Monday, April 28, 2014

រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​​ឧស្សា​ហកម្ម​​ជប៉ុន​​មក​​ជម្រុញ​​កិច្ច​​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច​ជា​មួយ​​កម្ពុជា​

ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន​ នារសៀលថ្ងៃទី២៧ ខែមេសា​ឆ្នាំ​២០១៤ បាន​ជម្រាប​ជូន​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​អំពីកា​រ​រីកចម្រើន​ នៃកិច្ចពិភាក្សា​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​បាន​ឲ្យដឹងថា ក្នុងជំនួប​សម្តែង​ការគួរ​សម​នៅវិមាន​សន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) បាន​ជម្រាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីថា កាល​ពីព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៧ មេសា) ឯកឧត្ដម​​បាន​​ជួប​​ជាមួយ​​សមា​ភាគី​រដ្ឋមន្ត្រី​របស់​កម្ពុជា ដែលក្នុង​ជំនួប​នោះ មាន​ទិស​​ដៅ​​ដើម្បី​​ជំរុញ​ល្បឿន​​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម​ជប៉ុន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា នៅក្នុង​​ដំណើរ​​ទស្សន​​កិច្ច​​មក​កាន់​​កម្ពុជា​នេះ មាន​​វត្តមាន​​ថ្នាក់​​ដឹក​​នាំ​​របស់​ក្រុម​ហ៊ុន​ដែល​នាំមុខ​នៅក្នុង​ប្រទេស​ជប៉ុន ហើយការ​ចូល​រួម​របស់ប្រតិភូ​ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ គឺដើម្បី​​ជំរុញ​​ធ្វើ​យ៉ាង​ណា​ឲ្យមាន​ទំនាក់​ទំនងកាន់​តែប្រសើរ​ឡើង​រវាងកម្ពុជា និងជប៉ុនផង និងជំរុញ​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ផង ព្រោះថា កម្ពុជាមានសក្ដានុពលខ្ពស់ ជាពិសេស​នៅពេល​ដែល​កម្ពុជា​កំពុង​តែធ្វើ​សមាហ​រណកម្ម​តំបន់​ក្នុង​តំបន់​អាស៊ាន។​ ជាមួយ​គ្នានេះ​ដែរ ក្រុមហ៊ុន​ជប៉ុនមាន​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​សក្ដានុពល​ទាំង​ឡាយ ដែលមាន​​នៅក្នុង​​​ព្រះ​រា​ជាណា​​ចក្រ​​កម្ពុជា ពិសេស​ប្រជាជន​ជប៉ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ទេសចរណ៍ ដូចជា​អង្គរ​វត្ត អង្គរធំ​ក៏ដូច​ជាស្ថាន​ភាពរួម​ជាក់​ស្ដែង​នៅកម្ពុជា​ផង​ដែរ។ សូម​បញ្ជាក់​ថា តាមរយៈ​​ប្រធាន​​អង្គកា​រ​ចេត្រូ​​បាន​​ឲ្យដឹង​ថា ថ្មីៗ​នេះមាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ១០០ ក្រុម​ហ៊ុន​​បា​ន​ចូល​​មក​​វិនិយោគ​​នៅ​ក្នុង​​ព្រះរា​​ជាណា​​ចក្រ​កម្ពុជា។
 
សម្ដេចតេជោនាយករដ្ឋមន្ត្រី​បានមា​​នប្រសាសន៍​ស្វាគមន៍ នូវរាល់កិច្ចពិភាក្សាលើគម្រោងនានា ក្នុង​ទិស​ដៅ​ពង្រឹង​ភាព​ជា​ដៃគូរវាងកម្ពុជា និងជប៉ុន។ សម្ដេចមានប្រសាសន៍ថា ជប៉ុន​គឺជា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ធំជាង​គេ​សម្រាប់​ការ​អភិវឌ្ឍកម្ពុជា ហើយ​ក៏ជា​ប្រទេស​ដែលបាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​សន្តិភាព​សម្រាប់​កម្ពុជា​ផងដែរ។ 
 
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា កម្ពុជា​សព្វ​ថ្ងៃនេះ​មិនត្រឹមតែចង់​បាននូវ​ជំនួយ​ពីប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែគឺចង់បានភាពជាដៃគូអ្នកវិនិ យោគ​ដែលមកវិនិយោគនៅកម្ពុជា ហើយ​នាំផលិត​ផល​ពីកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​វិញ។ កម្ពុជា​ក៏មាន​មហិច្ឆតា​ចង់ឱ្យ​មានអ្នក វិនិយោគជប៉ុន មកកាន់កម្ពុជា ហើយ ផលិត​នូវ​ផលិត​ផលនាំ​ទៅកាន់​ទីផ្សា​រ ពិភពលោក ហើយក្នុងន័យនេះ សហគ្រាស ធុនតូច និងមធ្យម គឺជាគោលដៅ ដែល កម្ពុជាចង់បាន។ ជាង​នេះទៀត​កម្ពុជាក៏ ចង់បានឧស្សាហកម្មថ្មីៗ និង​រក្សា​ឧស្សាហ​កម្ម​ដែល​មាន​ស្រាប់ និងជំរុញការផលិត ឧស្សាហកម្ម បង្កើនតម្លៃបន្ថែម ដែលកម្ពុជាមានធនធានវត្ថុធាតុដើមស្រាប់ដូចជា អង្ករ ដំឡូង និងកៅស៊ូជាដើម៕

No comments:

Post a Comment