Wednesday, January 13, 2016

រាជរដ្ឋា​ភិបាលសម្រេច​លុបចោលកិច្ចព្រម​ព្រៀងសម្បទានជាមួយក្រុមហ៊ុន AZ ​ពាក់ព័ន្ធនិងការ​យកកម្រៃសេវាថៃទាំ និងជួ​សជុលផ្លូវជាតិ​លេខ៤

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការលុបចោលនូវកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលនិងក្រុមហ៊ុន អេហ្សិត ឌីស្រ្ទីប្យូហ្សិន។
                                  
រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នានា ក្រោមអធិបតីភាពសម្តេច ហេង សំរិន  ប្រធានរដ្ឋសភាកាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦។
          
យោងតាមសេចក្តីសម្រេចនោះដែរបានឱ្យដឹងថា រាជរដ្ឋាភិបាលលុបចោលនូវកិច្ចព្រមព្រៀងសម្បទាន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេហ្សិត ឌីស្ទ្រីប្យូហ្សិន ចុះថ្ងៃទី២៨ ខែមិនា ឆ្នាំ២០០១ ស្តីពីការយកកម្រៃសេវាថែទាំ និងជួសជុលផ្លូវជាតិលេខ៤។ ក្រុមហ៊ុន អេហ្សិត ឌីស្ទ្រីប្យូហ្សិន ត្រូវបញ្ឈប់ការយកកម្រៃសេវាថែទាំ និងជួលជុលផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ១២:០០ យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះតទៅ។
                                               
សេចក្តីសម្រេចនោះ ក៏បានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំនីតិវិធីរំលត់កិច្ចសន្យាសម្បទាននេះជាមួយក្រុមហ៊ុនផងដែរ។
                        
គួរបញ្ជាក់ថាមុនចេញសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងរដ្ឋសភា ថាការសម្រេចលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុននេះ គឺដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ពីមូលហេតុដោយសារក្រុមហ៊ុន ពុំបានអនុវត្តតាមការណែនាំរបស់រាជ រដ្ឋាភិបាលបន្ទាប់ពីសម្តេចបានប្រកាសថាឈប់ឱ្យក្រុមហ៊ុនយកលុយពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស៥មករា កន្លងមក។
                                                                                            
សម្តេចតេជោ បានមានប្រសាសន៍ថា សូមឱ្យក្រុមហ៊ុន រោងចក្រផ្សេងៗ ដែលទទួលបានអត្ថប្រយោជន៍ពី ការបញ្ចប់កិច្ចសន្យានេះ ដោយយកប្រាក់ដែលត្រូវបង់នោះ សន្សំទុកដើម្បីតម្លើងប្រាក់ខែឱ្យកម្មករ-កម្មការនី។ សម្តេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ពោលគឺបើកបរឱ្យត្រូវតាមល្បឿនកំណត់ កុំដាក់លើសចំណុះ និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាដើម។
                                                                                            
ជាទីបញ្ចប់ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា សម្តេចសង្ឃឹមថាប្រជាពលរដ្ឋគ្រប់រូប នឹងទទួល បានផលទាំងអស់គ្នាពីការសម្រេចចិត្តនេះ៕
                                                                                                 

អត្ថបទ៖ តាំង ករុណា






No comments:

Post a Comment