Wednesday, December 11, 2013

សម្តេច​អគ្គ​មហា​សេនា​​បតី​​តេ​ជោ​ ហ៊ុន សែន ឧទ្ទិស​​ការ​ឈឺចាប់​​ដោយ​​ពិការ​ភាព​ទៅ​ជា​​ឱកាស​​មាស​​សម្រាប់​​ជន​​ពិការ​

ថ្លែងសុន្ទរកថា​នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុង​មិ​ទ្ទិញ​អបអរសាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី១៥ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី៣១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ក្រោម​ប្រធានបទ «​លុប​បំបាត់​ឧបសគ្គ​នានា និង​ផ្តល់ឱកាស​ដល់​ជនពិការ​ដើម្បី​សង្គម​មួយ​សំរាប់​យើងទាំងអសគ្នា​»​ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឧទ្ទិស​ទិវា​នៃ​ជន​ពិការ​ដោយ​ត្រូវ​ប្រែក្លាយ​ការ​​ឈឺ​ចាប់ពី​ពិការភាព​នេះ ​ឲ្យ​ទៅជា​ឱកាស​​មាននៃ​ការ​បង្កើន​សមត្ថភាព ការ​រឹតចំណង​សាមគ្គីភាព និង​ស្មារតី​ម្ចាស់ការ ក៏​ដូច​ជា​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​​អនុញ្ញាតិឲ្យក្រសួង​អប់រំ​ធ្វើការ​​ជ្រើសរើស​គ្រូ​បង្រៀន​ក្រម​ខណ្ឌ​រដ្ឋ​ គឺ​ចំនួន ៦០០០នាក់ ក្នុង​ឆ្នាំ​២០១៤។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ឧទ្ទិស​ទិវា​នេះ​ជា​ការ​ប្រែក្លាយ​សេចក្តី​ឈឺ​ចាប់​ដោយ​ពិការភាព​ទៅជា «​ឱកាសមាស​»​ នៃ​ការ​បង្កើន​សមត្ថភាព និង​ទេពកោសល្យ​ថ្មីៗ ការ​លើក​កម្ពស់​សិទ្ធិ ការ​​រឹតចំណង​សាមគ្គីភាព កិច្ច​សហការ​គ្នា និង​ស្មារតី​ម្ចាស់ការ​របស់​ជន​ពិការ​»​។ ​ សម្តេច​នាយក​​រដ្ឋមន្ត្រី​ថ្លែង​ថា ខ្ញុំ​សូម​ថ្លែង​នូវ​ការ គាំទ្រ​ចំពោះ​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​លើកកម្ពស់​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​លើកទឹកចិត្ត ព្រមទាំង​ការ​ផ្តល់ត​ម្លៃ និ​ង​សេច​ក្តី​ថ្លៃថ្នូរ​ដល់​ជន​ពិការ​គ្រប់រូបក្នុងនាម​ជា​មនុស្សជាតិ។ នៅក្នុង​សុន្ទរកថា សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំយុវជន និង​កីឡា និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​ពិនិត្យ​អំពី​ការ​បញ្ចូល​គ្រូបង្រៀន​នៅ​តាម​បណ្តា​អង្គការ​នានា ​ចូល​ជា​ក្របខណ្ឌ​គ្រូ​បង្រៀន​របស់​រដ្ឋ​បាន​ទទួល​ប្រាក់បៀវត្ស​ពីរ​ដ្ឋ ដូចដែល​ធ្លាប់​បាន​អនុវត្តន៍​នៅអង្គការ​គ្រួសារ​ថ្មី ដោយ​បញ្ចូល​ជា​គ្រូ​ក្របខណ្ឌ​រដ្ឋ​រួច​ហើយ​នោះ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​គ្រូបង្រៀន​នៅ​តាម​អង្គការ​នានា​ចូល​ទៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ​នោះ ក្នុង​គោលបំណង​ឲ្យ​ពួក​គេ​​ទទួល​បាន​ប្រាក់ខែ​ពី​រដ្ឋ​ផង និង​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​អង្គការ​ផង​ដែរ​។


សម្ដេច​បាន​មានប្រសាសន៍ថា ឆ្នាំ២០១៤ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ជ្រើសរើស​គ្រូ​បង្រៀន​ក្រម​ខណ្ឌ​រដ្ឋ​គឺ​ចំនួន ៦០០០នាក់​ ដែល​ឆ្នាំមុនៗ​ជ្រើសរើស​តែ ៥០០០នាក់​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​២០១៥ ការ​ជ្រើសរើស​គ្រូបង្រៀន​គឺ​មាន​ចំនួន ៧០០០នាក់ ដូចនេះ​យើង​អាច​បញ្ចូល​គ្រូៗ ដែល​ស្ថិត​នៅ​តាម​អង្គការ​នានា​ទូទាំង​ប្រទេស​ឲ្យ​ចូល​ជា​ក្របខណ្ឌ​គ្រូ​តែម្តង មិនអាច​បញ្ចូល​អង្គកា​​រ​មួយ​ ហើយ​អង្គការ​មួយទៀត​មិន​បញ្ចូល​នោះ​ទេ​។​ សម្ដេច​នាយក​រដ្ឋ​មន្ដ្រី​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំយុវជន និង​កីឡា​ រៀបចំ​ចងក្រង​នូវ​ឯកសារ​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជន​ពិការ​ដែល​អង្គការ​គ្រួសារ​ថ្មី​បាន​បង្កើត​ឡើង​ សម្រាប់​បង្រៀន​កុមារ​ពិការ​ភ្នែក​ដើម្បី​ឲ្យ​ឯក​សារ​នេះ​ត្រូវ​បាន​បោះពុម្ព និង​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ ដោយត្រូវធ្វើ​ឯកភាព​វូប​នីយកម្ម​នៃ​សញ្ញា​ភាសា គ រួចហើយ​រៀបចំ​ឲ្យ​ទៅជា​សញ្ញា​រួម។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ធ្វើ​បែបនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ជន​ពិការ គ ថ្លង់ អាច​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​មិន​ពិការ​បាន និង​អ្នក​មិន​ពិការ​ក៏​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ពិការ​បាន​ទូលំទូលាយ ​ផង​ដែរ​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ​រាជ​រដ្ឋា​ភិ​បាល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ប​ន្ថែ​ម​ទៀត ដើម្បី​ជួយ​ដល់​ជន​ពិការ ដោយ​បាន​បន្ត​អនុវត្តន៍​ច្បាប់​ស្តី​ពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ការជំរុញ​កិច្ចការពារ​លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​ជនពិការ ស្របតាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ពិការ ព្រម​ទាំង​ការ​ពង្រឹង​គុណភាព និងប្រសិទ្ធភាព នៃ​សេវា​របស់​មូលនិធិ​ជន​ពិការ​។​ «​ខ្ញុំ ​សូម​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​កំពុង​អនុវត្តន៍​នៅ​ លើ​ទឹកដី​កម្ពុជា ក្នុង​ទិសដៅ​ដោះស្រាយ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់​ជន​ពិការ​ឲ្យ​ បានជា​ផល​ប្រយោជន៍​ដល់​ជន​ពិការ​គ្រប់​សញ្ជាតិ​គ្រប់​ពណ៌​សម្បុរ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​នៃ​កម្ពុជា​»​។​

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានថ្លែង​ឲ្យ​ដឹង​​ថា កម្ពុជា​កំពុងតែ​គាំទ្រ និង​ជំរុញ​ដល់​ការ​អនុវត្ត​​អនុសញ្ញាអូ​តា​វ៉ា​ស្តី​ពី​ការ​ហាម​ប្រាម​ការប្រើប្រាស់ ការ​រក្សា​ទុក ការផលិត ការផ្ទេរ​គ្រាប់​មីន​​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន ការអនុវត្ត​ក្របខណ្ឌ​ការងារ​ទសវត្សរ៍​ប៊ី​វ៉ា​កូ និង​ប៊ី​វ៉ា​កូ​បូក ៥ ទសវត្សរ៍​ថ្មី​នៃ​ជន​ពិការ​ប្រចាំ​អាស៊ី​និង​ប៉ាស៊ីហ្វិក ផែនការ​យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​សម្រាប់​​ជន​ពិការ​ឆ្នាំ ២០១៣-២០២២ និង​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ ។

សម្តេចតេ​ជោ​ថ្លែង​ថា ជន​ពិការ​គឺ​ទទួលផល​វិបាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ចាំបាច់​ត្រូវ​មាន​កិច្ច​សម្របសម្រួល​ពិសេស​នានា ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ក្នុងនាម​ជា​ មនុស្សជាតិ​។ សម្តេច​តេ​ជោ​ថ្លែង​ថា ចំពោះមុខ​នេះ កម្ពុជា​បាន​ត្រៀម​ជាស្រេច​ក្នុង​សហការ ជាមួយ​​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុង​ការ​កៀរគរ​រាល់​ការ​ឧបត្ថម្ភ​គាំទ្រ ដើម្បី​អនុវត្តន៍​ទសវត្សរ៍​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​ «​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​»។

សម្តេច​បាន​ផ្ដល់​នូវ​អនុសាសន៍​ជាក់ស្ដែង​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការ​អនុវត្ដ ​និង​ជាការ​ចែករំលែក​នូវ​គំនិត​ថ្មីៗ​បន្ថែម​ទៀត​សំរាប់​អនុវត្ត​បន្ត​ ក្នុងនោះ​រួមមាន​៖​ត្រូវ​បន្ដ​ពង្រឹងពង្រីក​វិធានការ​ទប់ស្កាត់​ពិការភាព ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត តាមរយៈ​ការបន្ដ កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៅ​ក្នុង​សង្គម ទប់ស្កាត់​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​​ការងារ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការដោះមីន និងកាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ពង្រឹង​សេវា​ស្ដារ​លទ្ធភាព ពលកម្ម អប់រំ ផ្សព្វផ្សាយ​ការបង្ការ​ពិការភាព​ឱ្យបាន​កាន់​តែ​​ទូលំទូលាយ​, ត្រូវ​បន្ដ​ជំរុញ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​លិខិត​បទដ្ឋាន​ គតិយុត្តិ​ក្រោម​ច្បាប់​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​, ត្រូវ​ចូលរួម​អនុវត្ដ​អនុសញា​អន្ដរជាតិ​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​ភាគី​ដូចជា អនុសញ្ញា​អូ​តា​ស្ដីពី​ការហាម​ប្រាម ការប្រើប្រាស់ ការ​រក្សាទុក​ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​, ត្រូវ​បន្ដ​ពង្រឹង​ពង្រីក​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជនពិការ ​ឱ្យមាន​និរន្ដរភាព តាមរយៈ​ការ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អង្គការ​ជាតិ ​អន្ដរជាតិ​​ និងដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​កៀរគរ ប្រភព​ធនធាន​ក្នុងការ​ដំណើរការ​កម្មវិធី និង​ការ​ផ្ដល់សេវា​តាម​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ​ទូទាំង​ប្រទេស ,​ត្រូវ​បន្ដ​ពង្រឹង​ពង្រីក​ស្មារតី​ម្ចាស់ការ​របស់​ជន​ពិការ​ផ្ទាល់ ដែល​ជា​កត្ដា​គន្លឹះ​នៃ​ការងារ​ជនពិការ ,​ត្រូវ​បន្ដ​ការ​កៀរគរ​ប្រភព​ធនធាន ដើម្បី​អភិវឌ្ឍ​វិស័យ​សុខុមាលភាព​ជនពិការ ,​ត្រូវ​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន រោង​ចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ក្នុង​ការងារ​ជនពិការ ការ​អនុវត្ដ​ដោយ​ស្ម័គ្រចិត្ដ ភ្ញាក់រលឹក​នូវ​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​ជនពិការ ដោយ​ដាក់បញ្ចូល​បញ្ហា​ពិការភាព ទៅក្នុង​សកម្មភាព​​របស់ខ្លួន ហើយ​បង្ករ​លក្ខណៈ​ឱ្យ​ជនពិការ​ទទួលបាន​នូវ​ការធ្វើសមាហរណកម្ម​ក្នុង​កម្រិត​អតិបរមា​។ គ្រប់​ស្ថា​នី​យ៍​វិទ្យុ របស់​រដ្ឋ និង​ឯកជន​ព្រម​ទាំងគ្រប់​ភ្នាក់ងារ​សារព័ត៌មាន សូម​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​ការយកចិត្តទុកដាក់​និង​ ការលើកស្ទួយ​សុខុមាល​ភាព​​ជនពិការ​នៅ​កម្ពុជា ពិសេស​ត្រូវមាន​ការបកប្រែ​ជា​ភាសា​សញ្ញា​នៅតាម​បណ្តា ស្ថា​នី​យ៍​ទូរ​ទស្ស​ន៏ ដើម្បី​សម្រួល​ដល់​ជនពិការ​ក្នុង​ការ​ទទួល​ព័ត៌មាន​ផ្សេងៗ។

សូម​បញ្ជាក់​ថា ការ​ប្រារព្ធទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៥ និង​ជនពិការ​អន្តរជាតិ​លើក​ទី​៣១ មាន​​គោលបំណង​បង្ហាញ​ពី​សមិទ្ធ​ផល​នានា លើ​វិស័យ​សុខមាលភាព​ជនពិការ​វិស័យ​ពិការ​ភាព ពិសេស​ការលើក​កំពស់​សិទ្ធិ​ជនពិការ​ឱ្យស្រប​តាម​អនុសញ្ញា​ស្តីពី​ជនពិការ ​ទស្សវត្ស​ជន​ពិការ​​ឆ្នាំ​២០១៣-២០២២ ដែល​ហៅ​យុទ្ធសាស្ត្រ​អ៊ី​ឈាន់ ធ្វើឱ្យ​សិទ្ធ​ក្លាយជា​ការពិត ។

ឯកឧត្តម វង សូត រដ្ឋ​ម​ន្រី្ត​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​សំដែង​អំណរ​​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះករុណា ​ព្រះបាទ​ សម្តេច​ ព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេស​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​បុព្វហេតុ​ជនពិការ​កម្ពុជា​។ បន្ថែម​លើ​នេះ​ទៀត សម្តេច​បាន ​ជួយ​ជា​សំភារៈ​ថវិកា ​ដល់​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម មជ្ឈមណ្ឌល​កុមារ​ពិការ គ​-​ថ្លង់ ​កសាង​តំបន់​អភិវឌ្ឍ​ន៏​លំនៅឋាន​ជនពិការ​នៅ​តំបន់​តាកែ​ន​កោះស្លា ខេត្តកំពត​,​ស្រុក​គូ​លេន​ខេត្តសៀមរាប និង​ភ្នំ​ឆ័​ត្រ ​ខេត្តបន្ទាយមានជ័យ និង​បានដាក់​ប​ញ្ជូ​ល​គម្រោង​ទាំងនេះ​ទៅក្នុង​គម្រោង​វិនិយោគ​សាធារណៈ​របស់​ រដ្ឋ​ទៀតផង​។

យោង​ជំរឿន​ទូទៅ​ប្រជារាស្ត្រ​ឆ្នាំ​២០០៨​ប្រទេស​កម្ពុ​ជា​មាន​ជនពិការ​ ចំនួន​១៩២​ពាន់​៥៣៨​នាក់​ស្មើ​និង​១,៤៤%​នៃ​ចំនួន​ប្រជាជន​សរុប៕

No comments:

Post a Comment