Friday, November 25, 2022

ប្រធានអាយប៉ាលើកទី៤៣ បង្ហាញចំណុចជោគជ័យធំៗចំនួន៥ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗចំនួន៥ នៃមហាសន្និបាតអាយប៉ា ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបិទមហាសន្និបាតនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា លទ្ធផលសំខាន់ៗរួមមាន៖

ទី១៖ មហាសន្និតបាតលើកទី៤៣នេះ អាយប៉ាបានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤។
ទី២៖ អាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍។
ទី៣៖ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។
ទី៤៖ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពគ្នាយ៉ាងរឹងមាំ។
ទី៥៖ អាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សម្តេចពញាចក្រី ហេង សំរិន បានបន្តថា នេះជាភាពជោគជ័យ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងការពង្រឹងយន្តការសភាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងសកលលោក ខណៈអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ ៦៥០លាននាក់។

សម្តេចពញាចក្រី ហេង សំរិន សង្កត់ធ្ងន់ថា អាយប៉ាជាតំណាងឱ្យឆន្ទៈ និងផលប្រយោជន៍នៃប្រជាពលរដ្ឋ បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។ អាយប៉ាអាចជួយកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពនៃប្រទេសរបស់ខ្លួន ហើយតាមរយៈលទ្ធផលមហាសន្និបាតនាពេលនេះនឹងត្រូវបានយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានេះដែរ សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថា មហាគ្រួសារអាយប៉ាទាំងអស់គ្នានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោក។

សូមជម្រាបថា មុនពីធីបិទមហាសន្និបាតលើកទី៤៣ ប្រធានគណៈប្រតិភូសមាជិកអាយប៉ា ដែលបានចូលរួមមហាសន្និបាត បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍រួមនៃមហាសន្និបាត (Joint Communique) ហើយក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សភាកម្ពុជាបានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអាយប៉ាមួយចំនួន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការលើកកម្ពស់អាយប៉ា និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យមហាសន្និបាតលើកទី៤៣ បានដំណើរការមកប្រកបដោយជោគជ័យរហូតដល់ពេលបិទបញ្ចប់នេះ។

ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត បន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងជាប្រធានអាយប៉ាលើកទី៤៤ ជូនដល់លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី៕




No comments:

Post a Comment