Friday, July 31, 2015

កម្ពុជាឈរលើលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅសឹង្ហបូរី ជាលទ្ធផលប្រវត្តិសាស្រ្តក្នុងរយៈពេល២០ឆ្នាំមកហើយដែលពុំធ្លាប់ទទួលបាន

ឯកឧត្ត​មបណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​និងជា​ប្រធាន​គណៈកម្មា​ការជាតិ​អូឡាំពិក​កម្ពុជា​ ក្នុងពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់ សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដល់កីឡាករ​ កីឡាការនី​ជ័យលាភី​ការប្រកួត​កីឡា SEA Games ​លើកទី២៨​នៅ សឹង្ហបូរី ​នៅទីស្នាក់​ការគណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ នៅថ្ងៃទី​ ៣១ ​ខែកក្កដា ​ឆ្នាំ២០១៥​នេះ បាន​មានប្រសាសន៍​ថា ការ​ប្រកួត​កីឡាស៊ី​ហ្គេម ​លើកទី២៨​ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​ក្នុងចំណោម ​២២ប្រភេទ​កីឡា ​គឺមានតែ​៥ប្រភេទ​កីឡា ​ដែលកម្ពុជាទ​ទួលបាន​មេដាយគឺ៖ ​សីដក់ឈឺន​ឡូន មេដាយ​មាស១, និងសំរឹទ្ធ១, កីឡាប្រដាល់ស​កលមេដាយ​ប្រាក់១, កីឡាប៉េតង់ ​មេដាយប្រាក់៤ ​និងសំរឹទ្ធ៥, កីឡា​តេក្វាន់ដូ​ មេដាយ​សំរឹទ្ធ២ ​និងកីឡា​វាយកូន​បាល់ ​មេដាយសំរឹទ្ធ១។ ​«លទ្ធផល​ជ័យលាភី​ទាំងនេះ ​បានផ្តល់​ចំណាត់ថ្នាក់​កម្ពុជា ​ឈរលើលេខ​រៀងទី០៨ ​ក្នុងចំណោម​១១ប្រទេស​ស្ថិតនៅលើ ​ប្រទេសឡាវ​ ប្រ៊ុយណេ ​និងទីម័រខាងកើត​ ដែលកម្ពុជា​ពុំធ្លាប់​ទទួលបាន​ក្នុងប្រវត្តិកីឡា​SEA Games ​២០ឆ្នាំមកហើយ ​តាំងពីឆ្នាំ១៩៩៥»។​

ឯកឧត្តម​ ថោង ​ខុន ​បានគូស​បញ្ជាក់ថា ​ចំពោះការ​ប្រកួតកីឡាស៊ី​ហ្គេម ​លើកទី២៨ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​កម្ពុជាបានរៀប​ចំបញ្ជូន​ប្រតិភូកីឡា​ទៅចូលរួមចំនួន ​២៥៦នាក់ ​លើ២២ប្រភេទកី​ឡាក្នុងនោះរួមមាន៖​ កីឡាករ​ ចំនួន​ ១៤៨នាក់, កីឡាការិនី ចំនួន​ ២៨នាក់, គ្រូបង្វឹក ​ចំនួន៤២​នាក់ និងថ្នាក់​ដឹកនាំមន្ត្រីបំ​រើការចំនួន ​៣៨នាក់ ចំពោះការ​ប្រកួតនេះ ​កម្ពុជាទទួល​បាន ៖ មេដាយមាសចំ​នួន ១ វិញ្ញាសាត្រូ​វនឹង ៨គ្រឿង, មេដាយប្រាក់​ចំនួន​ ៥វិញ្ញាសាត្រូ​វនឹង ​៧គ្រឿង ​និង មេដាយសំរិទ្ធចំ​នួន ​៩វិញ្ញាសាត្រូវនឹង ​២២គ្រឿង។​

ឯកឧត្តម ​ថោង ខុន ​បានលើកឡើងថា ​ដើម្បីជាការ​លើកទឹកចិត្តដ​ល់កីឡាក​រកីឡាការិនីក​ម្ពុជា ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ​តែងតែ ជួ​យឧបត្ថម្ភប្រាក់​រង្វាន់ផ្ទាល់ដ​ល់កីឡាករ​ កីឡាការិនី ​និងគ្រូបង្វឹក​។ ជាមួយគ្នានេះដែរ​សំរាប់ ជ័យលាភី​ការប្រកួតកី​ឡាSEA Games លើកទី២៨នេះ ​សម្តេចទាំង​ពីរបានផ្តល់ប្រា​ក់រង្វាន់ ​សំរាប់កីឡាករ​ កីឡាការិ​នីដែលបានមេដាយមា​សទទួលបាន ​៥០០០ដុល្លារ, កីឡាករ កីឡាការិនី​មេដាយប្រាក់​ទទួលបាន ​៣០០០ដុល្លារ​, កីឡាករ​ កីឡាការិ​នីមេដាយសំ​រឹទ្ធទទួលបាន ​២០០០ដុល្លារ ​ចំណែកឯគ្រូបង្វឹក​ទទួលបាន​ស្មើកីឡាករ ​កីឡាការិនី​របស់ខ្លួន ដែលដ​ណ្តើមបានមេដា​យខ្ពស់បំផុត។​គ្រូជំនួយទទួលបាន ​៧០% នៃថវិកា​ដែលគ្រូបង្វឹក​ទទួលបាន។​


ឯកឧត្តម ​ថោង ​ខុន ​បានបន្តថា «​អ្វីដែលយើង​ទាំងអស់គ្នាកា​ន់តែរំភើប​ជាងនេះទៅទៀត​គឺ សម្តេចតេជោ ​បានសម្រេច​តម្លើងប្រាក់​ឧបត្ថម្ភរបបប្រចាំខែ​ និងរប​បអាហារ​សំរាប់ក្រុម​ជម្រើសជាតិ​ទ្វេមួយជាពីរ​ ដែលប្រការនេះ​បានជំរុញទឹក​ចិត្តកីឡាករ​ កីឡាការិ​នីអោយខិត​ខំប្រឹងប្រែង​ហ្វឹកហាត់ ​និងការប្រកួតឈា​នទៅដណ្តើម​បានមេដាយជូ​នជាតិមាតុភូមិ ​នាពេលនេះ»៕​

No comments:

Post a Comment