សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនជាថ្មីទៀតឲ្យក្រសួងអប់រំយុវជន និងកីឡា បន្តជំរុញបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅក្នុងប្រទេស ទាំងរដ្ឋ និងឯកជន បន្តពង្រឹងគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារនៅពេលដែលសហគមន៍អាស៊ាន នឹងលេចចេញជារូបរាងពិតប្រាកដនោះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅកោះពេជ្រ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានេះផងដែរ ពិសេសបញ្ហាទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង ឬខ្យល់ព្យុះ គឺជាស្ថានភាពធម្មជាតិ។
ក្នុងបញ្ហានេះ សម្ដេចតេជោបានអំពាវនាវចំពោះអាជ្ញាធរគ្រប់ថ្នាក់ នៅតាមតំបន់មានការរងគ្រោះ ដែលមិនត្រឹមតែនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាបទេ ប៉ុន្តែនៅតាមបណ្ដាដៃព្រែកដទៃទៀត ក៏ត្រូវប្រុងប្រយ័ត្នដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា នេះជាស្ថានភាពធម្មជាតិ ប៉ុន្តែនៅពេលដែលធម្មជាតិកើតឡើងដូច្នេះ យើងក៏ត្រូវប្រឈមដោះស្រាយជាមួយនឹងឧបសគ្គដែលបង្កដោយធម្មជាតិដែរ។ សម្ដេចបន្តថា «ពលរដ្ឋយើងធ្លាប់មានបទពិសោធន៍ហើយ, អាជ្ញាធរយើងក៏ធ្លាប់មានបទពិសោធន៍ដែរ ក៏ប៉ុន្តែយើងចង់កាត់បន្ថយនូវគ្រោះថ្នាក់ដល់ជីវិតសម្រាប់ពលរដ្ឋរបស់យើង»។
ដោយយោងតាមរបាយការណ៍ អំពីស្ថានភាពទឹកជំនន់ ផ្ដល់ដោយក្រសួងធនធានទឹក និងឧតុនិយមសម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃថា សភាពការណ៍ទាក់ទង នឹងទឹកជំនន់បានប៉ះពាល់មកដល់យើងក៏ធ្ងន់ ហើយក្រៅពីបណ្ដាខេត្តនៅជាប់ដងទន្លេ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គនោះ ក៏នៅមានខេត្តមួយចំនួនផ្សេងទៀត ដែលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដូចជារតនគិរី មណ្ឌលគិរី កំពង់ធំ ព្រះវិហារ ជារួមសរុប ១៣ខេត្ត បានរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដែលទាមទារឱ្យមានការដោះស្រាយ។ ទោះជាយ៉ាងណា សម្ដេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវទប់រក្សាទឹកដែលឡើងក្នុងពេលនេះទុក សម្រាប់ធ្វើស្រូវប្រាំង បង្ការក្រែងនៅពេលរដូវបុណ្យភ្ជុំខាងមុខ គ្មានភ្លៀង និងគ្មានទឹកឡើងម្ដងទៀត។
ទាក់ទងនឹងបញ្ហាព្យុះនោះវិញ ដែលរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមធ្វើការព្យាករណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា «...ព្យុះក្នុង១ឆ្នាំ មានប្រមាណជា២៥ឥឡូវ ទើបនឹងមានព្យុះ១២ទេ ដូច្នេះទាមទារឱ្យគ្រប់ទីកន្លែងទាំងអស់ មានការប្រុងប្រយ័ត្ន ហើយអំពាវនាវចំពោះពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង, ក្រុមគ្រួសារនីមួយៗប្រុងប្រយ័ត្នខ្លួនឯង ព្រោះមិនអាចអាជ្ញាធរទៅដោះស្រាយបញ្ហាជួសបានទេ ឧទាហរណ៍ មិនត្រូវទុកកូនដែលមិនចេះហែលទឹកឱ្យនៅផ្ទះតែម្នាក់ឯងទេ...»។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃនេះយើងទើបតែ មានស្លាប់ មនុស្សតែ៤នាក់ទេ ប៉ុន្តែបើចៀសវាងបានកុំឱ្យមានការស្លាប់ពេលជំនន់ម្ដងៗ, យើងបារម្មណ៍ចំពោះការ ស្លាប់នេះ។ ក្នុងនេះដែរ សម្ដេចអំពាវនាវ ក្រើនរម្លឹកដល់អ្នកធ្វើដំណើរតាមទូក តាមកាណូតឱ្យមានការប្រុងប្រយ័ត្ន សម្ដេចក៏អំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះសត្វអាសិរពិស មានដូចជា សត្វពស់ និងសត្វក្អែបជាដើម ដែលនៅក្នុងរដូវទឹកជំនន់ម្ដងៗវាតែងតែឡើងទៅរកទីទួលសុវត្ថិភាព ឬឡើងតាមផ្ទះពលរដ្ឋ។
ទាក់ទងនឹងតួនាទីវិស័យអប់រំក្នុងការកសាងធនធានមនុស្ស សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ានមួយបានមកដល់ពេលនោះលំហូរទំនិញ លំហូរមនុស្ស សេវានឹងចាប់ផ្តើម ដូច្នេះយើងត្រូវខិតខំបង្កើតឡើងនូវ ឱកាសសម្រាប់យើង ។
សម្តេចតេជោថ្លែងថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍទៅបានវាចំណុះទៅលើបញ្ហាសន្តិភាព ស្ថិរភាព ហើយក៏វាចំណុះទៅលើបញ្ហាដទៃៗទៀត ក្នុងនោះកត្តាធនធានមនុស្សគឺជាគន្លឹះសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមវាគ្មានជម្រើសណាល្អជាហ្នឹងទៀតទេ ហើយដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង ចំណេះធ្វើគឺជាដំណាក់កាលដ៏សំខាន់នៅក្នុងពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា គេមិនចង់យកមនុស្សមកពីក្រៅប្រទេសទេ គេចង់បានមនុស្សក្នុងស្រុក ដូច្នេះយើងត្រូវខិតខំធ្វើការបណ្តុះបណ្តាល ដើម្បីបម្រើឲ្យទីផ្សារការងារក្នុងស្រុករបស់យើង។ នៅពេលដែលសមាហរណកម្មមកដល់ យើងក៏មានតម្រូវការទៅ វិញទៅមក។ ទាក់ទងបញ្ហានេះសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ខ្ញុំៗមើលឃើញថា បើយោងទៅលើទម្លាប់ទឹកមិនដែលហូរ ឡើងទួលទេ ទឹកហូរពីទីទួលចុះមកទីទាប មានន័យថា បើសិនជាកម្ពុជាយើងមានមនុស្សដែលពូកែ យើងនឹងអាចរកការងារនៅខាងក្រៅវិញបាន ប៉ុន្តែអ្នកនៅខាងក្រៅមិនចង់មករកការងារនៅខាងក្នុងទេ លើកលែងតែក្រុមហ៊ុននោះគេត្រូវការព្រោះស្ថានភាពបៀវត្សមិនដូចគ្នាទេ។ នៅប្រទេសរបស់យើងៗទទួលស្គាល់ថាវាមាន(បៀរវត្ស)ចំនួនទាបជាង ប៉ុន្តែទាបរបស់ ប្រទេសកម្ពុជា វាខ្ពស់ជាងនៅប្រទេសបង់ក្លាដែស ក្នុងតំបន់ឧស្សាហកម្មកែច្នៃសម្រាប់ ការនាំចេញដែលបៀវត្សខ្ពស់ជាងនៅកន្លែងដទៃ ហើយដែលវិនិយោគដោយជប៉ុន ដែលទទួលបានប្រាក់ខែតែ៧០ដុល្លារ និងទើបតែដំឡើងក្នុងពេលថ្មីៗទៀតផង។ ជាទូទៅកម្មករ កម្មការិនីនៅបង់ក្លាដែសទទួលបានបៀវត្ស៦៥ដុល្លារអាមេរិក។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ឥឡូវកម្មករ កម្មការិនីនៅកម្ពុជាទទួលបានបៀវត្សអប្បរមា ១០០ដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលក៏កំពុងតែរកវិធីដើម្បីដំឡើងបៀវត្សឲ្យកម្មករ កម្មការិនីរបស់យើងជាបន្តទៀត។
ទាក់ទងនឹងព័ត៌មានស្តីពីការវិវត្តន៍ប្រែប្រួលនៃចរន្តសេដ្ឋកិច្ចអន្តរជាតិនាពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះការរួមគ្នាដោយប្រទេស ចំនួន០៥គឺចិន រុស្ស៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា ក្នុងការដាក់ទុនបង្កើតធនាគារដ៏ធំមួយនោះ។ សម្តេចតេជោនាយករដុ្ឋមន្ត្រីបានធ្វើការសន្និដ្ឋានវាយតម្លៃថា ការកើតឡើងនូវធនាគារនេះនឹងធ្វើឲ្យស្ថានភាពផ្តាច់មុខរបស់ស្ថាប័នមួយចំនួន ត្រូវបានកាត់បន្ថយ និងជំរុញល្បឿននៃការអភិវឌ្ឍរបស់ប្រទេសក្រីក្របានកាន់តែច្រើន។
នៅក្នុងវិស័យធនាគារនេះ សម្តេចតេជោបានឲ្យដឹងថា ឥឡូវនេះការផ្តួចផ្តើមគំនិតដើម្បីបង្កើតឡើងនូវធនាគារមួយទៀតដែលបូកបញ្ចូលដោយចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានកំពុងតែធ្វើការចរចាដែលកម្ពុជាគឺជាសហស្ថាបនិកមួយ ក្នុងចំណោមសហស្ថាបនិក ដើម្បីបង្កើតនូវធនាគារនេះ។ ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោបានមានប្រសាសន៍ពន្យល់ថា យើងមិនបានបំភ្លេចចោលនូវតួនាទីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ ប៉ុន្តែវានឹងមានធនាគារច្រើនជាងមួយដើម្បីងាយស្រួលយើងរកទុន ឯធនាគារដ៏ធំមួយទៀតនៅអាមេរិក វាមិនមែនជំនួសតួនាទីទាំងស្រុងរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិទេ ប៉ុន្តែវាក៏បានបន្ថែមនូវកម្លាំងដើម្បីជួយទៅដល់បណ្តាប្រទេសទន់ខ្សោយ ដោយកាត់បន្ថយការពឹងពាក់ទៅលើកន្លែងណាតែមួយនោះ ដែលចំណុចទាំងនេះជាចំណុចដែលទាមទារនូវធនធានខួរក្បាលរបស់យើងច្រើនណាស់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាន៍ដោយសុទ្ធិដ្ឋិនិយមថា ប្រសិនបើនៅពេលនោះកម្ពុជាយើងមានធនធានមនុស្ស ដែលធនល្មមនឹងអាចដើរតួនាទីនៅក្នុងក្របខណ្ឌនៃធនាគារបែបនេះ យើងក៏បញ្ជូនទៅធ្វើការ ដូចដែលជនជាតិកម្ពុជាយើងធ្លាប់ធ្វើការនៅធនាគារអភិវឌ្ឍន៍អាស៊ី និងធ្វើជាអគ្គលេខាធិការរងអាស៊ានរួចហើយនោះ។ សម្តេចតេជោថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សត្រូវតែបន្តធ្វើ ហើយមិនមែនត្រឹមតែបញ្ចប់ការសិក្សាត្រឹមតែការទទួលសញ្ញាបត្រហើយគិតថាចប់នោះទេ ការវិវត្តន៍មួយថ្ងៃៗ សភាពការណ៍នៅលើពិភពលោកវាទាមទារឲ្យយើងវិភាគគ្រប់ជ្រុងជ្រោយ ហើយប្រសិនបើសាកលវិទ្យាល័យនីមួយៗអាចឈានទៅដល់ បង្កើតក្រុមវិភាគជាការល្អដើម្បីរួមវិភាគទានជាមួយរាជរដ្ឋាភិបាល លើបញ្ហានេះ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការបន្តចាត់វិធានការទៅលើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអាមេត្រី នៅវត្តទួលរាជា ស្ថិតស្រុកកោះធំ ខេត្តកណ្តាល ដែលបានបោកប្រាស់ពលរដ្ឋខ្មែរ និងបង្ខំឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន នាំឲ្យមានការអាប់ឱនយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានវាយខ្នោះជាមុនទៅលើរាល់បុគ្គលទាំងឡាយ ដែលបំពានច្បាប់ និងសាសនា មុននឹងធ្វើការសួរនាំជាក្រោយ ដោយលោកចាត់ទុកថា នេះជាវិធានការណ៍ស្របតាមស្តង់ដាររបស់អាមេរិក និងមិនរំលោភដល់សិទ្ធិមនុស្សឡើយ៕
No comments:
Post a Comment