Friday, November 13, 2015

បទវិភាគនយោបាយ ដោយ៖ រត្ន័ សណ្ដាប់ ក្រុមប្រឆំាងកំពុងវង្វេងវង្វាន់នយោបាយនៅភូមា និងកម្ពុជា!

ថ្មីៗនេះ ​ពិភពលោក​មានការភ្ញាក់​ផ្អើល រំភើប ​និងរីករាយ​បន្ទាប់ពីបាន​ឃើញដំណើរ​ការប្រព្រឹត្ដិទៅ ​និងលទ្ធផល​បឋមនៃការ​បោះឆ្នោតសកល​នៅប្រទេសភូមា ​ដែលបាន​ប្រព្រឹត្ដទៅកាល​ពីថ្ងៃអាទិត្យទី៨ ​ខែវិច្ឆិកា ​កន្លងទៅថ្មីៗនេះ។ ​ក្នុងនោះអ្នកចុះ​ឈ្មោះបោះឆ្នោតប្រមាណ​៣២លាននាក់​ ហើយអ្នក​ដែលបានចេញ​ទៅបោះឆ្នោត​មានចំនួន​ជាង៨០%។
ប្រជាពល​រដ្ឋភូមាបាន​បោះឆ្នោតទុកចិត្ដ​លើគណបក្ស​ប្រឆំាងរបស់​លោកស្រី អ៊ុ​ង សានស៊ូជី។ ​ គេអាចប៉ាន់​ស្មានថា ​គណបក្ស​លោកស្រី អ៊ុ​ង សានស៊ូជី ​អាចទទួលអាសន​:បានលើសពី២/៣​នៅក្នុងសភា​ទាំងពីរ​។

ក្នុងន័យនេះ ​គេអាចទាញ​ការសន្និដ្ឋានថា ​ប្រសិនបើគ្មាន​ការជំទាស់ពី​ក្រុមយោធា ​ដែលកំពុងកាន់​អំណាចសព្វថ្ងៃនោះ ​គឺលោកស្រី អ៊ុង ​សានស៊ូជី ​នឹងក្លាយជា​ប្រមុខរដ្ឋាភិ​បាលភូមា ​នៅដើមឆ្នាំ២០១៦ ​ខាងមុខនេះជា​ពុំខាន។​ ទន្ទឹមនឹងនេះដែរ​ គេឃើញលោក ​ថេន សេន ​ប្រធានាធិបតី​បច្ចុប្បន្ន ​និងអគ្គមេបញ្ជាការ​យោធា គឺលោក ​មិន អ៊ុងលំាង ​ក៏បានប្រកាសគំា​ទ្រលទ្ធផលបឋមនេះ ​ដោយបានចេញ​សារជាផ្លូវការ​អបអរសាទរជូន ​លោកស្រី អ៊ុង​ សានស៊ូជី ​ផងដែរ ​។

ជាការពិត​ណាស់ ក្នុងភាព​ជាក់ស្ដែងនេះពុំ​មាននរណាម្នាក់ ​ដែលមិនអបអរ​សាទរនឹង​លទ្ធផលនៃការ​បោះឆ្នោតនៅ​ប្រទេសភូមា ​នោះទ្បើយ ព្រោះ​ពិភពលោក ​និងបក្សប្រ​ឆំាងប្រទេសនេះ ​ធ្លាប់មានការ​ខ្លោចផ្សារក្នុងចិត្ដ​ និងខកចិត្ដយ៉ាង​ខ្លំាងកាលពី​ឆ្នាំ១៩៩០ ខ​ណៈដែលគណបក្សស​ម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យជាតិ​ (NLD) បានឈ្នះសន្លឹក​ឆ្នោតជាង៨០% ​បានទទួលអាសនៈ​លើសភាគច្រើន​ដាច់ខាត ​តែត្រូវរបប​យោធាមិនទទួលស្គា​ល់លទ្ធផលនេះ​ ព្រមទំាង​ឃុំខ្លួនលោកស្រី ​ស៊ូជី ​នៅក្នុងផ្ទះ ​មិនឲ្យមាន​សេរីភាពជាច្រើន​លើកច្រើនសារ​ សរុប១៥ឆ្នាំ។​

ទន្ទឹមនឹង​ការអបអរសាទ​រនេះ បើគេក្រ​ទ្បេកមកមើល​មេដឹកនាំបក្ស ​និងក្រុម​ប្រឆំាងនៅក​ម្ពុជា ដែល​តែងតែមាន​គំនិតប្រឆំាង​នឹងរាជ​រដ្ឋាភិបាល ​និងគណបក្សប្រជាជន​កម្ពុជានោះ ​ពួកគេបាន​ធ្វើការវិភាគ​ក្នុងស្ថានភាពមួយ ​ដែលពួកគេ​សង្ឈឹមថាអាច​នឹងបានទទួល​ជ័យជំនះនៅពេលបោះ​ឆ្នោតឆ្នាំ២០១៨​ ជាស្រេច ​ដូចភូមាដែរ​។
ពួកគេបាន​ផ្ញើសារនយោបាយ​តាមទំព័រហ្វេស​ប៊ុកយ៉ាងគឃ្លើន​ ដែលបង្កឲ្យ​មានបរិយាកាសអាប់អួរ​ បន្ថែមដុត​កំដៅនយោបាយ​ឲ្យកាន់តែក្ដៅ។ ​សារនយោបាយ​ទំាងនេះមានខ្លឹមសារមុតៗដូចជា ​«លោក ហ៊ុន ​សែន នាយក​រដ្ឋមន្រ្ដីកម្ពុជាត្រូ​វហ៊ានចុះចេញ​ពីតំណែង ​ត្រូវហ៊ានផ្ទេរអំណាច​ឲ្យមេបក្សប្រឆំាង​ដោយសន្ដិវិធី ​ដូចជាគណបក្ស​កាន់អំណាច ​និងក្រុមមេដឹក​នំាយោធា ​នៅភូមានោះផងដែរ»​។

ក្នុងបរិការនេះ ​អ្នកនយោបាយ​មួយចំនួន​ក្នុងស្រុកគេ​មានសេចក្ដី​ងឿងឆ្ងល់ ​លាយទ្បំនឹងសេចក្ដី​បារម្ភ ​គេចោទសួរថា ​តើហេតុអ្វីក៏​ជានិច្ចកាល​ក្រុមប្រឆំាងទំាងនេះ ​យកកម្ពុជាទៅប្រៀបធៀប​នឹងប្រទេសនានា។​ តើហេតុអ្វីក៏ពួក​គេមិនដែលនាំ​គ្នាក្រេបជញ្ជក់​នូវលទ្ធិប្រជាធិបតេយ្យ ​ដែលបានចាប់​ផ្ដើមមានកំណើត ​កវែកកឆ្នាំង​ចាប់ពីកិច្ច​ព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស ​ថ្ងៃទី២៣ ​ខែតុលា ​ឆ្នាំ១៩៩១។
តើពួកគេទំាងនេះ​មានបានអង្គុយ​គិតពិចារណាពីប្រវត្ដិសាស្រ្ដខ្មែរ​ ក្នុងសតវត្សចុង​ក្រោយទី២០ ទី២១ ​រហូតដល់ញ៉ាំង​ឲ្យមានកិច្ច​ព្រមព្រៀងស​ន្ដិភាពនេះដែរឬទេ? ​តើពួកគេមាន​ដែលបានគិតពី​សភាពការណ៍​នៅប្រទេសកម្ពុជារា​ប់សិបឆ្នាំកន្លងមក ​ទើបបានឈាន​ដល់ថ្ងៃទី៩ វិច្ឆិកា ​ឆ្នាំ១៩៥៣ ​ដែលសម្ដេចឪ ​«ព្រះបរមរតនកោដ្ឋ» ​បានតស៊ូដណ្ដើម​បានឯករាជ្យ​ពីប្រទេស​បារំាងឬទេ​? តើពួកគេមាន​ដែលបានគិត​ដល់រដ្ឋប្រហារ​ ថ្ងៃ១៨ មីនា ​ឆ្នាំ១៩៧០ ដែល​ឈានដល់ការ​បង្កយុគសម័យ​ញ៉ាំងដល់ក្រុម​របបខ្មែរក្រហម​ប្រល័យពូជសាសន៍ ​ក្ដាប់អំណាច​ជិត៤ឆ្នាំ ​កាប់សម្លាប់ខ្មែរ​គ្នាឯងអស់ប្រមាណ​៣លាននាក់ដែរឬទេ?

តើពួកគេមានដែល​បានគិតថា ​នរណា ​ឬក្រុមណាដែល​បានបូជាជីវិត​រំដោះកម្ពុជា​ឲ្យរួចផុតពីរ​បបប្រល័យ​ពូជសាសន៍នេះ ​រហូតដល់មាន​កិច្ចព្រមព្រៀងស​ន្ដិភាពនៅទីក្រុង​ប៉ារីសដែលមាន​ប្រទេសមហា​អំណាចទំាង៥ ​និងប្រទេស​មហាអំណាច​សេដ្ឋកិច្ចមួយ​ចំនួនទៀត ​បានខិតខំជួយ​កម្ពុជា រហូតដល់​លទ្ធិប្រជាធិប​តេយ្យរីកធំធាត់​មកដល់សព្វ​ថ្ងៃនេះ ​ដែលក្រុមប្រឆាំង​បាននិងកំពុង​ក្រេបជញ្ជក់ ​និងទទួល​ផលនូវផ្លែផ្កានេះ?

ករណីទំាងនេះ ​បើគេប្រៀបធៀប​អំពីយុគ្គសម័យ​ដែលបាន​រៀបរាប់ខាងលើ ​គឺខុសស្រទ្បះពីយុគ្គ​សម័យដែល​កើតទ្បើងនៅ​ប្រទេសភូមា ​បើយើងនិយាយកាត់​ឲ្យខ្លី គឺចាប់ពី​សម័យកាន់កាប់​របស់មហាអំណាច​អង់គ្លេសមក​លើប្រទេសភូមា ​រហូតដល់​សម័យរំដោះ​ឆ្នាំ១៩៤៨។​ បន្ទាប់មកទៀត ​យុគ្គសម័យ​ក្រុមយោធាធ្វើរដ្ឋ​ប្រហារឆ្នាំ១៩៦១ ​រហូតដល់​បានកាន់កាប់​អំណាចដល់​សព្វថ្ងៃ។ ​ សភាពការណ៍គឺ​ខុសគ្នាឆ្ងាយណាស់ពី​សភាពការណ៍​នៅកម្ពុជា។​
ប្រទេសភូមា​ ក្នុងយុគ្គសម័យនោះ​គឺត្រូវបិទឈឹង ​ហើយស្ថានភាព​ទើបតែបាន​រើបៗបើកចំហរ​បន្តិចម្តងៗ​ ក្រោយឆ្នាំ២០១០​ ប៉ុណ្ណោះ។
រីឯនៅកម្ពុជា​វិញ  បន្ទាប់​ពីបានរំដោះ​ប្រទេសជាតិ​ពីក្រញ៉ាំដៃប្រ​ឡាក់ឈាមរបស់​របបខ្មែរក្រហមនា​ថ្ងៃទី៧ មករា ​ឆ្នាំ១៩៧៩ ​គណបក្សប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ដែ​លដឹកនំាដោយស​ម្ដេចតេជោ ​ហ៊ុន សែន ​ដៃម្ខាងស្រវេស្រវ៉ាពី​បាតដៃទទេ ​ស្រោចស្រង់ជាតិ​ រំដោះសេដ្ឋកិច្ច រំដោះជីវ​ភាពប្រជាជន​កម្ពុជា រាជ​ធានីមួយដែល​មានរថយន្ដបួន​-ដប់គ្រឿងប៉ុណ្ណោះ ​គ្មានផ្លូវថ្ន​ល់ដើរ គ្មាន​ស្ពាន ប្រជាជនរស់​នៅវេទនាជាទី​បំផុត ប្រទេស​ទំាងមូលរស់នៅស្ងាត់ជ្រងំ។​ រហូតដល់​បច្ចុប្បន្ន ​តើពួកក្រុម​និងបក្សប្រឆំាង​មានដែលទទួល​ស្គាល់ថា ពួកខ្លួ​នបច្ចុប្បន្នកំពុងរ​ស់នៅក្នុង​បរិយាកាស​ទំនើប ​ ធ្វើការក្នុង​ការិយាល័យ​ទំនើប ​ជិះយន្ដហោះទំនើប​ បើកទ្បានទំនើប​លើផ្លូវទំនើប​ ឆ្លងកាត់​ស្ពានធំៗ​ទំនើប អង្គុយជ​ជែកគ្នាក្នុងហាងកា​ហ្វេទំនើបពាសពេញ​ទីក្រុង ​ការដើរដោយសេរី​ ប្រកបរបរជីវិតរបស់​ខ្លួនដោយសេរី ដែរឬទេ​?

ទន្ទឹមនឹងនេះ ​កម្ពុជាបានបង្ហាញ​ឲ្យឃើញនូ​វកំណើនសេដ្ឋកិច្ច​ឡើងខ្ពស់ ​ដែលពិភពលោកគេចាត់​ទុកថាកម្ពុជា​មានការអភិវឌ្ឍលឿន​ សន្ដិសុខ​ និងសុវត្ថិភាព​ត្រូវបានធានា។​ អ្នកវិនិយោគិន​ និងក្រុមហ៊ុន​ទំាងក្នុងប្រទេស​ ទំាងក្រៅប្រទេស​មានមោទនភាព​នឹងរស់នៅក្នុងប្រទេស​កម្ពុជា។ ​ស្ថាប័នអន្ដរ​ជាតិធំៗ​ ប្រទេសមហាអំណាច​ធំៗ គ្មានការព្រួ​យបារម្ភក្នុង​ការធ្វើទស្សនកិច្ច​ ឬក៏យកកម្ពុជា​ធ្វើជាម្ខាស់ផ្ទះក្នុងកិច្ច​ប្រជុំខ្នាតអន្ដរ​ជាតិធំៗ​។

ក្នុងន័យនេះហើយ ​អ្នកវិភាគនយោបាយ​ដែលមានសច្ចធម៌​ គេបានលើកទ្បើ​ងថា ​ហេតុអ្វីក៏ពួកប្រឆាំង​យកកម្ពុជា​ទៅប្រៀបធៀប​នឹងប្រទេសភូមា​ ដែលប្រទេសនេះទើ​បនឹងចាប់ផ្ដើមបើក​ទំព័រលទ្ធិប្រជា​ធិបតេយ្យតាមរយៈ​ការបោះឆ្នោត ​ដែលគេកំពុង​ឃើញលទ្ធផល​ជាបណ្ដើរៗនេះទៅវិញ​? តើពួកគេមាន​បានគិតថាតើ​នៅថ្ងៃអនាគតដ៏​ខ្លីខាងមុខ ​បន្ទាប់ពីលទ្ធផល​បានចេញផ្សាយ​ពេញលេញនឹង​មានដំណើរ​ការប្រព្រឹត្ដិទៅ​យ៉ាងណាទៀត? ម្យ៉ាងវិញទៀត​ របបគ្រប់​គ្រងរបស់​ភូមាបច្ចុប្បន្ន​ និងទៅអនាគត​ ថ្វីត្បិតមាន​ការផ្ទេរអំណាច​ទៅឲ្យគណបក្ស​ឈ្នះឆ្នោតថ្មី​យ៉ាងណាក៏ដោយ​ ក៏អំណាចពិ​សេសគឺស្ថិត​នៅក្នុងកណ្ដាប់​ដៃនៃក្រុមយោធាដ​ដែល ​គឺយោធាជាអ្ន​កកាន់កាប់​អំណាចការពារ​ សន្តិសុខជាតិ ​ការគ្រប់គ្រងព្រំដែន និងអំ​ណាចពិសេស​មួយទៀត​ ខណៈប្រទេស​ត្រូវប្រកាសអាសន្ន​  ដែលពេលនោះអំណាចនេះ​ត្រូវធ្លាក់លើក្រុ​មយោធាទំាងស្រុង។​
ត្រង់ចំណុចនេះ​យើងឆ្ងល់​ណាស់ថា​ ហេតុអ្វីក៏ក្រុម​ប្រឆំាងល្ងង់ខ្លៅដល់​ម្ល៉េះ ដែលរឿង​នេះខុសគ្នាទំាង​ស្រុងពីស្ថាន​ភាពនៅកម្ពុជាបច្ចុប្បន្ន​។

ក្រុមប្រឆំាង​គឺពិតជាកំពុ​ងវង្វេងវង្វាន់​មែនទែន ​ដែលបានប្រៀប​ធៀបដំណើរ​ការប្រព្រឹត្តទៅនៃ​នយោបាយនៅ​ប្រទេសភូមា ​ជាមួយនឹងនយោបាយ​នៅប្រទេសក​ម្ពុជា!

No comments:

Post a Comment