Thursday, June 19, 2014

កម្ពុជា​-​​បង់ក្លាដែស​​ឯកភាព​​ពង្រឹង​​ពង្រីក​​កិច្ច​​សហ​​ប្រតិបត្តិការ​​រវាង​​ប្រទេស​​ទាំង​ពីរ​

នៅ​វេលា​ម៉ោង ១២ ថ្ងៃទី១៨ ខែ​មិថុនា​ ឆ្នាំ២០១៤ គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លាដែស មក​ដល់​កម្ពុជា​ប្រកប​ដោយ​សុវ​ត្ថិ​ភាព តាម​ជើង​យន្តហោះ​ពិសេស ដោយ​មានវត្តមាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្ដម គាត ឈន់ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ឯកឧត្ដមឧប​នាយក​រដ្ឋ​មន្ត្រី ប៊ិន ឈិន ព្រមទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ មន្ត្រី​អ្នក​មុខអ្នកការ​ជា​ច្រើន​រូប​ទៀតធ្វើ​បដិសណ្ឋារកិច្ច​ទទួល​នៅឯព្រលាន​យន្តហោះ​អន្តរ​ជា​តិ​ភ្នំពេញ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​បានឲ្យ​ដឹងថា ទស្សនកិច្ច​របស់​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស​ គឺ​ជាំ​ទស្ស​នកិច្ច​ផ្លូវការ​ជាលើកទីមួយ​របស់សម្ដេច​តេជោ​នា​យ​ករដ្ឋមន្ត្រី ​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី និង​ការស្វែង​រក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ការ​នាំចេញ​ផលិត​ផល​របស់​កម្ពុជា ពិសេស​ការ​នាំ​ស្រូវ អង្ករ​ចេញ​។

ឯកឧត្ដម កៅ គឹមហួន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ចនេះ​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេសទាំង​ពីរ ​(កម្ពុជា-បង់​ក្លាដែស) បាន​ឯកភាពគ្នា​បង្កើត​គណៈ​កម្មការ​រួម​គ្នា​ដើម្បី​ស្វែង​រក​វិស័យ​ថ្មីៗ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេ​ស​ពង្រឹងកិច្ច​ស​ហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់ ឲ្យ​មាន​ភាព​កាន់តែ​ទូលំ​ទូលាយ​ទៅ​លើ​គ្រប់​វិស័យថែម​ទៀត​។ នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​រួម ដែល​ដឹក​នាំ​ដោ​យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ទូលំទូលាយ​ជាង​មុន ជាពិសេ​ស​ទៅទៀត គឺ​ការ​ជំរុញ​វិស័យ​ឯកជន ក៏ដូចជា​សភា​ពាណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុង​ការ​បណ្ដាក់​ទុនរ​ក​ស៊ី​ទៅ​វិញ​ទៅ​មក​។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ផងដែរ​ក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មកនូវ​វិស័យ​វប្បធម៌ និង​អប់រំ​ហើយ​ក្នុង​នោះ នាយករដ្ឋមន្ត្រី​បង់ក្លាដែស​បាន​ផ្ដល់​អាហា​រូបករណ៍​ចំនួន​៥ កន្លែង​សម្រាប់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បង់ក្លាដែស​ផងដែរ។ ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុងការ​លើក​ស្ទួយ​នៃទំនាក់​ទំនង​រវាង​ប្រ​ទេ​ស​ទាំងពីរ​ក្នុង​កម្រិត​នយោ​បា​យ​កម្រិតខ្ពស់ តាមរយៈ​ការផ្លាស់ប្ដូរ​មន្ត្រី​រដ្ឋាភិបាល​ប្រជា​ព​ល​រដ្ឋ និង​ប្រជា​ពលរដ្ឋ យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។

សូម​រម្លឹកដែរ​ថា ក្នុង​ជំនួប​ទ្វេភាគី ​លោក​ជំទាវ សេក ហា​ស៊ីណា នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បង់​ក្លា​ដែស បាន​ចាត់ទុក​ទស្សន​កិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេ​ស​បង់​ក្លា​ដែសថា ​បាន​ផ្តល់សន្ទុះមួយ​ថ្មី​ទៀត ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ​ដែល​មាន​ស្រាប់។

ថ្នាក់​ដឹកនាំ​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុងការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ នូវ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌ និង​អប់រំ រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​អប់រំ ដើម្បី​ធ្វើឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​យល់​គ្នា​ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ​ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​លើក ទឹក​ចិត្តឲ្យ​មាន​ទំនាក់​ទំនង​កម្រិត​ខ្ពស់ ដើម្បី​ធ្វើឲ្យ​ការយល់​គ្នាទៅ​វិញ​ទៅ​មក ​និង​មិត្តភាព​រវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​របស់​រដ្ឋា​ភិបាល ក៏ដូចជា​រវាង​បញ្ញវន្ត អ្នក​សារព័ត៌មាន យុវជន កីឡាករ និង​មន្ត្រី​ជំនាញ​វប្បធម៌ ។ ក្នុង​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គោល​បំណង​របស់​បង់​ក្លា​ដែស ក្នុង​ការរៀបចំ​ពិព័រណ៍​បង់​ក្លា​ដែស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​។

នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សំដែង​នូវការ​ពេញ​ចិត្ត ចំពោះ​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ នៅក្នុង​អង្គការ​តំបន់​នានា រួម​មាន​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី និង​គណៈកម្មការ​សង្គម និង​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ​។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី បាន​កោត​សរសើរ​ចំពោះ​តួនាទី​ស្ថាបនា និង​គំនិត​ផ្តួចផ្តើម​របស់​បង់​ក្លា​ដែស ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​តំបន់ ស្ថិរភាព និង​ការរីក​ចម្រើន​ក្នុង​តំបន់​។

ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​បញ្ជាក់​អះអាងសា​ជា​ថ្មី​ម្តងទៀត អំពី​ការប្តេជ្ញា​ក្នុង​ការលើក​កម្ពស់​និង​ពង្រឹង​បន្ថែម​ទៀត នូវ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ក្នុង​ក្របខ័ណ្ឌ សហប្រតិបត្តិការ​តំបន់ ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។ សម្តេច​តេជោ​បាន​ស្វាគមន៍​នូវ​កិច្ច​សហ​ប្រតិបត្តិការ និង​ការចូលរួម​យ៉ាង​ជិតស្និទ្ធ​របស់​បង់​ក្លា​ដែស ជាមួយ​រដ្ឋ​ជាសមាជិក​អាស៊ាន និង បាន​ទទួល​ស្គាល់ ចំពោះ​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងក្លា​របស់​បង់​ក្លា​ដែស ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ដល់​កម្រិត​ភាព​ជាដៃគូ​សន្ទនា​របស់​អាស៊ាន​។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ ក៏​ពេញចិត្ត​ចំពោះ​កម្រិតនៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ នៅ​លើ​វេទិកា​អន្តរ​ជាតិ​នានា និង​បាន​ឯកភាព​គ្នា ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ លើ​បញ្ហា​ដែល​ជាផល​ប្រយោជន៍​ទៅវិញ​ទៅមក នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ, ចលនា​មិន​ចូល​បក្សសម្ព័ន្ធ, អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក និង​វេទិកា អន្តរជាតិ​ដទៃទៀត​។

ដោយ​សារតែ​ដំណើរការ​បច្ចុប្បន្ន​នៃ​សាកលភាវូប​នីយកម្ម កំពុងតែ​ពង្រីក​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ នៅលើ​ពិភពលោក ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា ត្រូវតែមានវិធានការ​បន្ទាន់​មួយ​ដើម្បី​បង្រួមនូវ​គម្លាតនៃ​ការអភិវឌ្ឍ តាមរយៈ​ការអំពាវនាវ​រួមគ្នា​ទៅ​កាន់​បណ្តា​ប្រទេស​អភិវ​ឌ្ឍ​ន៍​ឲ្យ​ផ្តល់​នូវការ​លើក​លែង​ពន្ធ និង​កំណត់​កូតា ចំពោះ​ការ​នាំចូលផលិតផល និង​សេវាកម្ម​ពី​បណ្តា​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​ដើម្បី ធានាឲ្យបាន​នូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព៕

No comments:

Post a Comment