជា ទៅលើការ​ប្រើប្រាស់បច្ចេកវិទ្យា​ខ្ពស់ក្នុង​វិស័យ​ឧស្សាហកម្ម។ ជាពិ​សេស ពួកគេបាន​ដណ្តើមជ័យ​ជម្នះពីបណ្តាប្រទេស ដែល​មានការរីក​ចម្រើន និងមានភាពជឿន​លឿន​ទៅលើ វិស័យ​ឧស្សាហកម្ម។
បើតាមលោក តឹប អឿន ការដណ្តើម​បានជ័យលាភីលេខ១នេះគឺយុវជន ជា សិទ្ធា និង ធី សុភា ទទួល​បានពានមួយ និងលិខិត បញ្ជាក់​មួយ។ ហើយ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏គ្រោងនឹងរៀប​ចំកម្មវិធី​លើក ទឹកចិត្ត​ដល់ពួក​គេផង​ដែរ៕

No comments:

Post a Comment