Friday, March 14, 2014

បទវិចារណកថា ៖ បាតុកម្ម គឺ​ជា​​ការ​​បំ​ផ្លាញ​​ការ​​ចរចា វាមិន​​មែនជា​ដំណោះ​ស្រាយ​ឡើយ



អត្ថបទដោយ៖  លី គាំ

          ដើម្បីបាន​​សម្រេចគោល​បំ​ណង​អ្វី​មួយ​របស់​ក្រុម​អ្នក​តវ៉ា ទាំង​អ្នក​នយោបាយ​ក្តី ទាំង​ការ​តវ៉ា​​របស់​ប្រជាពល​រដ្ឋ និង​កម្មករ​ក្តី​ គឺក្រុម​អ្នក​តវ៉ាតែង​តែ​ចង់​បាន​ប្រៀប​ឈ្នះលើ​ដៃគូម្ខាង​ទៀត។ 

ទម្លាប់​នេះ ត្រូវ​បាន​គណបក្សប្រឆាំង​ធ្វើ​ឡើង​តាម​រយៈការ​ធ្វើ​បាតុកម្ម​ កូដកម្ម និង​បាន​ជ្រុល​ជ្រួសរហូត​កើត​មាន​កុប្បកម្មទៀត​ផងនាពេល​កន្លង​មក​ ដើម្បី​ដាក់សម្ពាធទៅលើរាជ​រដ្ឋាភិ​បាល ជា​ពិសេស​ លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​ ជាលទ្ធផលចុងក្រោយ គណបក្ស​ប្រឆាំង​តែង​តែ​ទទួល​បរាជ័យ​ជាបន្ត​បន្ទាប់  ដូច្នេះ​មាន​តែការចរចា​ដោយ​​សន្តិវិធី និង​ផ្អែក​លើ​គោល​ការណ៍​ច្បាប់តែ​ប៉ុណ្ណោះ​ទើបជា​ដំ​ណោះ​ស្រា​យ​ប្រកប​ដោយ​សុខដុមនីកម្មទាំង​អស់​គ្នា​។

យ៉ាង​ណាមិញ​ ភាព​ជា​ដៃ​គូរសន្ទនា និងការចរចាប្រកប​ដោយ​សុឆន្ទៈ គឺទាម​ទារ​ឱ្យ​ភាគី​ចរចាទាំង​អស់​ត្រូវតែដម្កល់​ផលប្រយោជន៍​រួម​ជាធំ​ ដែល​មិន​អាច​គិត​តែ​ការ​ដាក់​គំ​នាប​លើ​ភាគី​ម្ខាង​ទៀត​ តាម​រយៈការពង្រីក​បន្ថែម​បញ្ហា​ថ្មីៗ បង្កើត​ជា​ឧបសគ្គបំ​ផ្លាញ​ដល់​ការ​ចរចានោះ​ឡើយ។

បើ​ក្រឡេ​កមក​មើលបញ្ហាបច្ចុប្បន្ន​ភាព​នៃ​ស្ថានការណ៍​នយោបាយនៅកម្ពុជា​ គឺ​គណបក្ស​ទាំង​ពីរ មិន​ត្រូវដាក់លក្ខខណ្ឌដ៏​ហួសហេតុ​ដាក់បន្ទុក​លើ​គ្នា​ រហូត​នាំ​ឱ្យ​មាន​ភាព​ជាប់​គាំ​ង​ឡើយ​។

ប៉ុន្តែ វិធីគំ​រាម​បែប​កាត់ផ្តាច់​ផ្លូវ​ចរចានេះ ត្រូវ​បាន​ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​យក​មក​អនុវត្ត​ជាមួយគណបក្សប្រជាជន​កម្ពុជា​ និងបានគំរាម​ធ្វើ​បាតុ​កម្ម​ជាថ្មី ក្នុង​ខ​ណៈ​ដែល​ការ​ចរចាមិន​ទាន់​ដល់​ទី​បញ្ចប់​នៅ​ឡើយនោះ។ ការ​ផ្លាស់​ប្តូរ​ជំ​ហរដ៏​ឆាប់​រហ័ស​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​​ការ​ដាក់​សម្ពាធថ្មី​ៗបន្ថែម​ដល់​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បី​ជាថ្នូរជា​មួយ​នឹងការ​តថ្លៃ​តំណែង​ផ្សេង​ៗតែ​ប៉ុណ្ណោះ។

ការធ្វើ​បាតុកម្ម​ កូដកម្ម​ នាពេល​កន្លង​មក​ បាន​បង្ក​នូវ​ការ​រាំង​ស្ទះ​ និង​រំ​ខាន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ និង​នាំឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ បរិយាកាសនយោបាយ​សង្គម សេដ្ឋ​កិច្ច​​ជា​ខ្លាំង​។ ជាក់​ស្តែង ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញទើបតែមាននូវសេចក្តីរីក​រាយ​សប្បាយចិត្ត​ជា​ថ្មី​​ និង​មាន​ដំណើរការ​រកស៊ីជា​ប្រក្រតីឡើង​វិញ​នាពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ ក្រោយពេល​ដែល​​​សមត្ថកិច្ច​រាជរដ្ឋាភិបាល​​​បាន​រៀបចំ​ចាត់វិធានការណ៍​លើ​ក្រុមអនាធិបតេយ្យ ឬបាតុករជ្រុល​និយ​ម​នៅទី​លា​ន​ប្រជាធិបតេយ្យ ដោយបង្រ្កាបទៅ​លើក្រុម​តវ៉ាបំ​ពាន​ច្បាប់​របស់​​​​គណបក្ស​សង្រ្គោះ​​​ជាតិ​ ​នា​ថ្ងៃទី០៤ ខែ​មករា​ឆ្នាំ​២០​១៤ កន្លងមក​។

ប៉ុន្តែ​ភាពស្រអាប់​នេះ​បាន​កើត​មានឡើង​វិញ​ដោយសារ​លោក សម រង្ស៊ី  បានប្រកាស​កាល​​ពីថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១៤ នៅក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​នៅឯ​ឃុំ​អូរាំង​ឪ ខេត្តត្បូងឃ្មុំ ប្រាប់​ប្រជាពលរដ្ឋនៅទីនោះថា « នឹង​ឈប់ចរចា​ជាមួយ​បក្ស​កាន់អំណាច» ​ដោយលោក សម រង្ស៊ី បាន​​ចោទប្រកាន់ថា គណបក្ស​ប្រជាជនកម្ពុជា​ គ្មានឆន្ទៈស្មោះត្រង់ណាមួយ​ដែល​ចង់​ឲ្យមាន​កំណែ​ទម្រង់​ស្ថាប័ន​​ការបោះ​ឆ្នោត​នោះទេ​ និង​បាន​លើក​ឡើង​បន្ថែមទៀតថា « ជម្រើស​របស់​គណបក្ស​​សង្រ្គោះ​ជាតិ​ គឺគ្មាន​អ្វីក្រៅ​ពី​បាតុ​កម្ម​នោះ​ឡើយ»​។​

យោងតាម​​សេចក្តីប្រកាសរួម រវាងក្រុម​ការងារ​គណ​បក្ស​ប្រ​ជាជនកម្ពុជា និងក្រុម​ការងារ​គណបក្សសង្រ្គោះជាតិ​ ដែល​បាន​ជួបចរចាគ្នា​នៅ​ឯ​វិមានព្រឹទ្ធសភា នា​ថ្ងៃ​ទី១៨ ខែ កុម្ភៈ ឆ្នាំ​២០១៤ នៅចំណុច២ បានចែងថាៈ ដើម្បីរៀបចំ​ក្របខណ្ឌការបោះឆ្នោត​​នេះ គណៈ​កម្មការចម្រុះ​​ត្រូវ​​រៀបចំ​ឲ្យមានសិក្ខា​​​សាលាជាតិមួយ ដើម្បី​បើក​ទូលាយ ឲ្យមាន​ការ​ចូលរួម​​យោបល់​ និង​អនុ​សាសន៍​​​នានា​ពីសំណាក់​​​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​​​​ រួមទាំងដៃគូ​អភិវឌ្ឍន៍ គណ​បក្ស​នយោ​បាយ​​ដែ​ល​បាន​ចុះ​បញ្ជី​ សង្គមស៊ីវិលដែលមាន​ជំនាញលើការ​បោះ​ឆ្នោត​ព្រម​ទាំង​តួអង្គ​ពាក់ព័ន្ធ​។ ទន្ទឹម​នេះ​​ត្រូវ​បង្ក​លក្ខ​ណៈ​​ឲ្យមានការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​មតិ​យោ​បល់​សម្រាប់ការ​កែ​ទម្រ​ង់​​​ការ​បោះឆ្នោត​ ជាអាទិ៍​ តាមរយៈ​វេទិ​ការ​សាធារ​ណៈ​ ហើយ​កិច្ច​ព្រម​​ព្រៀងនេះបានចុះ​ហត្ថលេខា​ដោយ​តំ​ណាង​គណបក្ស​នយោបាយ​ទាំង​ពីរ។

សួរថា តើគណបក្សសង្រ្គោះជាតិ​មាន​ឆន្ទៈ​ស្មោះ​ត្រង់​ឬទេ?​ ចំ​លើយពិត​នោះ គឺគ្មានទេ នៅដើមខែមីនា ឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិ​ចូលរួម​បើក​សិក្ខា​​សាលា​មួយនៅ​សណ្ឋាគារ​Imperial ភ្នំពេញ គឺគណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើងដោយ​ប្រញ៉ាប់​ប្រញាល់​បំ​ផុត ពី​ព្រោះ​តែ​គេបាន​បញ្ចុះ​បញ្ចូល​ដោយ​ជោគ​ជ័យ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន​ ដែល​ជា​ដៃ​គូររបស់​គេ ដើម្បី​ការ​ចូល​រួមក្នុង​វេទិកានោះ​ ដែល​សម្ព័ន្ធ​អង្គ​ការ​ទាំង​នោះ​ហើយ​ធ្លាប់​បាន​ធ្វើ​របាយការណ៍​បំ​ភ្លើស​ ស្តី​ពី​ ដំ​ណើរការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​នាពេល​កន្លង​មក​។

ក្នុង​ពេល​កំ​ពុង​ចរចា បែរជា​ភាគី​ម្ខាងចេញ​មក​ស្រែក​ទាំង​​ទទឹងទិស ថា ឈប់ចរចា និង​ ប្រកាសធ្វើបាតុកម្មទៅវិញបែប​នេះ គឺមាន​តែ​លោក សម រង្ស៊ី និង​ក្រុម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ដែល​រំ​លោភ​លើ​ឆន្ទៈរបស់​ប្រជាពល​រដ្ឋ​ ហើយ​ដែល​ត្រូវ​បាន​ជួយ​បន្ទរដោយ​សម្ព័ន្ធ​អង្គការមួយ​ចំ​នួន​ជា​បក្ខពួក​។  
         
ដូច្នេះ ការ​ចរចាដើម្បី​ផល​ប្រយោជន៍​ជាតិ​ គឺ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​កំ​ហឹង ឬ​ដោយ​ចិត្ត​រវើ​រវាយ​តាម​អារម្មណ៍ ឬក៏​បង្កើត​បញ្ហា​ថ្មី​ៗ ដាក់​គំ​នាប​លើ​ដៃ​គូចរចានោះ​ឡើយ។ ការ​ផ្តាច់​ផ្លូវ​ចរចា គឺ​ជាការ​បំ​ផ្លាញ​គោល​ការណ៍​ឯកភាពជាតិ និង​ជា​ការ​បង្ហាញ​នូវ​ចេតនាប៉ុនប៉ង​ដើរចេញ​ពី​រង្វង់​ច្បាប់ គឺមាន​តម្លៃ​ស្មើនឹង​ការ​បិទដង្ហើម​ខ្លួន​ឯង ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ឈ្នះ​​​ឆ្នោត មិន​មែន​ជា​ចំ​ណាប់​ខ្លាំង​របស់​អ្នក​ចាញ់​ឆ្នោត​នោះ​ឡើយ។

ម៉្យាងវិញ​​ទៀត ការ​ប្រកាសជំ​ហរជាថ្មី​តាម​រយៈព្រមាន​ធ្វើ​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​គណ​បក្ស​​នយោបាយ​ម្ខាង​ទៀត​ដែល​រឹងមាំ​ជា​គណបក្ស​ខ្លួន​ គឺ​មិន​មែន​ជា​ជំ​ហាន​ត្រឹម​ត្រូវ​ក្នុង​ការ​បញ្ចប់​បញ្ហាដើម្បី​បំ​រើ​ផល​ប្រយោជន៍​រួម​របស់​ជាតិ​ឡើយ។ គណបក្សសង្គ្រោះ​ជាតិ​ គួរផ្លាស់​ប្តូរ​ឥរិយាបទ​នេះ​ បើសិន​ជា​ស្មោះ​ត្រង់​ជាមួយ​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត​មែន​នោះ៕

No comments:

Post a Comment