Monday, September 29, 2014

សម្តេច​តេជោ ​ បន្ត​​អំ​ពាវ​​នា​វ​ឱ្យ​​គ្រប់​​គ្រឹះ​​ស្ថាន​​ឧត្ត​ម​​សិក្សា​​ពង្រឹង​​គុណ​ភាព​​អប់រំ​​ឲ្យ​កាន់​តែ​ប្រសើរ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ បាន​សំដែង​នូវ​មោ​ទ​ន​​ភាព​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​គោល​នយោបាយ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ និង​ផ្តល់​ឱ្យកាស​ឱ្យ​​វិស័យ​ឯកជន​ចូល​រួម​វិនិយោគ​ក្នុង​វិស័យ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ហើយ​សម្តេច ​នៅ​តែ​បន្ត​អំ​ពាវ​នាវ​ឱ្យ​គ្រប់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ពង្រឹង​គុណ​ភាព​អប់រំ​។

សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ បាន​លើក​​ឡើង​បែបនេះ​ក្នុង​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី ​ប្រគល់​សញ្ញាបត្រ​ជូនដល់​និស្សិត​ជ័យ​​លាភី​ចំនួន​ ៤.២៥០​នាក់ ​នៃ​សាកល​វិទ្យា​ល័យ​បៀល​​​ប្រាយ ​ដែល​​ធ្វើឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​ នា​ព្រឹក​ថ្ងៃទី​២៩ ​ខែ​កញ្ញា​​នេះ​។

យោង​តាម​របាយ​ការណ៍​របស់លោក ឌៀប​ សីហា សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ ​បៀល​ប្រាយ ​បានឱ្យ​ដឹងថា និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញា​ប័ត្រ​នេះ ​មាន​ថ្នាក់​បរិញ្ញា​បត្រ​រង ​បរិញ្ញា​បត្រ​​​​ជាន់​ខ្ពស់​ និង​ថ្នាក់ប​ណ្ឌិត ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចាប់​តាំង​ពី​ឆ្នាំ​សិក្សា ​២០០៨ - ២០០៩​​ដល់​ឆ្នាំ​សិក្សា​២០១៣-​២០១៤ ​ហើយ​ក្នុង​ចំណោម​នេះ​ក៏​មាន​និស្សិត​អាហា​រូបករណ៍ ​របស់​សម្តេច​​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១២៦​នាក់​ផង​ដែរ​។

របាយ​ការណ៍​បាន​បន្ត​ទៀត​ថា ​ក្នុង​​រយៈ​ពេល​១៤​ឆ្នាំ​កន្លង​មក​នេះ​ សាកល​វិទ្យាល័យ​បាន ​និង​កំពុង​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍន៍​ធន​ធាន​​មនុស្ស​ស្រប​តាម​ចក្ខុ​វិស័យ​ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ និង​គោល​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​​វិស័យ​អប់រំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ហើ​យ​គិត​មក​ដល់​ឆ្នាំ​សិក្សា ​២០១៣-​២០១៤ ​សាកល​វិទ្យាល័យ ​បាន​និង​កំពុង​បណ្តុះ​បណ្តាល និសិ្សត​ចំនួន​៦០.០៧៩​​នាក់ ​ចំណែក​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​គ្រប់​កំរិត​ពី​សាកល​វិទ្យាល័យ​នេះ ​មាន​ចំនួន​​សរុប​៣៧.៦១២​នាក់​ដោយ​គិត​ទាំង​​និស្សិត​ជ័យ​លាភី​ដែល​ទទួល​សញ្ញា​បត្រ​នា​ពេល​នេះ​ផង​។

ព្រម​ជា​មួយ​នឹង​ការ​កោត​សរសើរ​ចំពោះ​វឌ្ឍនភាព​ទាំង​ឡាយ​ដែល​សាកល​វិទ្យាល័យ​ បៀល​ប្រាយ​សម្រេច​បាន ​សម្តេច​តេជោ​ នៅតែ​ប​ន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ខិត​ខំ​ពង្រឹង​គុណ​ភាព​អប់រំ​ជា​បន្ត​ទៀត​។​ សម្តេច​តេជោ បា​ន​លើក​ឡើង​ថា​ សាលា​នីមួយៗគឺ​ត្រូវ​ជំរុញ​ការ​ពង្រឹង​គុណភាព ​ហើយ​រក​សាស្ត្រា​ចារ្យ​​ដែល​មាន​គុណភាព​ដើម្បី​ជំរុញ​ការ​បណ្តុះ​ បណ្តាល​ឱ្យ​បាន​ល្អ​ ព្រោះ​ធនធាន​មនុស្ស​របស់​យើង​ត្រូវ​​ប្រកួត​ប្រជែង​ទីផ្សារ​ក្នុង​ប្រទេស​ផង ​​និង​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​ក្រប​ខណ្ឌ​ តំបន់​ និង​ពិភព​លោក​ផង​ដែរ៕

អត្ថបទ​ដោយ៖ ខេមរា

No comments:

Post a Comment