Friday, December 11, 2015

រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍរាជធានីភ្នំពេញ ដែលជាបេះដូងកម្ពុជារយៈពេលវែង

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អង្គ​ភាពព័ត៌មាន និងប្រតិកម្មរហ័ស​នៃទីស្តីការ គណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃ​សម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ បានឲ្យដឹងថា  ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួចមក​ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ដែលប្រព្រឹត្តទៅក្រោម​​អធិបតី​ភាព ​សម្តេច​តេជោ ហ៊ុន សែន បានសម្រេចអនុម័ត សេចក្តី​ព្រាងអនុក្រឹត្យ ស្តីពី​ការ​ដាក់​​ឱ្យ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជ​ធានី​ភ្នំពេញ​ ដែលក្នុង​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ខាងមុខ ​រាជ​ធានីភ្នំពេញ​ជាបេះ​ដូងរបស់​ប្រទេស​​​​កម្ពុជា ជាមជ្ឈ​មណ្ឌល​ នយោ​បាយ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វប្បធម៌ ប្រកប​ដោយ​សក្តានុពល​ប្រកួត​ប្រជែង​ និង​មាន​ការ​អភិវឌ្ឍនៅ​ទីតាំងភូមិ​សាស្រ្ត​​​ពិសេស​នៃ​ទន្លេ​ចតុមុខ​។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ប្លង់​គោល​ប្រើប្រាស់​ដី​រាជ​ធានី​ភ្នំ​ពេញ​ឆ្នាំ២០៣៥ ជា​ឯកសា​រយុទ្ធសាស្រ្ត​គោល ​បម្រើ​ឱ្យ​មហិច្ឆ​តា​របស់​​រាជ​រដ្ឋា​ភិបាល​ក៍​ដូច​ជាសាលា​រាជ​ធានី​ភ្នំពេញ មាន​គោល​ដៅ​ដល់​ឆ្នាំ ២០៣៥ ក្នុង​ការ​គ្រប់​គ្រង​តម្រង់​ទិស​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជ​ធានី​ និង​តំបន់​ទី​ប្រជុំជន​ពាក់​ព័ន្ធទាំងឡាយ​នៅ​ជាប់​ជុំវិញ​ ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​វិនិយោគ​ឯកជន​ និង​ប្រជាជន​ក្នុង​រាជ​ធានី

ដើម្បីបម្រើ​គោល​ដៅ​ខាង​លើ​​ ប្លង់​គោល​នេះ​នឹងតម្រង់​ទិស​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំ​ទ្រ​ធំៗ ប្រព័ន្ធផ្លូវ​ ប្រព័ន្ធ​ទឹក​ស្អុយ​ ទឹកស្អាត បឹង​ កំពង់​ផែ ព្រលាន​យន្ត​ហោះ​ ឧទ្យាន និង​លំហរបៃ​តង ការ​រៀបចំ​គោល​នយោបាយ​លំនៅ​ដ្ឋាន ការអភិរក្ស​បេតិ​ក​ភណ្ឌ​ទីក្រុង​ តាមរយៈការ​ការពា​​រ​បរិ​ស្ថាន​ និង​ការ​ធ្វើ​តុល្យកម្ម​នៃ​ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ និង​បង្កើត​ឱ្យ​មាន​ផែន​ការ​គ្រប់​គ្រង​​មួយ​ច្បាស់​​​លាស់ ​នៃ​ធន​ធាន​ដី ទឹក​ ថាមពល​ ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ​ រ៉ែ។​ល។

នៅក្នុងរបាយ​ការណ៍ដែល​បានលើកឡើង​ក្នុងកិច្ចប្រជុំដ៏សំ​ខាន់នេះ បានគូស​បញ្ជាក់ថា រាជ​ធានី​ភ្នំ​ពេញ​បាន​ទទួល​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ហួស​ពីការ​ស្មាន​ ទន្ទឹម​នឹង​នេះ​​ ទីក្រុង​ភ្នំ​ពេញ​ក្នុងពេល​បច្ចុប្បន្ន​ ក៍​បាននិង​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មី​ៗជាច្រើន​ដូច​ជាកំណើន​ប្រជាជន​ខ្ពស់​រហូត​ដល់​២,៣៤%  (ប្រហែល​ជិត​មួយ​ម៉ឺនគ្រួសារក្នុង​មួយឆ្នាំ)​ ចំនួន​ប្រជា​ជន​​សរុប​នៅ​ភ្នំ​ពេញ​មាន​ជិត​២​លាន​នាក់ (១.៦៨៨.០៤៤នាក់​តាមការ​ធ្វើ​អង្កេត​ចន្លោះជំរឿន​ប្រជា​សាស្រ្ត​​​កម្ពុជា​ឆ្នាំ២០១៣ នៃ​ក្រសួង​ផែន​ការ) និង​មាន​ដង់​ស៊ីតេ​ប្រមាណ​ជា២៤៦៨​នាក់​/គមហើយ​អាចកើនដល់​៣លាន​នាក់​នៅ​ឆ្នាំ២០២០។ ដំណើរ​នគរូបនីយកម្ម និង​កំណើន​ការ​សាង​​​​សង់​សំណង់​​​ធំៗថ្មីៗជាច្រើន (សំណង់​អគារ​ខ្ពស់​លើស​ពី​៥​ជាន់​មានប្រមាណ​៦២៨កន្លែង និង​​សំណង់​បុរី​​មាន​ជាង​១១០ទីតំាង​) ពង្រាយ​នៅ​ទាំង​ខណ្ឌ​ក្នុងក្រុង​ និង​ជាយក្រុង​​ និង​បាន​ជុំរុញការ​រីក​ទីក្រុង​ ទៅ​តំបន់​ខាង​ក្រៅ ​ចេញ​ពី​ខណ្ឌ​កណ្តាល​ក្រុង​ស្ទើរ​តែ​ហួសពី​ព្រំប្រទល់រដ្ឋ​បាល​​​​​របស់​ខ្លួន។ ជាមួយគ្នា​នេះ ​ចំនួន​មធ្យោបាយ​ដឹកជញ្ជូន​ (ចំនួន​រថ​យន្ត​ប្រមាណ​ជា​៣៤ម៉ឺន​គ្រឿង​ និង​ទោ​ចក្រ​យាន​​​យន្ត​មាន​ជា​ង​១.​៧​លាន​គ្រឿង)  និង​កំពុង​បន្ត​កើន​ឡើង​ជារៀង​រាល់​ថ្ងៃ​ បង្ក​រ​​ការ​កក​ស្ទះ​ចរា​ចរណ៍ និង​ការ​បំពុល​បរិស្ថាន​គួ​ឱ្យ​កត់​សម្គាល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

អត្ថបទ៖ ច័ន្ទ ទេវី



No comments:

Post a Comment