Friday, March 14, 2014

ឯកឧត្តម​​​បណ្ដិត​​​សភាចារ្យ សុខ អាន៖ ​យុវជន​​សហភាព​​​សហ​ព័ន្ធ​​​យុវ​ជន​​​កម្ពុជា​ ត្រូវ​​ធ្វើ​​​ខ្លួន​​ឲ្យ​​ក្លាយ​​ឃោស​​និក​​ដ៏ល្អ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ បាន​ផ្តល់​អនុសាសន៍​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយឃោសនិកដ៏ល្អ ក្នុង​ការ​ពន្យល់​ និង​ផ្សព្វផ្សាយ​ឲ្យ​យុវជន​យល់​ដឹង​អំពី​តួនាទីយុវជន​ និង​បេតិកភ័ណ្ឌ និង​តួនាទី​យុវជន​ និងការ​អប់រំ​វិជ្ជាជីវៈ។
 
ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​សម្ពោធដាក់​ឲ្យប្រើប្រាស់​ទីស្នាក់​ការ​ថ្មី របស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​តាកែវ​ ដោយ​ឯកឧត្តម​បានចាត់​ទុក​ថា​​ គឺជា​សមិទ្ធផល​ថ្មី​ដ៏សំខាន់មួយ​ទៀតរបស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជា ពិសេស​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ។ ​
 
ទាក់​ទង​តួនាទី​យុវជន និង​បេតិកភណ្ឌ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា កាល​ពីឆ្នាំ ២០១៣ កន្លងទៅ នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើកទី ៣៧ និង​ជាប្រធាន​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​​ដែល​មាន ១៩០ រដ្ឋភាគី​ជាសមាជិក​យុវជន​ក៏មានតួនាទីដ៏​សំខាន់​នៅក្នុង​វិស័យ​បេតិ​ក​ភណ្ឌ​ផង​ដែរ ​ដូច​ដែលបានឆ្លុះបញ្ចាំងនៅ​ក្នុងទស្សនា​ទាន​រួមមួយ​ក្រោមពា​ក្យស្លោក​ថា «យុវជន និង​បេតិកភណ្ឌ» ឬ«បេតិកភណ្ឌ​នៅក្នុង​ដៃយុវជន»។ នៅ​ក្នុងឱកាស​នោះវេ​ទិកាយុវជន​បាន​រំលេច ឡើង​នូវប្រធានបទ​ដ៏សំខាន់មួយគឺ«បេតិក ភណ្ឌ​រស់៖​ប្រាសាទ​បរិស្ថាន និងប្រជាជន» ក្នុង​គោ​ល​ដៅសំខាន់ ដើម្បីបញ្ជ្រាប​ការយ​ល់​ដឹង​អំពី​ទំនាក់​ទំនងប្រកប​ដោយ​ភាពសុខុដុម​រមនា​នឹង​គ្នា​រ​វា​ង​វប្បធម៌ បរិស្ថានដែល​រួមមាន ទឹក និង​ព្រៃឈើ និង​សហគមន៍។ ក្នុង​ការអនុវត្ត​កិច្ចការ​ដ៏មាន​សារសំខាន់​នេះ យុវជន​កម្ពុជា និង​យុវ​ជន​អន្តរ​ជាតិ ដែលស្ថិតក្រោម​ការដឹកនាំ​របស់​សហ​​ភាពសហព័ន្ធ​យុវជន​កម្ពុជា បាន​សម្រេច​នូវ​ជោគ​ជ័យថ្មីៗ​ថែមទៀត ដើម្បីលើកមុខមាត់​កម្ពុជា​លើឆា​កអន្តរជាតិក្នុង​កិច្ច​ការពារ និង​អភិ​រក្ស​បេតិកភណ្ឌជាតិ និង​បេតិកភណ្ឌ​ពិភ​ព​លោក។
 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វីដែល​ជាមោទនភាព​សម្រាប់​យុវជន​កម្ពុជាទាំង មូលផងដែរ​នោះគឺ​ថា​ក្មួយៗ​យុវជនស្ម័គ្រ​ចិត្ត ដែល​ធ្វើជា​អ្នកសម្រប​សម្រួល​កិច្ចទំនាក់​ទំនងនៅ ក្នុងឱកាសនោះត្រូវបាន​គណៈប្រតិភូ​ទាំងអស់​កោត​សរសើរ​ចំ​ពោះ​ប្រសិទ្ធភាព​ការងារ។ នេះជា​លើកទី ១ ហើយ​ដែលប្រទេស​មួយមាន​ចំណូល និងធ​ន​ធាន​មាន​កម្រិតបានទទួល​ខុសត្រូវ និងមានកិត្តិយស​ក្នុងការ​ទទួលស្វាគមន៍​គណៈប្រតិភូ​យ៉ា​ង​ច្រើ​ន​បានយ៉ាង​ល្អ​ប្រកប​ដោយជោ​គ​ជ័យដ៏ធំធេង និង​ទទួល​បាននូវ​ការកោត​សរសើរ និង​វាយ​តម្លៃ​ខ្ព​ស់ពី​សហគមន៍​អន្តរជាតិ។
 
មាន​ប្រសាសន៍​រំលឹក​ដល់​ ព្រឹត្តិការណ៍​ដ៏សំខាន់មួយទៀត​ ដែល​សហភាពសហព័ន្ធយុវជ​ន​កម្ពុជា​បានផ្តួចផ្តើម​គំនិត និងបានរៀប​ចំដោយផ្ទាល់ប្រកប​ដោយជោគ​ជ័យ​យ៉ាងធំធេង​នោះ​គឺ​អង្គរសង្រ្កាន្ត​ឆ្នាំ២០១៣ ដើម្បីអបអរសាទរ​ពិធីបុណ្យចូល​ឆ្នាំថ្មី ឆ្នាំ​ម្សាញ់​បញ្ចស័ក ពុទ្ធស័ក​រាជ ២៥៥៧ ស្របតាមប្រពៃណី​ជាតិ​ខ្មែរនៅ​លើទឹកដី​អង្គរដ៏បវរ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នោះគឺជាព្រឹត្តិកា​រ​ណ៍នៃ​ការប្រារព្ធ សង្រ្កាន្តដ៏ធំ និង​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​ពុំធ្លាប់មាន​ពីមុនមក​នៅ​តំបន់រមណីយដ្ឋានអង្គរ ហើយ​ក៏ជា​ឱកាស​ដ៏ប្រពៃសម្រាប់​បើកទំព័រ​សករាជ​ថ្មីឲ្យ​យុវជន បាន​ចូលរួមកាន់តែ​ខ្លាំងក្លា​ថែមទៀត នៅ​ក្នុង​កិច្ចការ​វប្បធម៌ សេដ្ឋកិច្ច និងសង្គម ក៏ដូច​ជាការ​ចូលរួម​ចំណែកថ្មីថែមទៀត​ដល់​ការ​លើក​ស្ទួយ និងថែរ​ក្សាអភិរក្ស​ទំនៀម​ទម្លាប់​វប្បធម៌​របស់​ជាតិយើង។
 
នៅ​ឆ្នាំនេះ​សហភាព​សហព័ន្ធយុវជន​កម្ពុជា មាន​ផែនការ​នឹងរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឲ្យកា​ន់​តែធំជាង​ឆ្នាំមុន​ទៅទៀត។
 
​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន បាន​ធ្វើការ​កត់​សំគាល់​ថា នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ដូចជា​ការបរិច្ចាគ​ឈាម ការ​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយឥត​គិត​ថ្លៃ ការចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ ការ​ចុះ​ជួយ​សង់ផ្ទះ​ជូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ ការជ្រើសរើស​សិស្ស​ពូកែ ការ​ផ្តល់​អាហា​រូបករណ៍ ថ្នាក់​ឧត្តមសិក្សា ការ​បញ្ចូន​សិស្ស និស្សិតទៅ​ចូលរួម​សិក្ខាសា​លា​ថ្នាក់​ជាតិ​ស្តីពី​​ការតម្រង់ទិស យុវជន​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ការ​រៀបចំ​ការ​ប្រកួត​កីឡា ការ​រៀបចំ​ពិធី​ដាំកូនឈើ ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពីសាលាក្តី​ខ្មែរ​ក្រហម និង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ជា​ដើម។ ទាក់​ទង​នឹង​ការ​តំរង់​ទិសការ​សិក្សា​​របស់​យុវជន​ខ្មែរ​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសា​ស​ន៍​​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ជា​រួម និង​ដោយ​ឡែកនៅ​ទីស្នាក់ការ​សហ​ភាព​​​សហ​ព័​ន្ធ​​យុវជន​ខេត្ត​តាកែវ​នេះ ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាមជ្ឈមណ្ឌលផ្តល់​ព័ត៌មាន​អំពី​​តំរូវការ​នៃ​ទីផ្សារ​ការងារ​ និង​តំរង់​ទិសឲ្យយុវជន​ជ្រើស​រើស​ការ​សិក្សាឲ្យ​ចំ​គោល​ដៅ។
 
ជាមួយ​នឹង​ការ​វាយ​តម្លៃ​ខ្ពស់​អំពី​តួនាទី​យុវជន​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ក្នុង​ការ​ចូល​រួម​កសា​ង​​​សមិទ្ធផលធំៗ ដែល​រាជ​រដ្ឋាភិបាលកន្លងមក ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសា​សន៍​បញ្ជាក់​ថា ការ​ចូលរួម​របស់ក្មួយៗ​មិនត្រឹមតែ​ជាការចូលរួម​ចំណែក​ជា មួយ​រាជ​រដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងជា​ការផ្តល់​ឱកាស​ដ៏ល្អ​ស​ម្រា​ប់​​ក្មួយ​ៗ​ក្នុងការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បីក្លាយ​ជាសរសរ​ទ្រូង​របស់​ប្រទេស​ជាតិ និង​ស័ក្តិ​សម​ជា «ទំពាំង​​ស្នងឫស្សី» យ៉ាង​ពិតប្រាកដ​ថែម​ទៀត​ផង។
 
ជាក់​ស្តែងយុវជនត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​យ៉ាង​សំខាន់ ជាប្រវត្តិសាស្ត្រ​ក្នុងក្រប​ខណ្ឌនៃ​ការ​អនុវត្តគោលនយោ​បាយចាស់​សកម្មភាព​ថ្មី ដើម្បីវាស់​វែងដីធ្លី​ចែកជូន​បងប្អូន​ប្រជា​ពលរដ្ឋ។
 
ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កំណើនសេដ្ឋកិច្ច ការ អភិវឌ្ឍ និង​សមិទ្ធផលធំៗទាំង​ឡាយ​នាពេលបច្ចុប្បន្ន​ពិតជាមិនអាចសម្រេចបានទេ ប្រ​សិន បើគ្មានការដឹកនាំដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋាភិបាល ជាពិសេស​ការដាក់​ចេញនូវ​គោលនយោ​បាយ​បើក​ចំហរជើង​មេឃ​នោះ។ សំខាន់​ជាងនេះទៀត តាមរយៈ​នយោបាយឈ្នះ-ឈ្នះ របស់ សម្តេច​​តេជោ ហ៊ុន សែន កម្ពុជាទទួលបាន​សុខសន្តិភាពយ៉ាង​ពេញលេញ​នៅទូទាំងប្រទេស ដែល​ពុំធ្លាប់មានក្នុងរយៈ​កាល​ប្រមាណ ៥០០ ឆ្នាំ​ចុង​ក្រោយនេះ។ សុខសន្តិភាព និងស្ថិរ​ភាព​នយោ​បាយ ​គឺជា​មូល​ដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់​ធានាបាន​នូវការអភិវឌ្ឍ​លើគ្រប់វិស័យ និង​សិទ្ធិ​សេរីភាព​របស់ប្រជា​ពលរដ្ឋ។
 
សូម​បញ្ជាក់​ថា បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ចំនួន​ទេសចរ​បរទេស​ចូល​មកទស្សនា​កម្ពុជា បានកើនឡើងជាលំដាប់ពីប្រមាណតែ ១២ ម៉ឺននាក់​ប៉ុណ្ណោះ​នៅឆ្នាំ១៩៩៣ រហូត​ដល់​ជាង ៤,២លាននាក់ នៅឆ្នាំ២០១៣ ជាមួយនឹងចំណូល​ក្នុង​សរសៃ​ឈាម​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ២.៥៤៧​លានដុល្លារ ដោយ​ផ្តល់ការងារ​ជូនប្រជា​ជន​ដោយ​ផ្ទាល់​ប្រមាណ ៤០ម៉ឺននាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺននាក់​ទៀត។ ក្នុង​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ យើង​រំពឹងថា​នឹងអាចទទួលបា​នភ្ញៀវទេសច​របរទេស​រហូតដ​ល់ប្រមាណ ៦,៥លាននាក់ ​នៅ​ឆ្នាំ២០១៨ ជាមួយ​នឹងចំណូលក្នុងសរ​សៃឈាមសេដ្ឋកិច្ច​ជាតិប្រមាណ ៤.១០០លានដុល្លារ និងផ្តល់ការងារជូ​នប្រជាជ​នដោយផ្ទាល់​ប្រមាណ ៦៥ ម៉ឺននាក់។
 
នៅក្នុងឆ្នាំ២០១១ កន្លងទៅ​រាជរដ្ឋាភិ​បា​លបានអនុម័ត​គោលនយោ​បា​យជាតិ​ស្តីពីការ អភិវឌ្ឍ​យុវជន​កម្ពុ​ជា ក្នុងគោលបំណ​ងជំរុញឲ្យគ្រប់​ក្រសួង ស្ថា​ប័ន​សាធារណៈ ផ្នែកឯ​កជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និងអន្តរ​ជាតិយកចិត្តទុកដា​ក់លើកកម្ពស់កា​រអភិវឌ្ឍ​យុវជន ដើម្បីឲ្យយុវ​ជន​គ្រប់រូប ជាពិសេ​សយុ​វជន ដែល​បាត់ប​ង់ឱកាស​ទទួលបា​ននូវ​ការបណ្តុះ​បណ្តាល​សមត្ថ​​​ភាព និងជំ​នាញស​ម្រាប់រួម​ចំណែកក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ។
 
លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធ​យុវជន​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីស្នាក់​ការ​ថ្មី របស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​តាកែវ​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ គឺ​មាន​បំពាក់​ទៅ​ដោយ​សំភារៈការិយាល័យ កុំ​ព្យូទ័រ និង​មាន​ប្រព័ន្ធអ៊ិន​ធើ​ណេត ដែល​អាច​ឲ្យ​យុវជនធ្វើការ​ងារ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បាន។
 
លោក សុខ​ពុទ្ធិវុធ និង​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ជាតិ​កម្ពុជា បាន​អះអាង​ថា យុវជនជំនាន់​ក្រោយប្តេជ្ញា​រៀន​សូត្រ​តាម និង​ដាច់​ខាតកា​រ​ពារសមិទ្ទិផល និង​កេរ្តិ៍មរតក ដែល​យុវជន​ជំនាន់មុន​បាន​កសាង និង​បន្សល់​ទុក​ឲ្យដែល​រួម​មាន៖ ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍន៍​៕

No comments:

Post a Comment