Friday, December 11, 2015

សម្ដេច​តេជោ ហ៊ុន សែន៖ កម្ពុជា​ជោគ​ជ័យ​ក្នុង​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្ដីកម្ពុជា បានលើក​ឡើង ថា​គោលដៅ នៃការជំរុញ​ផលិត​កម្មស្រូវ គឺជាគោល​ដៅដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ជោគជ័យ។ ប៉ុន្ដែចំពោះ​គោលដៅនៃការ​នាំអង្ករ​ចេញទៅក្រៅ​ប្រទេស​ឲ្យបាន១​លានតោនក្នុង​មួយឆ្នាំនោះ គឺមិនទាន់​សម្រេចបាន​ជោគជ័យ​នោះទេ។ ការលើកឡើងរបស់​សម្ដេចតេជោ ហ៊ុន សែន បែបនេះ​បានធ្វើឡើងក្នុ​ងពិធីផ្សព្វផ្សាយ​របាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ​ជំរឿនកសិកម្មឆ្នាំ​២០១៣ នៅព្រះរាជាណា​ចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅឯវិមានសន្ដិភាព។

ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា ចំពោះគោលដៅ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនាំ​អង្ករចេញទៅក្រៅ​ប្រទេសឲ្យបាន​១លានតោន​ក្នុងឆ្នាំ២០១៥នេះ សម្រេច​តែ៥០ភាគរយ​ប៉ុណ្ណោះ ហើយមូលហេតុ​មិនសម្រេច​បានជោគជ័យ​ក្នុងការនាំ​អង្ករចេញនេះ មាន​កត្ដា២ គឺ ទី១កត្ដាអត្ដ​នោម័ត និងទី២ កត្ដាសត្យានុម័ត។ ប៉ុន្ដែទោះ​បែបណា​ក៏ដោយ ក៏រាជរដ្ឋា​ភិបាលកម្ពុជា បាន​សម្រេចជោគជ័យ​យ៉ាងធំធេង​នោះគឺការ​ជំរុញផលិត​កម្មស្រូវ ដែលកាល​ពីមុនប្រទេស​កម្ពុជាជាប្រទេស​ខ្វះខាតស្បៀង ឈានទៅ​ជាប្រទេស​មានអធិរាជ​ស្បៀងតិចតួច នឹងឈាន​ទៅមុខជា​បន្ដបន្ទាប់​ទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​បានឲ្យ​ដឹងបន្ដ ថាការជំរឿន​កសិកម្ម​គឺជាការ​ងារដ៏ធំ និង​មានសារៈសំខាន់​មួយសម្រាប់​ប្រទេសជាតិ  សម្រាប់ប្រព័ន្ធ​ស្ថិតិជាតិពីព្រោះ​ជំរឿននេះនាំមក​នូវព័ត៌មានពិតប្រាកដ​អំពីទិន្នន័យ​ពាក់ព័ន្ធវិស័យ​កសិកម្ម។

ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី ឆាយ ថន រដ្ឋមន្រ្ដីក្រសួង​ផែនការ បានឲ្យដឹង​នាឱកាសនេះ​ដែរ ថា​ការផ្សព្វ​ផ្សាយលទ្ធផលចុងក្រោយ​នៃការធ្វើជំរឿន​កសិកម្មលើក​ដំបូងនៅ​កម្ពុជាឆ្នាំ២០១៣ គឺជាដំណាក់​កាល​សំខាន់មួយក្នុង​ប្រវត្ដិសាស្រ្ដ​ស្ថិតិ​របស់ប្រទេស​កម្ពុជា។

ឯកឧត្ដមបាន​បន្ដថា របាយការណ៍​ជាតិ នៃលទ្ធផលចុង​ក្រោយជំរឿន​កសិកម្ម ឆ្នាំ២០១៣ នៅកម្ពុជា នឹងផ្ដល់ទិន្នន័យ​អំពីស្ថានភាព​កសិកម្ម​បច្ចុប្បន្ន​នៅកម្ពុជា និងរួមចំណែក​ដ៏សំខាន់​ក្នុងការ​រៀបចំផែន​ការ គោល​នយោបាយ និងយុទ្ធសាស្រ្ដ​របស់រាជ​រដ្ឋាភិបាល សម្រាប់ការ​អភិវឌ្ឍន៍វិស័យ​កសិកម្ម ដែលស្រប​ទៅនឹងយុទ្ធសា​ស្រ្ដចតុកោណ​មុំទីមួយ នៃយុទ្ធសាស្រ្ដចតុ​កោណរបស់​រាជរដ្ឋាភិបាល​កកម្ពុជា គឺការ​លើកស្ទួយវិស័យ​កសិកម្ម ដែលជាឆ្អឹង​ខ្នងនៃយុទ្ធ​សាស្រ្ដជាតិ កាត់បន្ថយ​ភាពក្រីក្រ និងការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី ឆាយ ថន សង្ឃឹមថា របាយការណ៍​ជំរឿនកសិកម្មថ្នាក់​ជាតិលើកទី១​នេះ នៃលទ្ធផលចុង​ក្រោយនេះ នឹងបម្រើ​សេចក្ដីត្រូវ​ការព័ត៌មាន​ស្ថិតិ របស់អ្នកធ្វើ​គោលនយោបាយ និងអ្នក​ស្រាវជ្រាវក្នុង​សហគមន៍​ជាតិ និងអន្ដរជាតិ​ដ៏ទំលំទូលាយ។ យោងតាម​ទិន្នន័យគោល​នៃជំរឿន​កសិកម្ម​ឆ្នាំ២០១៣នៅកម្ពុជា បានឲ្យដឹង ថា​ចំនួនគ្រួសារដែល​បានចុះបញ្ជីជំរឿន​មាន២លាន៦​សែនគ្រួសារ ហើយចំនួនកាន់កាប់កសិកម្ម​គ្រួសារមាន​ចំនួន២លាន​១សែន។ ផ្ទៃដីសរុប​នៃការកាន់កាប់​កសិកម្ម​គ្រួសារ រួមទាំង​ដីជុំវិញផ្ទះមានចំនួន​៣លាន​៣សែនហិកតា ហើយចំនួន​ការកាន់កាប់​កសិកម្មគ្រួសារមានដីក​សិកម្មដោយ​ឡែកមានចំនួន​១លាន៩សែន​ហិកតា។ ចំពោះផលិតផល​ដំណាំភាគរយ​នៃផ្ទៃដីសរុប​នៃការកាន់​កាប់កសិកម្មគ្រួសារដាំស្រូវ​មានសរុប​ចំនួន​៧០ភាគរយ ហើយភាគរយ​នៃផ្ទៃដីសរុប​នៃការកាន់កាប់​កសិកម្មគ្រួសារដាំដំឡូងមីមាន​សរុប៩ភារគយ ហើយភាគរយនៃ​ផ្ទៃដីសរុបនៃការ​កាន់កាប់​កសិកម្មគ្រួសារ ដាំបន្ថែមាន​សរុបតែ១,៣ភាគរយ​ប៉ុណ្ណោះ៕

No comments:

Post a Comment