Tuesday, February 11, 2014

ទស្សនៈ តើ ERA លាតត្រដាងអំពើហឹង្សា និងការរើសអើងជាតិសាសន៍របៀបណា?

ក្នុងអត្ថបទមុនៗស្តីពីរបាយការណ៍របស់អង្គការដែលគេហៅថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ស្អី នោះ ខ្ញុំបានទាញការចាប់អារម្មណ៍ទៅលើការមួលបង្កាច់ និងការផ្តល់យោបល់ក្លែងបន្លំ ក៏ដូចជាការសន្និដ្ឋានមិនត្រឹមត្រូវមួយចំនួន អ្នកអានដែលពុំសូវខ្វល់ខ្វាយប្រហែលចាត់ទុកកំហុសជាច្រើនក្នុងរបាយការណ៍នោះមិនមែនបណ្តាលមកពីចេតនាអាក្រក់ដែលគិតទុកជាមុននោះទេ ប៉ុន្តែមកពីការខ្វះសច្ចធម៌ ឬភាពអវិជ្ជារបស់អ្នកសរសេរប៉ុណ្ណោះ

          ប៉ុន្តែក្នុងអត្ថបទនេះ ខ្ញុំនឹងផ្តោតសំខាន់ទៅលើទិដ្ឋភាពមួយនៃរបាយការណ៍នោះ ដែលមិនបានបន្សល់ទុកចន្លោះប្រហោងដែលគួរឱ្យសង្ស័យមិនចង់ជឿនោះឡើយថា វាគឺជាអំពើនៃការក្លែងបន្លំពេញបន្ទុក ដោយ គ្មានសម្បជញ្ញៈពីសំណាក់ NGOs មួយចំនួន ដែលប្រើប្រាស់ឈ្មោះរបស់ ERA ដើម្បីវាយប្រហារមកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា

          នៅទំព័រទី៤៥នៃរបាយការណ៍របស់ ERA មានវគ្គមួយសរសេរថា៖ «ក្នុងខេត្តកណ្តាលដែលស្ថានីយ៍ បោះឆ្នោតលេខ ១២០៤ ត្រូវបានបិទមុនពេល ដោយសារតែអំពើហឹង្សានោះ គណបក្សសង្គ្រោះជាតិ ត្រូវការ តែ ១៦៦សម្លេង ប៉ុណ្ណោះដើម្បីទទួលបានអសនៈមួយបន្ថែមទៀត ហើយប្រជាជន២០០នាក់ ដែលបានចុះ ឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងស្ថានីយ៍១២០៤នេះ មិនអាចបោះឆ្នោតបាន
          យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា មាត្រា១១១ ប្រសិនបើមានភាពមិន ប្រក្រតីធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត ការបោះឆ្នោតឡើងវិញគួរត្រូវបានធ្វើឡើងក្នុង រយៈពេល៨ថ្ងៃ»។

          វាក្យខ័ណ្ឌមួយនេះ ត្រូវបានសរសេរដោយប្រើពាក្យពេជន៍យ៉ាងប្រយ័ត្នប្រយែង។ វាមិនបាននិយាយ ដោយត្រង់ទេថា គណបក្សប្រជាជនបានប្រើប្រាស់អំពើហឹង្សាដើម្បីបញ្ឈប់ប្រជាជនមិនឱ្យបោះឆ្នោតនៅ ឯស្ថានីយ៍បោះឆ្នោតលេខ១២០៤ ហើយការធ្វើដូច្នេះប្រហែលចង់មិនឱ្យមានអាសនៈមួយបន្ថែមសំរាប់គណបក្សសង្គ្រោះជាតិ ប៉ុន្តែនោះ ច្បាស់ណាស់គឺជាអ្វីដែលអ្នកអានមិនមានប្រភពព័ត៌មានផ្សេងទៀត ក្នុង រឿងនៅស្ថានីយ៍ ១២០៤ នេះ នឹងត្រូវយល់ឃើញដូច្នេះ។ ហេតុផលដែល ERA មិនបាននិយាយអំពីបញ្ហានេះ ដោយត្រង់នោះ គឺថាអ្នកសរសេររបាយការណ៍នេះដឹងថាប្រសិនបើគេនិយាយដោយត្រង់វានឹងងាយស្រួលឱ្យគេ ដឹងថាពួកគេនិយាយកុហក។ ដូច្នេះ ពួកគេបានរៀបចំឃ្លានៃការនិយាយកុហករបស់ពួកគេនៅក្នុងលក្ខណៈ មួយ ដែលប្រសិនបើចាំបាច់អាចឱ្យពួកគេអះអាងថា៖ ទេ ទេ នោះមិនមែនជាអ្វីដែលយើងចង់មានន័យទេអ្នកយល់ច្រឡំហើយ។

          អ្វីដែល ERA ដឹង ប៉ុន្តែមិនបានប្រាប់ទៅអ្នកអាននោះគឺថា គណបក្សប្រជាជនមិនជាប់ពាក់ព័ន្ធនឹង អំពើហឹង្សានៅស្ថានីយ៍១២០៤ ដែលមានទីតាំងនៅឃុំស្អាងភ្នំ ស្រុកស្អាង នោះទេ។ អំពើហឹង្សានៅទីនោះបានកើតចេញពីហ្វូងមនុស្សឥតសណ្តាប់ធ្នាប់មួយក្រុម ដែលត្រូវបានញុះញង់ដោយវោហាសាស្ត្ររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ យោងតាមអ្នកសង្កេតការណ៍បោះឆ្នោតមួយរូបមកពីមូលនិធិ Heinrich Boll បានឱ្យដឹងថា៖ «មនុស្សមួយក្រុមធំ» ដែលបានបោះឆ្នោតរួចហើយនៅតែស្ថិតនៅឯស្ថានីយ៍បោះឆ្នោតនោះ (នេះជាអ្វីដែល សម រង្ស៊ី និង កឹម សុខា បានទទូចជាសាធារណៈឱ្យអ្នកគាំទ្ររបស់ពួកគេធ្វើ)។ ហ្វូងមនុស្សឥត សណ្តាប់ធ្នាប់មួយក្រុមនេះ បន្ទាប់មកបានរារាំងមិនឱ្យអ្នកត្រូវបោះឆ្នោតដទៃទៀតចូលទៅក្នុងស្ថានីយ៍បោះ ឆ្នោតបាន។(សូមមើល http://www.boell.de/en/node/277689)

            អ្នកសង្កេតការណ៍បោះឆ្នោតមួយរូបមកពីមូលនិធិ Heinrich Boll នេះ បាននិយាយថា ក្រុមមនុស្ស ឥតសណ្តាប់ធ្នាប់នោះបានចោទប្រកាន់ថា អ្នកបោះឆ្នោតដែលពួកគេរាំរាំងនោះ មិនត្រូវបានចុះឈ្មោះនៅក្នុងមូលដ្ឋានទេ។ ប៉ុន្តែមធ្យោបាយតែមួយគត់ដើម្បីបញ្ជាក់អំពីបញ្ហានេះ គឺគួរត្រូវអនុញ្ញាតឱ្យពួកគេចូលក្នុង ស្ថានីយ៍បោះឆ្នោត ហើយបន្ទាប់មកពិនិត្យឈ្មោះពួកគេជាមួយនឹងបញ្ជីបោះឆ្នោត ដែលនេះជាអ្វីដែលតំណាងរបស់គណបក្សសង្គ្រោះជាតិ គួរត្រូវអាចធ្វើទៅកើត ប្រសិនបើពួកគេមានការសង្ស័យអំពីអ្នកបោះឆ្នោតណាម្នាក់។ ហើយទោះបីជាអង្គការលីកាដូ បានព្យាយាមប្រើប្រាស់ឧប្បទ្ទវហេតុនេះប្រឆាំងទៅនឹងអាជ្ញាធរ គ្រប់គ្រងការបោះឆ្នោតក៏ដោយ ក៏អ្នកសង្កេតការណ៍របស់អង្គការនេះ បានរកឃើញថា អ្នកបោះឆ្នោតដែល ត្រូវបានរារាំងទាំងនោះ តាមការពិតមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតខេត្តកណ្តាល។ ពួកគេគឺជាកម្មករនៅ ឯកន្លែងជីករ៉ែមួយក្នុងមូលដ្ឋាន ដែលពីមុនបានបោះឆ្នោតក្នុងខេត្តផ្សេងៗដែលជាទីកន្លែងកំណើតរបស់ពួក គេប៉ុន្តែបានចុះឈ្មោះក្នុងខេត្តកណ្តាល ពីព្រោះថៅកែរបស់ពួកគេបានបដិសេធមិនឱ្យពួកគេឈប់សម្រាក ច្រើនថ្ងៃ ដើម្បីត្រឡប់ទៅបោះឆ្នោតនោះទេ។ មិនមានអ្វីមិនត្រឹមត្រូវនោះទេដែលអ្នកបោះឆ្នោតបានផ្លាស់ប្តូរ ការចុះឈ្មោះមកកាន់ខេត្តដែលពួកគេកំពុងធ្វើការ។

          ជាងនេះទៀត ស្ថានីយ៍១២០៤ មិនមែនជាស្ថានីយ៍តែមួយដែលប្រជាជនត្រូវបានរារាំងមិនឱ្យបោះ ឆ្នោតនោះទេ ប៉ុន្តែ ERA ស្ងប់ស្ងាត់យ៉ាងចម្លែកអំពីឧប្បទ្ទវហេតុទាំងនេះផ្សេងទៀត

          ឧទាហរណ៍ ក្រោយការបោះឆ្នោតបន្តិច សារព័ត៌មានអង់គ្លេស The Guardian បានព័ណ៌នាអំពីក្រុម មនុស្សឥតសណ្តាប់ធ្នាប់នៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានរារាំងជនជាតិភាគតិចវៀតណាមដែល ជាប្រជាពលរដ្ឋខ្មែរ និងបានចុះឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត។ អ្នករាយការណ៍ព័ត៌មាននោះ បាន សម្ភាសន៍មនុស្សម្នាក់នៃប្រជាជនដែលត្រូវបានគេរារាំងមិនឱ្យបោះឆ្នោត ជាស្ត្រីដែលមានអាយុ៦០ឆ្នាំ គាត់ បានកើតក្នុងប្រទេសកម្ពុជាក្នុងគ្រួសារមួយដែលបាននៅកម្ពុជាច្រើនជំនាន់មកហើយ។ គាត់បានប្រាប់ទៅអ្នក សារព័ត៌មានរូបនោះថា «យុវជនគណបក្សប្រឆាំងបានរារាំងយើង ដោយស្រែកថា យួន! យួន! ចេញទៅ!  កុំ ឱ្យពួកគេបោះឆ្នោត ខ្ញុំបានព្យាយាមចូលទៅបោះឆ្នោតបីដងដោយមានការជួយពីមន្ត្រីប៉ូលីស ប៉ុន្តែមិនអាច បោះបានទេ»។

          នៅចម្ងាយតែ ៧ ឬ៨ គីឡូម៉ែត្រខាងកើតស្ថានីយ៍១២០៤ ស្ថានីយ៍នៅឯខេត្តកណ្តាល ក្នុងឃុំត្រើយ ស្លា ស្រុកស្អាង បានត្រូវឡោមព័ន្ធទៅដោយក្រុមមនុស្សឥតសណ្តាប់ធ្នាប់ប្រកាន់ជាតិសាសន៍មួយក្រុមទៀតយោងតាមសារព័ត៌មាន The Cambodia Daily ចុះថ្ងៃទី ២៩ ខែ កក្កដា «ក្នុងចំណោមគ្រួសារជនជាតិភាគ តិចវៀតណាម១៥គ្រួសារ ដែលបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវមានតែ៥គ្រួសារប៉ុណ្ណោះអាចធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សប្រកបដោយកំហឹងទាំងនោះ... ដើម្បីបោះឆ្នោត»។ អត្ថបទនោះបានដកស្រង់សម្តីអ្នកនេសាទ មួយរូប ដែលត្រូវបានរារាំងមិនឱ្យបោះឆ្នោតថា៖ «ពួកយើងភាគច្រើនបានរស់នៅទីនេះបីជំនាន់មកហើយ។ ខ្ញុំមានអត្តសញ្ញាណប័ណ្ណ ហើយឈ្មោះរបស់ខ្ញុំមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ខ្ញុំជាពលរដ្ឋមួយរូប ហេតុអ្វី ខ្ញុំមិនអាចបោះឆ្នោតបាន?

          ប្រជាពលរដ្ឋខ្មែរដែលជាជនជាតិភាគតិចវៀតណាមមួយរូបទៀត ដែលជាស្ត្រីអាយុ៣៨ឆ្នាំ ដែលបានរស់នៅក្នុងភូមិតាំងពីឆ្នាំ១៩៨០ មក ត្រូវបានរារាំងដោយក្រុមមនុស្សឥតសណ្តាប់ធ្នាប់ប្រកបដោយកំហឹងនៅពេលដែលគាត់ព្យាយាមធ្វើដំណើរលើកទី១ ដើម្បីទៅបោះឆ្នោត ប៉ុន្តែក្រោយមកគាត់បានបោះឆ្នោត ដោយមានការជួយពីប៉ូលីស៖ «ខ្ញុំបានទៅម្តងទៀតនៅម៉ាង៨ព្រឹក ហើយប៉ូលីសនៅទីនោះបានជួយខ្ញុំ។ប៉ូលីសបានប្រាប់ពួកគេថា ខ្ញុំមានអត្តសញ្ញាណប័ណ្ណ ហើយបាននាំខ្ញុំចូលទៅ។ ខ្ញុំញ័ររន្ធត់ដោយការភ័យខ្លាច។»

          អង្គការលីកាដូ ក៏បានដឹងអំពីអំពើហឹង្សាប្រកាន់ជាតិសាសន៍នៅឃុំត្រើយស្លានេះដែរ ហើយបានរាយ ការណ៍ថា​៖ «...ក្រុមដ៏ធំមួយដែលមានប្រជាជនមូលដ្ឋានរាប់រយនាក់ បានរារាំងប្រជាជនមិនឱ្យបោះឆ្នោត ដោយសារតែប្រជាជនទាំងនោះត្រូវបានចោទប្រកាន់ដោយមើលទៅ ថាជាជនជាតិភាគតិចវៀតណាម។ អ្នក ជិតខាងម្នាក់នៃអ្នកដែលត្រូវបានគេរារាំងមួយរូបបានថ្លែងថាបុរសដែលត្រូវបានគេរារាំងនេះ គឺជាអ្នករស់នៅ ក្នុងតំបន់នេះយូរយាណាស់មកហើយ។ ប្រជាជនមូលដ្ឋានក្នុងស្ថានីយ៍នេះបានសម្តែងមតិថា ពួកគេបានរារាំង ប្រជាជនដែលពួកគេសង្ស័យមិនឱ្យបោះឆ្នោត ដោយសារតែរូបរាងប្រជាជនទាំងនោះ ដូចជាជនជាតិភាគតិច វៀតណាម»។

          អ្នកសង្កេតការណ៍មកពីអង្គការលីកាដូ ក៏បានកត់សម្គាល់អំពីឧប្បទ្ទវហេតុស្រដៀងគ្នានេះ នៃក្រុមមនុស្សឥតសណ្តាប់ធ្នាប់ប្រកាន់ជាតិសាសន៍ ដែលបានរារាំងអ្នកបោះឆ្នោតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញស្រុកលើកដែក ខេត្តកណ្តាល និងស្រុកព្រះស្តេច ខេត្តព្រៃវែង។

          អង្គការលីកាដូ គឺជាអង្គការមួយនៃអង្គការនានាដែលរួមចំណែកក្នុងរបាយការណ៍របស់ ERA ដូច្នេះ ERAមិនអាចអះអាងថាមិនបានដឹងអំពីរឿងរ៉ាវនៃក្រុមមនុស្សដែលរារាំងពលរដ្ឋខ្មែរមិនឱ្យបោះឆ្នោតទាំង នេះទេ។ ប៉ុន្តែ​ការលើកឡើងតែមួយអំពីអំពើហឹង្សាក្នុងការបោះឆ្នោតនៃរបាយការណ៍នេះមានន័យមិនស្មោះត្រង់ ថាគណបក្សសង្គ្រោះជាតិ គឺជាជនរងគ្រោះនៃអំពើហឹង្សាជាជាងជាអ្នកបង្កឱ្យមានអំពីហឹង្សា។ ពាក្យ «ការ រើសអើងជាតិសាសន៍» ឬ «អ្នករើសអើងជាតិសាសន៍» មិនមាននៅក្នុងរបាយការណ៍របស់ ERA នោះទេ

          គ្មាននរណាដឹងច្បាស់អំពីថាតើប្រជាជនខ្មែរត្រូវបានរារាំងមិនឱ្យបោះឆ្នោតនៅ​ឯស្ថានីយ៍ ១២០៤ ត្រើយស្លា និងកន្លែងផ្សេងទៀត នឹងបានបោះឆ្នោតដោយបែបណាទេ ប្រសិនពួកគេអាចចូលទៅបោះឆ្នោត បាននោះ។ ប៉ុន្តែច្បាស់ណាស់ថា ពួកប្រព្រឹត្តបទឧក្រិដ្ឋនោះបានគិតថា អ្នកបោះឆ្នោតទាំងនោះមិនមែនជា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទេ ដែលនេះជាមូលហេតុដែលពួកគេរារាំងអ្នកបោះឆ្នោតទាំងនោះ

          ផ្ទុយទៅវិញ របាយការណ៍របស់ ERA តវ៉ាថា អំពើហឹង្សាគាំទ្រគណបក្សសង្គ្រោះជាតិនៅឯស្ថានីយ៍ ១២០៤ គួរតែជាហេតុផលមួយដើម្បីធ្វើការបោះឆ្នោតឡើងវិញ ដែលផ្តល់ឱកាសឱ្យគណបក្សសង្គ្រោះជាតិធ្វើទង្វើនោះម្តងទៀត។ ប្រសិនបើគណបក្សសង្គ្រោះជាតិតាមពីក្រោយតែ ១៦៦សម្លេង ប្រហែលជាក្នុងការបោះឆ្នោតម្តងទៀត ក្រុមមនុស្សឥតសណ្តាប់ធ្នាប់ប្រកាន់ជាតិសាសន៍អាចនឹងរារាំងអ្នកបោះឆ្នោតដែលសង្ស័យ ថា ជាអ្នកគាំទ្រគណបក្សប្រជាជន១៦៧នាក់បន្ថែមទៀត។ ហើយប្រសិនបើពួកគេមិនទទួលជោគជ័យទៀត ERAអាចនឹងនិយាយថាអំពើហឹង្សាក្នុងការបោះឆ្នោតឡើងវិញតម្រូវឱ្យមានការបោះឆ្នោតឡើងវិញម្តងទៀត

          ទាំងអ្វីដែលជាការផ្តល់មតិ និងអ្វីដែលខ្លួនមិនបាននិយាយក្នុងរបាយការណ៍របស់ ERA គឺជាការ ការពាដោយឥតអៀនខ្មាស់ និងគួរឱ្យអៀនខ្មាស់ចំពោះអំពើហឹង្សាប្រកាន់ជាតិសាសន៍។ ភាពមិនស្មោះត្រង់យ៉ាងច្បាស់ក្រឡែតរបស់របាយការណ៍ ទៅលើបញ្ហានេះពិតជានិយាយប្រឆាំងទៅនឹងលទ្ធភាពដែលថាកំហុសឆ្គងយ៉ាង សន្ធឹកសន្ធាប់របស់ខ្លួនគ្រាន់តែជាកំហុសដ៏ស្មោះត្រង់ប៉ុណ្ណោះ។

ដោយ  Allen Myers

No comments:

Post a Comment