Friday, October 04, 2019

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារប្រាំពីរសំខាន់ៗ

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី វៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន០៧រួមមាន៖

ទី១) កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

ទី២) កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។

ទី៣) អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។

ទី៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ទី៥) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។

ទី៦) អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ទី៧) អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី៕





No comments:

Post a Comment