Friday, November 17, 2017

គម្រោងជួសជុលក្រុមប្រាសាទ​ព្រះពិធូរ​ អញ្ជើញ​មន្ត្រីអ្នកជំនាញ​ខ្មែរបណ្តុះបណ្តាល​បុគ្គលិក​លើជំនាញ​ជួសជុលថ្ម​

គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ របស់មូលនិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិក ដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។

គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល គឺជាមន្ត្រីជំនាញខ្មែរ លោក ឡុង ណារី និងលោក រីក រ៉េត ដែលជាមន្ត្រីមានជំនាញលើការងារព្យាបាលថ្មជាច្រើនឆ្នាំ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបន្ថែមចំណេះដឹងនិងជំនាញដល់មន្ត្រីបុគ្គលិកខ្មែរ ដើម្បីបំពេញការងារអភិរក្សជួសជុលឲ្យកាន់តែមានប្រសិទ្ធភាពក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ។

លោក ឡុង ណារី បានបញ្ជាក់ថា មេរៀនសំខាន់ៗដែលលោកបានយកចែករំលែកដល់សិក្ខាកាមនៅពេលនេះគឺពាក់ព័ន្ធនឹងការព្យាបាលថ្ម។ លោកបានបន្តថា “យើងបានបង្រៀនពួកគាត់ឲ្យចេះធ្វើឯកសារ ដូចជាការរៀបចំផែនទី ការបង្ហាញអំពីប្រភេទជំងឺរបស់ថ្ម និងសរសេររៀបរាប់អំពីវិធីសាស្ត្រ និងសម្ភារៈដែលយើងត្រូវព្យាបាលជាដើម”។

លោក ឡុង ណារី បានបន្ថែមថា តពីនេះយើងបានបង្រៀនពួកគាត់ឲ្យចេះយកជាតិអំបិលចេញពីថ្ម យកជាតិដែកច្រេះ និងស៊ីម៉ង់ដែលបារាំងបានប្រើប្រាស់ក្នុងសម័យមុនដើម្បីជួសជុលប្រាសាទជាដើម។ បន្ទាប់មក យើងក៏បង្រៀនពួកគាត់ឲ្យចេះវិធីតថ្ម ការផ្សំសារធាតុផ្សំដើម្បីភ្ជាប់ថ្មជាដើម។ រយៈពេលប៉ុណ្ណេះមិនគ្រប់គ្រាន់ទេសម្រាប់មេរៀនព្យាបាលថ្ម តែវាជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារនៅទីនេះ ជាពិសេស ក្រុមការងាររបស់លោកនឹងនៅតាមជួយក្នុងពេលក្រោយៗទៀតនៅពេលដែលក្រុមការងារត្រូវការរូបលោក។

លោក Park Dong Hee មន្ត្រីសម្របសម្រួលនៃគម្រោងនេះបានបញ្ជាក់ថា ការអញ្ជើញមន្ត្រីជំនាញខ្មែរមកបណ្តុះបណ្តាលនៅពេលនេះ ដោយយើងដឹងថា ពួកគាត់មានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការងារព្យាបាលថ្មចាស់មុនយកមកប្រើប្រាស់ឡើងវិញ។ យើងមានអ្នកជំនាញកូរ៉េផ្នែកព្យាបាលថ្មនេះដែរ តែជាប្រភេទថ្មផ្សេងពីនេះ។ យើងចង់បានបច្ចេកទេសរបៀបនេះទៅផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញរបស់យើងដែរ ហើយយើងរំពឹងឆ្លងកាត់ការពិសោធន៍បន្តិចទៀតទៅ យើងនឹងអាចចែករំលែកគ្នាទៅវិញទៅមកពីបច្ចេកទេសរបស់ខ្មែរ និងអ្នកជំនាញកូរ៉េនាពេលអនាគត។

លោក Dong Hee បានបន្ថែមឲ្យដឹងទៀតថា នេះមិនមែនជាវគ្គបណ្តុះបណ្តាលដំបូងនោះទេ គម្រោងបានគិតគូរលើការបណ្តុះបណ្តាលជាសំខាន់ជាមួយគ្នានឹងការងារអភិរក្សជួសជុល។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនវគ្គរួចមកហើយ ដូចជា ការវាស់ស្ទង់ទឹកក្រោមដី ការសិក្សាអំពីរចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍ទំនើបៗជាដើម។ ជាមួយគ្នានេះ យើងក៏បានបញ្ជូនមន្ត្រីជំនាញទៅទទួលវគ្គបណ្តាលរយៈពេល៣ខែនៅប្រទេសកូរ៉េផងដែរ។

សិក្ខាកាមដែលចូលរួមវគ្គវគ្គបណ្តុះបណ្តាលនេះ គឺជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរារ ៣រូបដែលសហការធ្វើក្នុងគម្រោងគឺ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូប កំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕




No comments:

Post a Comment