Tuesday, December 08, 2015

អ្នកនាំពាក្យព្រឹទ្ធសភា៖ ការពឹងបរទេសឲ្យលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា គឺជាទម្លាប់មួយដ៏គួរឲ្យខ្មាស់អៀន

នៅល្ងាច​ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៥ ​ឯកឧត្តម ម៉ម​ ប៊ុននាង​ អ្នកនាំពាក្យព្រឹទ្ធភា​ បានចេញ​សេចក្តីថ្លែងការណ៍​មួយលើកឡើងថា​ ដោយបានឃើញ​សេចក្តីថ្លែងការណ៍​ ចុះថ្ងៃទី ០៧​ ខែធ្នូ ឆ្នាំ២០១៥ របស់​សមាជិកព្រឹទ្ធ​សភាមកពីគណបក្ស​សមរង្ស៊ី​ ចំនួន០៧រូប ​អ្នកនាំពាក្យព្រឹទ្ធសភា​ សូមជម្រាបជូន​សាធារណជនថា​  ទោះបីសមាជិក​ព្រឹទ្ធសភាទាំង០៧រូប​ មកពីគណ​បក្សសមរង្ស៊ី​ ពុំបានបំពេញ​កាតព្វកិច្ចរបស់ខ្លួន​ ដើម្បីចូលរួម​ក្នុងសម័យ​ប្រជុំវិសាមញ្ញ​ ព្រឹទ្ធសភា​ កាលពីព្រឹក​ថ្ងៃទី ០៧ ខែធ្នូ​ ឆ្នាំ២០១៥ នេះក្តី​ ក៏មានសមាជិក​ព្រឹទ្ធសភាចំនួន​ ៤៦រូប នៃ​ចំនួនសមាជិក​ព្រឹទ្ធសភាសរុប​ ៦១រូប បានចូល​រួមប្រជុំ ដែល​ដំណើរការដោយរលូន​ តាមរបៀបវារៈដែល​បានគ្រោងទុក។
សេចក្តី​ថ្លែងការណ៍បន្តថា​ ប្រការដែលសមាជិក​ព្រឹទ្ធសភាមកពី​គណបក្សសមរង្ស៊ី​ ប្រកាន់យក ជំហរ​តាមមូលហតុ​  និងទឡ្ហីករណ៍​របស់សមាជិករដ្ឋ​សភាមកពី​គណបក្សសង្គ្រោះជាតិ​ ពុំមែនជា រឿង​ចម្លែកឡើយ។​ ការកសាងកម្ពុជា​ជានីតិរដ្ឋនឹងគ្មាន​ន័យឡើយ​ ប្រសិនបើអ្នក​ប្រព្រឹត្តខុស​ ពុំព្រមគោរព​ប្រតិបត្តិតាម​ច្បាប់ជាធរមានរបស់រដ្ឋ​ និងតាមសាល​ក្រមរបស់តុលាការ​។
ជាមួយគ្នានេះ​ ប្រការដែល​ក្រុមសមាជិក​ព្រឹទ្ធសភាគណ​បក្សសមរង្ស៊ី​ អំពាវនាវឲ្យ​បណ្តាប្រទេស និង​ស្ថាប័នអន្តរជាតិ​ឲ្យជួយអត្តរាគមន៍​ ដើម្បីលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុងកម្ពុជា​ ដែលជារដ្ឋ អធិបតេយ្យ​ គឺជាទម្លាប់​មួយដ៏គួរឲ្យ​ខ្មាស់អៀន​ ដោយអ្នកទាំងនោះ​ពុំបានគិតទាល់តែសោះ​ អំពីឧត្តម​ប្រយោជន៍ជាតិ​ និងប្រជា​ពលរដ្ឋយើង​៕

No comments:

Post a Comment