Friday, July 31, 2015

កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងទំនាក់ទំនងអន្តរជាតិ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ក្នុងពិធីផ្តល់​ប្រាក់រង្វាន់​របស់សម្តេច​តេជោ ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ដល់ជ័យលា​ភីក្នុងការ​ប្រកួតកីឡាស៊ី​ហ្គេមលើក​ទី២៨ ​នៅសឹង្ហបូរី​ ឆ្នាំ២០១៥ ​នៅថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលប្រារព្ធ​ឡើងនៅ ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា បានមាន​ប្រសាសន៍ថា​ «កីឡាមិនត្រឹម​តែនាំមកនូវ​សុខភាពល្អ ភា​ពសប្បាយរីក​រាយ និងស្មារតីស​ន្តិភាព ​សាមគ្គីភាព ​មិត្តភាព​ ភាតរភាពនិ​ងសហប្រតិ​បត្តិការរវាង​គ្នានិងគ្នា ​ក្នុងក្របខ័ណ្ឌជា​តិ ​និងអន្តរជាតិ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំងរួមចំណែកយ៉ា​ងសំខាន់ ​ដល់ការលើក​កម្ពស់កិត្យា​នុភាពជាតិ​នៅលើឆាក​អន្តរជាតិ​ផងដែរ។ ​ដូច្នេះ ​កីឡាករ កីឡា​ការិនី ​ប្រៀបបាន​ដូចជាអ្នក​ការទូត ​ដែលមាន​តួនាទីយ៉ាងសំ​ខាន់នៅក្នុង​ផ្នែកទំនាក់​ទំនងអន្តរជាតិ»​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន ​បានលើកឡើងថា ​វិស័យអប់រំកាយ ​និងកីឡា គឺអាទិភាពដ៏​សំខាន់ ​ដែលរាជរដ្ឋាភិ​បាលបាន​និងកំពុង​បន្តយកចិត្តទុ​កដាក់ ​ក្នុងការចូលរួម​អភិវឌ្ឍធនធាន​មនុស្ស ​ប្រកបដោយគុ​ណភាពខ្ពស់ ​ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​ប្រកបដោយចីរភាព​និងសមធម៌។ ​ឯកឧត្តមបណ្ឌិតស​ភាចារ្យ​ សុខ​ អាន បានចាប់​អារម្មណ៍ថា ​ជាការពិត​ ព្រឹត្តិការណ៍ប្រ​កួតកីឡាស៊ី​ហ្គេម គឺ​បាននាំមក​នូវបទពិសោធន៍​ថ្មីៗ និងកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយបណ្តាប្រទេស​ជាមិត្តបន្ថែម​ទៀត ហើយបទពិ​សោធន៍​ទាំងនេះនឹង​ជួយក្មួយៗកី​ឡាករ​ កីឡាការិនី ​ត្រៀមខ្លួនឱ្យ​កាន់តែប្រសើរ​ថែមទៀត ​សម្រាប់ការ​ប្រកួតជាអ​ន្តរជាតិនា​ពេលអនាគត​ ជាពិសេសការ​ប្រកួតកីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹងត្រូវ​ធ្វើជាម្ចាស់ផ្ទះ។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បន្តថា ​«ក្នុងន័យនេះ ​ខ្ញុំសូមលើក​ទឹកចិត្តឱ្យក្រសួង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​និងពង្រីកកិ​ច្ចសហប្រតិប​ត្តិការ ព្រមទាំងការ​ឧបត្ថម្ភគាំ​ទ្រគ្រប់បែបយ៉ាង ​ដើម្បីអភិវឌ្ឍ​វិស័យកីឡា​នៅកម្ពុជា​ឱ្យទទួលបាន​ជោគជ័យថ្មីៗ​បន្ថែមទៀត»​។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បានបញ្ជាក់ថា ​ចាប់តាំងពីឆ្នាំ​១៩៩៥មក ​កម្ពុជាយើង​បានចូលរួម​ឡើងវិញក្នុង​ការប្រកួត​កីឡាស៊ីហ្គេម​ ហើយរហូត​មកកម្ពុជា​ស្ថិតនៅលំដាប់​ថ្នាក់ទី៩ ​ឬទី១០ ​ចំណាត់ថ្នាក់​ក្រោមប្រទេសឡាវ​ជានិច្ច ​ប៉ុន្តែសម្រាប់កា​រប្រកួតស៊ី​ហ្គេមលើកទី​២៨ នៅស​ង្ហឹបូរីនេះ ​ដែលមាន១១​ប្រទេសចូលរួម​ កម្ពុជាយើង​ឈរនៅចំណាត់ថ្នា​ក់ទី៨​ ខណៈដែលប្រទេសឡាវ​ឈរនៅចំណាត់​ថ្នាក់ទី៩។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ ​អាន ​បានផ្តល់ជាអនុសាសន៍​ថា «ដើម្បីបន្តរ​ក្សាល្បឿននៃ​ភាពលូត​លាស់របស់វិ​ស័យកីឡា ​និងដើម្បីទទួលបា​នជោគជ័យ​កាន់តែខ្លាំងថែ​មទៀត ជាពិសេស​ក្នុងការប្រកួត​ស៊ីហ្គេមឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹង​ធ្វើជាម្ចាស់ផ្ទះ ក្រ​សួងអប់រំ​ យុវជន​ និងកីឡា ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​និងសហព័​ន្ធកីឡាជាតិ ​គួរបន្តជំរុញ​ការអភិវឌ្ឍធន​ធានមនុស្សផ្នែ​កកីឡាប្រកប​ដោយគុណភាព ​និងវិន័យខ្ពស់ តាមរយៈការ​ពង្រឹងអង្គភាព ​ស្ថាប័នហ្វឹក​ហ្វឺនកីឡាជាតិ ​និងការផ្តល់ឱ​កាសបន្ថែមទៀត ​ដល់ក្មួយៗ​យុវជនដែលមាន​ចំណង់ចំណូលចិត្ត ​និងទេពកោសល្យផ្នែ​កកីឡា ​កីឡាករ​ កីឡាការិ​នី គ្រូបង្វឹក​ និងមន្ត្រី​ជំនាញកីឡា ​ទៅសិក្សា និ​ងបណ្តុះបណ្តាល​ទាំងនៅ​ក្នុងប្រទេស ​ក៏ដូចជានៅ​បណ្តាប្រទេស​នានាដែលមាន​ជំនាញខ្ពស់​ផ្នែកកីឡាទាំ​ងនោះ។ ជាមួយគ្នា​នេះដែរ​ ការរៀបចំ​ផែនការមេសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមឆ្នាំ​២០២៣នេះ គួរត្រូវបានយ​កចិត្តដាក់ខ្ពស់ដើ​ម្បីឱ្យផែនការ​មេនេះមានធា​តុផ្សំ  ​និងខ្លឹមសារ​គ្រប់ជ្រុង​ជ្រោយ ​ជាលក្ខណៈវិទ្យាសាស្រ្តផង ​និងបច្ចេកទេស​កីឡាផង ​សំដៅពង្រឹង​វិស័យកីឡាជាតិ​ឆ្ពោះទៅរក​ឧត្តមភាព ​និងសក្តានុពលភាព​កាន់តែធំធេងប​ន្ថែមទៀត»​៕







No comments:

Post a Comment