Tuesday, October 31, 2017

រាជរដ្ឋាភិបាលប្តេជ្ញាពុះពារបន្តដោះស្រាយរាល់ចំណុចសេសសល់ និងសំណូមពរនានា ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ ដែលនឹងប្រារព្ធនៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិទាំងអស់ដោយបានបញ្ជាក់ថា សង្គមជាតិមួយអាចរីកចម្រើនអាស្រ័យដោយសង្គមជាតិនោះ សម្បូណ៌ដោយធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាពដែលអាចប្រែក្លាយសង្គមជាតិនោះ ឱ្យមានការអភិវឌ្ឍជឿនលឿនបានយ៉ាងឆាប់រហ័សនិងមានភាពកាន់តែរឹងមាំ។ ក្នុងន័យនេះពិតណាស់ថា ធនធានមនុស្សនៅតែមានសារៈសំខាន់ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ការអប់រំល្អគឺជាកូនសោសម្រាប់ដោះស្រាយ រាល់បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ»។ ជាក់ស្តែងក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះ ឧត្តមភាពប្រកួតប្រជែងកាន់តែមានសារៈសំខាន់នៅលើកត្តាធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយមានភាពច្នៃប្រឌិតខ្ពស់និងមានជំនាញច្បាស់លាស់។ ប្រការនេះតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការអភិវឌ្ឍ «មូលធនមនុស្ស» នេះ ដើម្បីធ្វើឱ្យមុតស្រួចក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆាប់រហ័សទាំងក្នុងបច្ចុប្បន្ននិងទៅអនាគតស្របគ្នានឹងពេលដែលប្រទេសជាតិស្ថិតក្នុងសុខសន្តិភាព វឌ្ឍនភាពនិងភាពសុខដុមរមនា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា រាជរដ្ឋាភិបាលបានប្តេជ្ញាហើយថានឹងបន្តលើកកម្ពស់ គោល​ការណ៍ «ការអប់រំប្រកបដោយចីរភាព» តាមរយៈការធានាឱ្យបាននូវលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយសមធម៌ដែលផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងអស់ជាពិសេស នៅតាមតំបន់ដាច់ស្រយាលនិងនៅតាមតំបន់ព្រំដែនឱ្យទទួលបានការអប់រំជាមូលដ្ឋានទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលកិច្ចការនេះនឹងត្រូវពង្រឹងនិងពង្រីកជាបន្តបន្ទាប់ពីព្រោះការសិក្សារៀនសូត្រគឺជារឿងដែលត្រូវធ្វើគ្មានទីបញ្ចប់។

នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារបន្តដោះស្រាយរាល់ចំណុចសេសសល់និងសំណូមពរនានា ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ ទាំងអ្នកសិក្សានិងគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំទាំងក្នុងតំបន់និងពិភពលោក។ ក្នុងន័យនេះក៏ទាមទារឱ្យយើងត្រូវប្រមូលកម្លាំងនិងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីរួមគ្នាគាំទ្រលើកកម្ពស់វិស័យអប់រំជាតិដោយមិនឱ្យនរណាម្នាក់នៅក្រៅសេវាអប់រំ និងត្រូវបណ្តុះបណ្តាលកូនចៅជាយុវជនជំនាន់ក្រោយឱ្យក្លាយជាមូលធនមនុស្សដែលពោរពេញដោយសមត្ថភាពពេញលេញ ជំនាញខ្ពស់គ្រប់ៗគ្នានិងប្រកបដោយសក្តានុពល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំផ្ញើទៅក្មួយៗសិស្សានុសិស្សនិងយុវជន យុវនារីទាំងអស់ឱ្យខិតខំរៀនសូត្រឱ្យខ្ជាប់ខ្ជួនព្រមទាំងចូលរួមក្នុងសកម្មភាពនានាដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀននិងសង្គមជាតិរបស់យើង។ ដោយឡែកក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវចាំថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតរុងរឿងគឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចៀសវាងការសេពគប់មិត្តដែលប្រព្រឹត្តរឿងអបាយមុខ៕







No comments:

Post a Comment