Monday, April 28, 2014

ប្រតិភូ​​ជាន់​ខ្ពស់ ​នៃ​​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​​​បញ្ចប់​​ទស្សន​កិច្ច​​ដោយ​​ជោគ​ជ័យ​​នៅ​​​អា​ស៊ែ​បៃ​ហ្ស​ង់ និង​​​បេឡា​រុស

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ធ្វើ​មាតុភូមិ ​និវត្តន៍​មកដល់​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព នា​​រសៀល​ថ្ងៃ​ទី២៦ ​ខែមេសា​ឆ្នាំ​២០១៤ តាម​ជើង​យន្តហោះ​ពិសេសបន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ឯ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​សាធារណរដ្ឋ​បេឡា​រុសអស់​រយៈ​ពេល​៥ថ្ងៃ ​ប្រកបដោយ​ជោគជ័យ​។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន់ សម្ដេច​តេ​ជោ​បាន​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ ឯកឧត្ដម​ប្រធានាធិបតី ​និង​ឯកឧត្ដម​ប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់។

ឯកឧត្ដម កៅ គឹមហួនមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី​២០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​ក្នុង​ទស្សនកិច្ច​នេះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​បង្កើត​គណៈកម្មការ​ចម្រុះ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច និង​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​បាន​ក្នុង​ការ​ធ្វើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ការពារ​វិនិយោគ​ កិច្ចព្រមព្រៀង​កុំ​ឲ្យ​មានការ​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំងពីរ។ ​​សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៦ ហើយសម្តេច​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត ពិសេស​ការសិក្សា​ទៅលើ​វិស័យ​ប្រេង និង​ឧស្ម័ន។ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា ​នា​ពេល​អនាគត​ខាងមុខនេះ​កម្ពុជា ក៏​មានគម្រោង​ដាក់​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អា​ស៊ែ​របៃ​ហ្ស​ង់​ផង​ដែរ។

ដោយ​ឡែក​នៅ​ក្នុង​ដំណើរ​ទស្ស​នកិច្ច​រយៈពេល ២ថ្ងៃ​ គឺ​នៅ​ថ្ងៃទី២៣ និង២៤ ខែមេសា​ នៅ​ទីក្រុង​មីន​ស្ក នៃ​សាធារណរដ្ឋ​បេឡា​រុស ​ ​ឯកឧត្ដម​ កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ប្រធានាធិបតី ប្រធាន​ក្រុមប្រឹក្សា​រដ្ឋសភា​ជាតិ និង​អនុប្រ​ធាន​រដ្ឋសភា​ជាតិ នៃ​សាធារណរដ្ឋ​បេឡា​រុស ដែល​ទិសដៅនៃការ​ជួប​ពិភាក្សា​នោះ ​សំខាន់​គឺ​ដើម្បី​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ (កម្ពុជា-បេឡារុស)។ នៅក្នុង​ដំណើរ​ទស្សនកិច្ចនៅ​ប្រទេស​បេឡារុស ​ភាគីប្រទេស​ទាំងពីរ ​(កម្ពុជា-បេឡារុស) បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១០ ដែល​ក្នុង​នោះ​មាន​សេចក្ដីថ្លែងការណ៍​រួម​១ កិច្ចព្រមព្រៀង​ចំនួន៦ និង​អនុស្សរណៈ​ចំនួន៣។ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​បង្កើត​គណៈកម្មការ​រួម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​ក៏បាន​ឯកភាព​គ្នា​ផង​ដែរ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ប្រារព្ធ​ខួប​ទី​២០ នៃ​ទំនាក់ ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ​សម្រាប់​ឆ្នាំ២០១៥។ ភាគី​បេឡា​រុស​ក៏បាន​ស្នើ​ឲ្យ​មានការ ហោះហើរ​ពី​បេឡា​រុស​មក​កាន់​កម្ពុជា ក្នុង​ជំហាន​ទីមួយ​ក្នុង​មួយ​សប្ដាហ៍​ម្ដង​ ក្រៅ​ពី​នេះ​ប្រទេស​កម្ពុជា​ក៏បាន​ឯកភាព​ផង​ដែរ ចំពោះ​ការ​ស្នើ​ក្នុង​ការ​បង្កើតកុងស៊ុល​កិត្តិយស​ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​របស់​ប្រទេស​បេឡា​រុស។

អញ្ជើញ​ទទួល​ដំណើរ​មកដល់​របស់ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញ​មាន​វត្តមាន​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​ព្រមទាំង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួនទៀត៕




No comments:

Post a Comment