Saturday, June 06, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដាស់តឿនដល់ជនរួមជាតិទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ដែលពុំទាន់មានថ្នាំព្យាបាល

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសសូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេនិង បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកដែលមានខ្លឹមសារថា « សុខស​ប្បាយជាទេ បងប្អូនជនរួមជាតិជាទីនឹករឮក?
ខ្ញុំសូមរំឮកដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសសូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិ ភពលោក។ កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ទោះអត្រាឆ្លងរោគកូវីដ ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះជាដាច់ខាត។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស់ និងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែល»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំ​ពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងជែលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមគ្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាស់សម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តសំណូមពរដល់បងប្អូនជនរួមជាតិបន្តសហការជា​មួយក្រសួងសុខាភិ​បាល មន្ទីរពេទ្យ និងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩ ហើយសូមតាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ​១៩។ លោកក៏បានអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសផងដែរ៕

No comments:

Post a Comment