Tuesday, June 24, 2014

បទអត្ថាធិប្បាយ​៖ គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ឆន្ទៈចរចា​ តែ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​

ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​ក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃ​ទី​១២ ខែ​មិថុនា​ កន្លង​ទៅ​​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ដាក់​ស្ថាប័ន គជប ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ បង្កើត​ជំពូក​ថ្មី​មួយទៀត គឺ​ជំពូក​ទី​១៥ ស្តីពី​អង្គការ​​រៀបចំ​​ការបោះឆ្នោត​។

ការ​ចរចា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បាន​ដាក់​លក្ខខណ្ឌ​ណា​មួយ​​នោះ​​ទេ​ក្នុង​ការ​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​​នៅ​ពេល​នេះ។​ គណបក្ស​ប្រជាជន​កម្ពុជា​ តែង​តែ​ធ្វើ​ការ​ចរចា​ដោយ​ឈរ​លើ​ស្មារតី បង្រួប​បង្រួម​ ផ្សះផ្សារ​ជាតិ និង​គោរពតាម​​រដ្ឋ​ធម្មនុញ្ញ ​​ជានិច្ច​ ។ ​ផ្ទុយ​ទៅ​វិញ គណបក្ស​​​សង្គ្រោះ​ជាតិ​ឯ​ណោះ​ទេ ដែល​ដាក់​លក្ខខណ្ឌ​ក្នុង​​ការ​​ចរចា​នោះ ហើយ​លក្ខខណ្ឌ​នេះ​ទៀត​សោត មិន​មែន​ដាក់​មក​ដើម្បី​ដោះស្រាយ​​ឡើយ គឺ​ជាការ​ដាក់​លក្ខខណ្ឌ​មួយ​បន្ថែម​បន្ទុក​ពីរ​ទៅ​វិញ​។​ដូច្នេះ​ វា​ជា​ហេតុផល​ដែល​នាំ​ឲ្យ​ការ​​ស្វែងរក​ដំណោះស្រាយ​ បន្ត​មិន​ចុះ​សម្រុង​គ្នា​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​រហូត​មក​ដល់​ពេល​នេះ។

ការ​លើកឡើង​ដដែល​ៗ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​ ស្តី​ពី​ការ​​ទាម​ទារ​ឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំ​ង​​​​សមាជិក​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សំ​ឡេង២ភាគ​៣ ​​នៃ​សមាជិក​​​រដ្ឋសភា​​ទាំង​មូល​ គឺ​ជាលេសបន្ត​កំដៅ​នយោបាយ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​កេង​យក​ប្រជា​ប្រិយ​ភាព​ពី​​ប្រជាពល​រដ្ឋ​ តែ​ប៉ុណ្ណោះ​។​

បើ​ក្រឡេក​មើល​ទៅ​អតីតកាល​ រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ​​ ដោយ​សម្លេង​២/៣​ នៃ​សមាជិក​រដ្ឋ​សភា​។ នៅក្នុង​ដំណាក់​​កាល​នោះ​ រាល់​ដំណើរ​ការ​អនុមត្តិ​ច្បាប់​តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​នយោបាយ​ជាញឹក​ញាប់​ ជាពិសេស គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ក្នុង​កិច្ច​ប្រជុំ​ម្តងៗ​។​​ គណបក្ស​ដែល​មាន​សម្លេង​ភាគ​តិច​​​​នៅ​ក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សម្លេងភាគ​​ច្រើន​ជា​ចំណាប់​​ខ្មាំង​​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​ខ្លួន​​ គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ មិន​អាច​ប្រជុំ​បាន​ ដែល​​នឹង​នាំ​​មក​នូវ​ការ​ជាប់​គាំង​ក្នុង​ការ​អនុមត្តិ​ច្បាប់​ផ្សេងៗ​​។​

​​ ជាក់​ស្តែង​ កាល​ណោះ​ គណបក្ស​​សម រង្ស៊ី​ ដែល​ជាគណបក្ស​តូច​តាច​មួយ​ មាន​ការ​បែក​បាក់​ជាមួយ​គណបក្ស​ ហ៊្វុន​ស៊ីន​ប៉ិច​ ដែល​ដឹក​នាំ​ដោយ​ទ្រង់ ​រណឬទ្ធិ​ ។ ដោយសារ​​គណបក្ស​ខ្លួន​ មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​អនុមត្តិ​ច្បាប់​ដោយ​សម្លេង​២/៣​នេះ​ និង​ដោយ​សារ​លោក សម រង្ស៊ី​ ចង់​រំសាយ​​កំហឹង​ជាមួយ​ទ្រង់ ​រណឬទ្ធិ​ ផង​ ទើប​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០០៦ គឺ​លោក​ សម រង្ស៊ី​ ខ្លួន​ឯង​ផ្ទាល់​ ​បាន​​ធ្វើ​សំណើ​​​ទៅ​ប្រធាន​រដ្ឋ​សភា​ ក្នុង​អាណត្តិ​​របស់​ទ្រង់ ​រណឬទ្ធិ​ ជាប្រធាន​​រដ្ឋ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ពី​មតិ​២/៣ ទៅ​​​ជា​ការ​​សម្រេច​ដោយ​សមាជិក​សភា​ ត្រឹម​៥០ បូក​១​ វិញ​។​

ចាប់​ពី​ពេល​នោះ​មក​ វិបត្តិ​ជាប់​គាំង​នយោបាយ​ដោយ​សារ​ការខ្វះ​កូរ៉ុម​ ត្រូវ​បាន​ផុត​រលត់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​

ដូច្នេះ​ ការ​លើក​ឡើង​នូវ​រូបមន្ត​ឲ្យ​​មាន​​ការ​បោះ​ឆ្នោត​​ជ្រើសតាំ​ង​​សមាជិក​​គណៈកម្មា​ធិ​កា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត ​សំ​ឡេង​២ភាគ​៣ ​​នៃ​សមាជិក​​រដ្ឋសភា​​ ដោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ គឺ​ជាចេតនា​​ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ យ៉ាង​ពិត​ប្រាកដ​​​ ហើយ​ទី​បំផុត​​ វានឹង​នាំ​ដល់​ការ​បរាជ័យ​ក្នុង​​ការ​ធ្វើ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត​ ដែល​​បាន​​ឯក​ភាព​គ្នានៅ​ក្នុង​ជំនួប​កំពូល​ ជាមិនខាន​។​ មានន័យ​ថា​ « គណបក្ស​​សង្គ្រោះ​ជាតិ​​ មាន​ឆន្ទៈ​ក្នុង​ការ​ចរចា តែ​គ្មានឆន្ទៈ​ក្នុង​ការ​​ដោះស្រាយ​​បញ្ហា​ » និង​​​បាន​​ប្រើ​​នូវ​​ល្បិច​      « ស្វា​ស៊ី​​បាយ​រួច​ ទៅ​លាប​មាត់​ពពែ​ » ដោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​ជាអ្នក​លើក​បញ្ហា​ឲ្យ​ជាប់​គាំង​ ហើយ​ទម្លាក់​​កំហុស​មក​លើ​គណបក្ស​​ប្រជាជន​​កម្ពុជា​ ​​​ជាអ្នក​ដោះ​ស្រាយ​ទៅ​វិញ​។​

ម៉្យាង​វិញ​ទៀត​ ការ​ប្រកាន់​ជំហរ​ មានះ​ រឹងរូស​ របស់​លោក​ កឹម សុខា​ និង​លោក សម រង្ស៊ី​ ក្នុង​​ការ​មិន​ចូល​ប្រជុំ​សភានាពេល​នេះ​​ ក៏​ជាល្បិច​កល​​មួយ​ផង​ដែរ​ ក្នុង​ការ​គៀង​គរ​រក​​ថវិកា ពី​បងប្អូន​​ខ្មែរ​រស់​នៅ​បរទេស​​ ដើម្បី​ទទួល​​បាន​នូវ​លាភ​សាក្ការៈ​ ក្នុង​ការ​ធ្វើ​មាន​ ធ្វើ​បាន​ដល់​ក្រុម​គ្រួសារ​ខ្លួន​ តាម​រយៈ​ការ​យកលេស​ទៅ​ធ្វើ​ទស្សនៈកិច្ច​ ឬ​ថា​ទៅ​បង្ហាញ​ពី​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​ជាដើម​ ។

មេបក្ស​​ប្រឆាំង​ទាំង​ពីរ​ តែងតែ​ប្តូរ​វេន​គ្នា​ទៅ​សុំ​រៃ​អង្គៀស​​ប្រាក់​ ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេសពី​រដ្ឋ​មួយ ​ទៅ​រដ្ឋ​មួយ ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​​​មួយ ដែលពួក​គេ​ខិត​ខំ​ធ្វើ​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​​យ៉ាង​លំបាក​​​។​ ​ថ្មីៗនេះ​ ពេល​ដែល​​លោក កឹម សុខា​ ចេញទៅ​​រក​លុយ​​ លោក សម រង្ស៊ី នៅ​ក្នុង​ ហើយ​ឥឡូវ​នេះ​ ដល់​វេន​​លោក​ កឹម សុខា​ នៅ​ក្នុង​ លោក សម រង្ស៊ី​ ចេញ​រក​លុយ​វិញ​ម្តង​។ ពិត​ជាវិធី​ងាយ​ៗ​ក្នុង​​ការ​រក​ប្រាក់​មែន​។​​​

នៅ​ទី​បំ​ផុត​ ពេល​ដែល​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ អស់​សមត្ថភាព​​ ក្នុង​ការ​ប្រមូល​ប្រាក់​នៅ​បរទេស​ ហើយ​នៅពេល​ដែល​ប្រជាពលរដ្ឋ​​នៅ​បរទេស​កាន់​តែ​អស់​ជំនឿ​ មាន​វិធី​មួយ​ទៀត​គឺ​ការ​និយាយ​លួង​លោម​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ថា​ យើង​គួរ​តែ​ដល់​ពេល​ចូល​ប្រជុំ​សភា​​ហើយ​ ដើម្បី​ធ្វើ​កំណែទម្រង់​នេះ​ ឬកំណែទម្រង់​នោះ​ ឬនិយាយ​ថា​ យើង​ទទួល​បាន​ជោគជ័យ​ហើយ​ ដើម្បី​បង្ហាញ​ថា​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ​​ ប៉ុន្តែ​ ចំណុច​សំខាន់​ក្នុង​ការ​ព្រម​ចូល​​ប្រជុំ​ក្នុង​សភា​ គឺ​ដើម្បី​ទៅ​ទាម​ទារ​ប្រាក់​ខែ​របស់​ពួក​គេ​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​​។​

ដូច្នេះ បក្ស​ប្រឆាំង​​ មិន​ខុស​​ពី​មនុស្ស​ដែល​លោភលន់​​នោះ​ទេ​ ដោយ​ហេតុ​ថា ក្នុង​ការ​ចរចា​​គណបក្ស​​សង្គ្រោះ​ជាតិ តែង​ដាក់​​លក្ខខណ្ឌ​​ជា​​បន្តបន្ទាប់ ហើយ​លក្ខខណ្ឌ​ដែល​គណបក្ស​​ប្រឆាំ​ង​​ដាក់​ដើម្បី​​ចរចា​នេះ វា​មាន​ចេតនា​ធ្វើ​ឲ្យ​រាំងស្ទះ​​ ច្រើន​ជាង​ដំណោះស្រាយ​។​

ជារួម​ ដើម្បី​ឲ្យមាន​កំណែទម្រង់​ពិតប្រាកដ​លើ​ប្រព័ន្ធ​បោះឆ្នោត​ គឺ​ស្ថា​ប័នគជប ត្រូវតែ​​ការពារ​​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​គជប ត្រូវតែ​​ធ្វើ​ឡើង​​ដោយ​សមាជិក​​រដ្ឋសភា​​សំឡេង​ ៥០​បូក​១​ ទើប​​ស្ថាន​ប័ន​​បោះឆ្នោត​​នោះ​​ឯករាជ្យ​ ​ព្រោះ​​រាល់​​សមាជិក​ដែល​បាន​ជ្រើស​តាំង​ទាំងអស់​ សុទ្ធតែ​មាន​ការ​ឯក​ភាព​គ្នា​ពី​គណបក្ស ដែល​មាន​សម្លេង​ក្នុង​សភា​​ ហើយ​សមាស​ភាព​​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​ជ្រើស​តាំង​ នឹង​មិន​មាន​ការកែ​ប្រែ​ញឹក​ញាប់នោះ​ឡើយ។

ដោយ ពង្ស សុក្រឹត្យ

No comments:

Post a Comment