Wednesday, November 26, 2014

កិច្ចប្រជុំកំពូល (CLV) លើកទី៨ យកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍ផែនការនៃការអភិវឌ្ឍតំបន់ត្រីកោណ



គណៈប្រតិភូ​ជាន់​ខ្ពស់ ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ  ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​សុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ពី​បាន​អញ្ជើញ​ទៅចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ស្តីពី​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀត​ណាម (CLV) លើក​ទី៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ នៃសាធារណ​រដ្ឋប្រជា​ធិប​តេយ្យ​ប្រជាមានិតឡាវ​ពីថ្ងៃទី២៤​ ដល់ថ្ងៃ​ទី​២៥ ​ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ។
នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិភ្នំពេញ​ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអ​មនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថា កិច្ច​ប្រជុំ​កំពូល (CLV) លើកទី​៨ នៅ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ ​បាន​ចេញ​នូវ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ដែល​មាន ១០​ចំណុច។ ក្នុង​នោះ​កិច្ច​ប្រជុំ​បាន​ពិនិត្យ​មើល​ឡើង​វិញ​ពីសមិទ្ធផល​នៃ​កិច្ច​ប្រជុំកំពូល (CLV) លើក​ទី​៧ ដោយ​ជំរុញ​អភិវឌ្ឍន៍​នូវ​ផែនការមេ​នៃ​ការ​អភិវឌ្ឍ​តំបន់​អភិវឌ្ឍ​ត្រីកោណ​អភិវឌ្ឍ​នេះ ដើម្បី​តភ្ជាប់​ក្របខណ្ឌ​អនុតំបន់​នៃ​ប្រទេស​ទាំង​បី ព្រោះថា​ឆ្នាំ​ក្រោយ​នេះ (២០១៥) គឺ​ជាឆ្នាំ​ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដើម្បីកាត់​បន្ថយ​គម្លាត​រវាងប្រទេស​អ្នក​មាន និង​អ្នក​ក្រីក្រ​នៅ​ក្នុង​តំបន់។
ប្រ​មុខ​រដ្ឋាភិបាល​ទាំង​បី បាន​ឯកភាព​ឱ្យ​គណៈកម្មការ​សម្រប​សម្រួល​នៃ CLV ធ្វើ​ការ​រួមប្រជុំ​២ ឆ្នាំ​ម្តង រីឯ​យន្តការ​ផ្សេង​ទៀត​បន្ត​ជា​ធម្មតា ប៉ុន្តែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​យន្តការ​ក្រប​ខ័ណ្ឌ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។ មេដឹកនាំ​ទាំង​បី​ប្រទេស​បាន​ឯកភាព​គ្នា​ឱ្យ​ពង្រឹងកិច្ច​សហ​ប្រតិបត្តិការ ក្នុង​ទិស​ដៅដើម្បី​កាត់​បន្ថយ​គម្លាត​នៃការ​អភិវឌ្ឍ ដែល​នេះ​ជា​ទិសដៅ​មួយ​សំខាន់​ណាស់ និង​ជំរុញ​វិស័យឯកជន​ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍន​នៅ​ក្នុង​តំបន់​ត្រី​កោណ​នេះ ជាពិសេស​បាន​សង្កត់​ទៅ​លើ​ការ​ជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេស​ចរណ៍​តំបន់​ត្រីកោណ​នេះ។ ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ដើម្បី​ទប់​ស្កាត់​ការជួញដូរ​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ខុស​ច្បាប់​ដែរ។
ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​បាន​ជំរុញ ធ្វើ​យ៉ាងណា​ឱ្យ​រដ្ឋមន្ត្រី​កសិកម្ម ប្រទេស​ទាំងបី​បន្ត​ពិភាក្សា​គ្នា និង​បញ្ចប់​របាយការណ៍​វិស័យ​កសិកម្ម​ក្នុង​តំបន់​ត្រីកោណ​នេះ។ ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​បី ក៏​បាន​ពង្រឹង​នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ធ្វើ​យ៉ាង​ណា​ឱ្យ កិច្ច​សហប្រតិបត្តិការ​នេះ​ឡើង​ដល់​កម្រិត​ថ្មី តាមរយៈ​ការ​បង្កើន​ល្បឿន នៃ​ការ​តភ្ជាប់​តាម​រយៈ​ច្បាប់ ប្រជាជន និង​ប្រជាជន និង​បាន​ដាក់​ការងារ​ឱ្យ​គណៈកម្មការ​សម្រប​សម្រួល​រួមនេះ ដើម្បី​រៀបចំ​ធ្វើ​ផែនការ សកម្មភាព​សម្រាប់​ការ​តភ្ជាប់​ឱ្យ​បាន​ឆាប់ ដើម្បី​ដាក់​ជូន​ប្រមុខរដ្ឋាភិបាល​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល CLV នៅ​ឆ្នាំ​២០១៦។
ក្រៅ​ពីចូល​រួម​កិច្ច​ប្រជុំកំពូលCLV សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា ក៏​បាន​ចូល​ជួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ​និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ទាំង​បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ​ផងដែរ។
នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ថងស៊ីង ថាំម៉ាវង្ស ឯកឧត្តម កៅ គឹមហ៊ួន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ឡាវ បាន​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង​គណៈ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​អស់ ដែល​បាន អញ្ជើញ​មកចូលរួម​កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី៨ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ បាន​បង្ហាញ​ឲ្យឃើញ​កាន់​តែច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់ របស់​សម្តេច​និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៃ​ប្រទេស​ទាំង​បី ឲ្យ​កាន់​តែ​មាន​ការ​រីក​ចំរើនទ្វេ​ឡើង​ថែម​ទៀត។ ក្នុង​ជំនួប​ពិភាក្សាគ្នា​នោះ​ដែរ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បានលើក​សំណើរ​អំពីការ​បង្កើន​ ការ​បន្ត​ផ្តល់​អាហា រូប ករណ៍​ដល់​និស្សិតនៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ឱ្យ​មានការ​កើន​ឡើង សំដៅ​ធ្វើ​យ៉ាងណា​ពង្រឹង​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជា​ជន​នៃ​ប្រទេស​ទាំងពីរឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែមទៀត។ ករណី​នេះ​ ឯកឧត្តម កៅ គឹមហ៊ួន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​នាយករដ្ឋមន្រ្តី​ឡាវ បាន​ឯកភាព​ទៅ​នឹង​សំណើរ​នេះ ដោយ​បាន​ស្នើឲ្យ​ក្រសួង​ការបរទេស​នៃប្រទេស​ទាំងពីរ(ឡាវ-កម្ពុជា) រៀបចំ​នូវឯកសារ​ក្នុងការ​តម្លើង​នៃ​ចំនួន​អាហារូប​ករណ៍​ដល់​និស្សិត នៃ​ប្រទេស​ទាំង​ពីរ។
សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​បានស្នើ​ដល់​ភាគី​ឡាវ ជំរុញ​ឲ្យ​មាន​ការ​កសាង​ស្ពាន​ឆ្លង​កាត់ ទន្លេ​ល្ពៅ ​ឆ្លង​កាត់​ព្រំដែន​នៃប្រទេសទាំងពីរ​ឲ្យ​បាន​ឆាប់​តាម​តែអាច​ធ្វើ​ទៅ​បាន  ហើយ​បញ្ហានោះ​ក៏​ត្រូវបាន​ការ​ឯកភាព​ពីភា​គីឡាវ ហើយ​ថ្នាក់ដឹក​នាំ​នៃ​ប្រទេសទាំង​ពីរ​ក៏បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួ​ង​សាធា រណការ នៃ​ប្រទេស​ទាំងពីរ​សិក្សា​ឲ្យបាន​ហ្មត់ចត់​មុននិង​ធ្វើការ​សាង​សង់។ ក្នុង​ជំនួប​ពិភាក្សា​នោះ​ដែរ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ទាក់​ទិន​ទៅ​និង​ទំនាក់​ទំនង​ទ្វេភាគី ពហុភាគី និង​បញ្ហាតំបន់ ដែល​មានការ​យក​ចិត្ត​ទុកដាក់​ដូចគ្នា។ ហើយ​ប្រមុខ​ដឹកនាំទាំងពីរ​បាន​ឯកភាព​រួម​គ្នា ក្នុង​ការរៀបចំ​ប្រារព្ធ​ខួប៦០​ឆ្នាំ ​នៃទំនាក់​ទំនង​ការ​ទូត​របស់​ប្រទេស​ទាំងពីរ ឲ្យ​បានអធឹក​អធម​នៅ​ពេលខា​ងមុខ។
ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគីរវាង​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​ជាមួយឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារ​ណ​រដ្ឋ​សង្គម​និយមវៀតណាម ឯកឧត្តម​ កៅ គឹមហ៊ួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងជំនួបពិភាក្សាគ្នា​នោះ​ប្រមុខដឹកនាំ​នៃប្រទេស​ទាំង​ពីរ​កម្ពុជា វៀត​ណាម បាន​ឯកភាព​គ្នា ក្នុងការបញ្ចូល​ខ្លឹមសារ​សំខាន់ ដែល​ទាក់ទិន​ទៅ និង​ការជំរុញ​ការ​តភ្ជាប់​នៅក្នុង​តំបន់​ត្រី​កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅក្នុងសេចក្តី​ថ្លែង​ការណ៍​នៃកិច្ច​ប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម​លើក​ទី៨ ដែលនឹង​ប្រកាស​ដាក់​ចេញ​នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ ក្រៅ​ពី​នេះ​ប្រមុខរដ្ឋា​ភិបាល​នៃប្រទេស​ទាំងពីរ (កម្ពុជា-វៀតណាម) ក៏បានពិភាក្សា​គ្នាយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ក្នុងការខិតខំរក​គ្រប់មធ្យោ​បាយ​ដើម្បី​ធ្វើយ៉ាង ជំរុញពាណិជ្ជ​កម្ម​នៃ​ប្រ​ទេស​ទាំងពីរ​ឲ្យ​ឈាន​ដល់ ៥ពាន់លាន​ដុល្លា​នៅ​ឆ្នាំ​២០១៥  និងជំរុញឲ្យមានអ្នក​វិនិយោគវៀតណាម​មកកាន់​កម្ពុជា​ឲ្យកាន់​តែច្រើន​ឡើងថែមទៀត។ ​
ក្នុង​ជំនួបពិភាក្សា​នោះដែរ សម្តេច​តេជោ​ក៏បាន​ស្នើ​ដល់ភាគី​វៀត​ណាម ជំរុញ​ការកសាង​កំណាត់​ផ្លូវ​ជាតិលេខ​៧៨​ ដែលនៅ​សេស​សល់ ឲ្យបាន​ហើយ​រួចរាល់ ដើម្បី​រួម​ចំណែក​ដល់ការ​តភ្ជាប់​នៃ​ប្រទេសទាំង​ពីរ ក៏ដូច​ជាការ​តភ្ជាប់​សំរាប់​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ទាំង​មូល​ផង​ដែរ។ ក្នុងជំនួប​ពិភាក្សា​គ្នានោះដែរ ប្រមុខ​ដឹកនាំ​នៃប្រទេស​ទាំងពីរ​កម្ពុជា វៀត​ណាម ក៏បាន​ពិភាក្សា​គ្នា​ផងដែរ ទាក់ទិន​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី និងបញ្ហា​តំបន់ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា។
ឯកឧត្តម ង្វៀន តាន់យ៉ុង ​នាយក​រដ្ឋមន្រ្តី​វៀតណាម​មាន​ប្រសាសន៍​ជំរាបជូន សម្តេចតេជោដែរថា នៅថ្ងៃ​ទី២២ ​ដល់​ថ្ងៃទី២៤​ ខែធ្នូ​ឆ្នាំ២០១៤​ខាងមុខ ប្រមុខ​រដ្ឋ​វៀតណាម នឹងអញ្ជើញទៅ​បំពេញ​ទស្សនកិច្ចជា​លក្ខណៈ​ផ្លូវរដ្ឋនៅ​កម្ពុជា ហើយ​ជាមួយ​គ្នានេះ ឯកឧត្តម​ប្រមុខ​រដ្ឋវៀត​ណាម នឹង​យាង​ព្រះករុណាព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះវររាជមាតា​ជាតិ​ខ្មែរ សម្តេច​យាងទៅ​បំពេញទស្សនកិច្ច​ជាលក្ខណៈផ្លូវរដ្ឋ នៅសាធារណ​រដ្ឋសង្គម​និយមវៀតណាម នៅ​ដើម​ឆ្នាំ២០១៥។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយឯកឧត្តម ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវផង​ដែរ។
ឯកឧត្តម កៅ គឹមហ៊ួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា នៅ​ក្នុង​ជំនួប​សំដែង​ការ​គួរសម​ជាមួយឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានាធិបតី​ឡាវ ឯកឧត្តម​ប្រធានាធិបតី​បាន​ស្វាគមន៍ចំពោះ​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេជោ​ក្នុង​កិច្ច​ប្រជុំ​កំពូល CLV ដោយ​មាន​ប្រសាសន៍ថា អ្វី​ដែល​សំខាន់​គឺប្រទេស​ទាំងបី​ត្រូវ​បន្ត​ធ្វើ​ការ​រួមគ្នា​នៃ​ស្មារតីសហប្រតិ​បត្តិការ និង​មិត្តភាព។ ឯកឧត្តម​ប្រធានាធិបតី ក៏បាន​ថ្លែង​អំណរគុណ និង​កោត​សរសើរចំពោះ​មតិ​របស់​សម្តេចតេជោ ដែល​បាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ និង​មាន​សង្ឃឹម​ថា ប្រទេស​ទាំង​បី​នឹងបន្ត​ធ្វើការរួមគ្នា ទោះបីជា​មានការ​លំបាក ប៉ុន្តែ​គួរ​តែ​ខិត​ខំ ជា​ពិសេស​ក្នុងប្រមូល​ធនធាន​ពីខាង​ក្រៅដើម្បី​មក​អភិវឌ្ឍន៍តំបន់ត្រីកោណ​នេះ។ ឯកឧត្តម​បាន​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​រាជរដ្ឋា ភិបាល​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​នាពេលកន្លង​មក​នេះ ពិសេស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរ​គុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ដែលបានទទួលគណៈ​ប្រតិភូ​កម្ពុជា និង​បានពាំនាំ​ការសាកសួរសុខ​ទុក្ខ​ពី​សំណាក់​ព្រះករុណាព្រះ​មហាក្សត្រ និង​បានពាំនាំ​នូវ​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ ចំពោះឯកឧត្តមប្រធានាធិបតី​ទៅ​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ខាមុខនេះ។ សម្តេចតេជោ​បាន​ជម្រាប​ជូនឯកឧត្តមប្រធានាធិបតី​ថា សម្តេច​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល CLV ជាពិសេសដោយសារ​កិច្ច​ប្រជុំ​នេះ បាន​ផ្តោត​ទៅ លើការ​តភ្ជាប់ និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ និងការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ៕

No comments:

Post a Comment