Tuesday, October 31, 2017

លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទរួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ ។ល។ លលាដ៍ក្បាល មនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាល មនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង៣ពាន់ ឆ្នាំមកហើយ។

តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យ យុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវ បុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥ ។
ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និង ស្ថានីយ៍ព្រៃក្មេង។
មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា លលាដ៍ ក្បាលមនុស្សបុរាណកាល ដែលតាំងក្នុងសារមន្ទីរ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាទីមួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារជំងឺធ្មេញ និងទី២ ស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ ការនេះ ធ្វើឱ្យអ្នកស្រាវជ្រាវយល់ថា ជំងឺប្រភេទនេះ មានតាំងពីជាង ៣ពាន់ឆ្នាំមកម្លេះ។
តាមមគ្គុទ្ទេសក៍ដដែល លលាក្បាលមនុស្សបុរាណកាលនេះ បានទាក់ទាញភ្ញៀវទេសចរ បរទេសជាច្រើន ពិសេសទាក់ទងទៅនឹងការស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ លោក ផល្លី ពន្យល់ថា ភ្ញៀវទេសចរភ្ញាក់ផ្អើលទៅនឹងជំងឺនេះ ព្រោះថាវាមានតាំងពីជាង ៣ពាន់ឆ្នាំមកហើយ។

គួរឱ្យដឹងផងដែរថា សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយ ទាំងអស់មាន៥៩សាកសព ហើយសាកសពទាំងនោះរក្សាបាននូវទ្រង់ទ្រាយសពភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ១) ដោយសា បាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ២)បុព្វបុរសសម័យ នោះ បានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទីតាំងនេះ មានតុល្យភាពត្រជាក់ជាប់រហូតមក៕



No comments:

Post a Comment