Tuesday, December 22, 2020

គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុង ក្នុងស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយពីអនុសាខាស្រុកសាមគ្គីមានជ័យ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្រ្តីអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុងចំនួន ១គ្រួសារ មានឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ និងកូនក្នុងបន្ទុក ០១នាក់ ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលផ្ទះមានទំហំ ៤ម x ៤ម រួមជាមួយសម្ភារ ថវិកា មួយចំនួនទៀត មូលហេតុដោយសារផ្ទុះផ្ទាំងសូឡាពន្លឺព្រះអាទិត្យ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលនឹកស្មានមិនដល់នេះ ក្នុងខណៈដែលបងប្អូនកំពុងជួបប្រទះនូវបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងវិបត្តិកូវីដ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល។

ម្យ៉ាងទៀត លោកប្រធានក៏បានពាំនាំប្រសាសន៍ចូលរួមសួរសុខទុក្ខ និងសោកស្ដាយពីសំណាក់លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្តកំពង់ឆ្នាំង , លោក អម សុភា ប្រធានគណៈកម្មាធិការសាខាខេត្ត ចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ។

ក្នុងនោះ លោក ឈួន ចាន់ណា ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះត្រូវខិតខំប្រឹងប្រែងបង្កើនជីវភាពរបស់ខ្លួន ឡើងវិញនិងប្រុងប្រយ័ត្នជានិច្ច។

លើសពីនោះ លោកក៏បានអំពាវនាវ សូមឱ្យមានការប្រុងប្រយ័ត្ន រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសពីជំងឺកូវីដ ១៩ ដែលកំពុងតែបង្កហានិភ័យដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

អំណោយដែលអនុសាខានាំមកជូននាឱកាសនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី០១កេស ,ត្រីខ ០១យួរ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៉ីវ ,តង់ធំ ០១ ,កន្ទេលជ័រ ០១ ,ឆ្នាំងបាយ ០១ ,ឆ្នាំងសម្ល ០១ ,ចានបាយ ០៥ ,ចានសម្ល ០២ ,ស្លាបព្រា ០១ឡូ ,ឃីត ០១កញ្ចប់ (ភួយ ០១, មុង ០១, ក្រម៉ា ០១, សារុង ០១ ) និងថវិកា ៥០,០០០រៀល៕



No comments:

Post a Comment