Tuesday, February 11, 2014

បទអត្ថាធិប្បាយ​៖ គ្មាន​​ការ​បោះ​ឆ្នោត​​មុន​អាណត្តិ​ ជាដាច់​ខាត​

ពង្ស សុក្រឹត្យ

ការទាម​ទារ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ  បាន​ក្លាយ​ជា​​ប្រធាន​បទ​ដែល​គណបក្ស​ប្រឆាំង​ និង​មេ​អង្គការ​សង្គម​ស៊ីវិលជា​សម្ព័ន្ធ​មិត្ត​ ដែល​​មាន​​និន្នាការ​​​ប្រឆាំង​មួយ​ចំនួន​តូច​ ​​បាន លើកឡើងព្រមៗគ្នាហាក់​បី​ដូច​ជាមាន​លក្ខណៈ​ជាប្រព័ន្ធ​ ជា​ពិសេស​​​​ ចំពោះ​​អ្នក​​ដែល​​ជា​ជន​អន្តោ​ប្រវេសន្ត​ ​រស់​នៅ​ប្រទេស​ទី​បី​ មិន​បាន​ដឹង​អំពី​សភាព​ការណ៍​​​ពិត​​នៅប្រទេស​កម្ពុជាផង​​ ក៏​ផ្អើល​ស្រែក​ទាម​ទារ​តាម​គណបក្ស​ប្រឆាំង​ដែរ​។ រឿង​នេះ​ ប្រហែល​ជាពួក​គាត់​ទទួល​បាន​ព័ត៌មាន​ មិន​គ្រប់​ជ្រុង​ជ្រោយ​។
តាមពិត​ គណបក្ស​ប្រឆាំង​តែង​តែ​ញុះញង់​ប្រជាពលរដ្ឋ​នៅគ្រប់​វេទិកា​ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ តាម​រយៈ​ការ​ទាម​ទារ​ឲ្យ​ សម្តេច​ ហ៊ុន សែន​ ចុះចេញ​ពី​តំណែង​ និង​​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​ឡើង​វិញ​ ទង្វើ​នេះ​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ខ្លឹម​សារ​នៃរដ្ឋ​ធម្មនុញ្ញ​។​
រដ្ឋ​ធម្មនុញ្ញ​ គឺជាច្បាប់​កំពូល​​របស់​ប្រទេស ​​ក្នុង​ការ​ធានា​ឲ្យ​សង្គម​មួយ​រស់​នៅ​ប្រកប​ដោយ​ នីតិរដ្ឋ​។​ រាល់​ការ​ទាម​ទារ​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ និង​​ហួស​ព្រំដែន​គឺជា​ការ​ដើរ​ខុសផ្លូវ​​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​មិនអាច​​ទទួល​យក​បាន​​ឡើយ​​​។​
មាន​លក្ខ​ខណ្ឌ​តែមួយ​គត់​ ដែល​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​បាន​ គឺ​មាន​ចែង​ក្នុង​​មាត្រា​៧៨​ នៃ​រដ្ឋ​ធម្មនុញ្ញ​ ដែល​ចែង​ថា​ « នីតិកាល​របស់​រដ្ឋសភា​មាន​កំណត់​៥​ឆ្នាំ​ ហើយ​ត្រូវ​ផុត​កំណត់​នៅពេល​ដែល​រដ្ឋ​សភាថ្មី​ចូល​កាន់​តំណែង​។ រដ្ឋ​សភា​មិនអាច​ត្រូវ​រំលាយ​មុន​ផុត​អាណត្តិ​​​បាន​ឡើយ វៀរលែង​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ពីរដង​ ក្នុង​រយៈពេល​១២ខែ​។​ ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​ ត្រូវ​រំលាយ​រដ្ឋ​សភា​ ក្រោយ​ពី​ព្រះអង្គទ្រង់​បាន​ទទួល​​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​ និង​បន្ទាប់​ពី​ទ្រង់​បាន​ការយល់​ព្រម​ពីប្រធាន​រដ្ឋសភា​។​ ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​សភាថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​៦០​ថ្ងៃ​យ៉ាង​យូរ​ចាប់​ពី​ថ្ងៃ​​រំលាយ​​រដ្ឋសភា​មក​។​ ក្នុង​រយៈកាល​នេះ​ រាជរដ្ឋាភិបាល​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​​តែ​ប៉ុណ្ណោះ​ » ។​​​
ដូច្នេះ​ ការ​ទាម​ទារ​ទម្លាក់​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ គឺ​មិនអាច​ធ្វើ​បាន​ជាដាច់​ខាត​ បើ​គ្មាន​ការ​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា​ ស្រប​តាម​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​ ដែលបាន​ចែង​ក្នុង​មាត្រា​ខាង​លើ​នេះទេ​​។​ គ្រប់​អំពើ​ដែល​ប៉ុនប៉ង​ទម្លាក់​រាជ​រដ្ឋាភិបាលក្នុង​អាណត្តិ​​ គឺ​ជាអំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​ ដែល​អាច​ចាត់​ទុក​​ថា​ ជាការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​​។
ឧបមា​ថា​ បើមាន​ការ​បោះ​ឆ្នោត​​ឡើង​​វិញ​​មែន​ ហើយ​ក្រោយ​ការ​បោះ​ឆ្នោត​ គណ​បក្ស​​​​​​ប្រជាជន​​កម្ពុជា​ ឈ្នះទៀត តើពួក​បក្សប្រឆាំង​ដែល​ចាញ់​នៅ​តែ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​អញ្ចឹង​ដដែល​ឬ​យ៉ាង​ណា? ហើយ​ប្រសិនបើ​ គណបក្ស​ប្រជាជន​ ជា​អ្នក​ចាញ់វិញ​ម្តង​ ហើយ​ពេល​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទទួល​​​ស្គាល់​​លទ្ធផល​​វិញម្តង​ និង​ចោទប្រកាន់​ថា​គណបក្ស​ប្រឆាំង​លួច​បន្លំ​សន្លឹក​ឆ្នោត​ម្តង​ ពេល​នោះ​នឹង​មាន​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដែរ​។
ដូច្នេះ​ ប្រសិន​បើ ​រាល់​បក្ស​នយោបាយ​​ដែល​ចាញ់ការ​បោះ​ឆ្នោត​ មិន​ទទួល​​ស្គាល់​លទ្ធផល​  ហើយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញមុន​អាណត្តិ​​​ ម្តងហើយ​ម្តង​ទៀត​ ពេល​នោះ​ ជម្លោះ​​នឹង​​គ្មាន​​ទី​​​បញ្ចប់​​ឡើយ​ ហើយ​អ្នក​ដែល​រងគ្រោះ​ គឺ​ប្រជាពលរដ្ឋ​ និង​សង្គម​​​ខ្មែរ​ នឹង​ក្លាយ​ជាចំណាប់​ខ្មាំង​ របស់​បក្ស​នយោបាយ​ដែល​ចាញ់ឆ្នោត​​ ហើយ​​ទី​បំផុត​ សង្គម និង​​​សេដ្ឋកិច្ច​​របស់​ប្រទេស ជាពិសេស​ជីវភាព​របស់​ប្រជាពលរដ្ឋ​​​ កាន់​តែ​​ក្រីក្រ​ថែម​ទៀត​ជា​មិន​ខាន​។
​​​​ជាក់​ស្តែង​ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ​ បាន​កើត​ឡើង​យ៉ាង​រ៉ាំរ៉ៃ​ ដោយ​សារ​គណបក្ស​ប្រឆាំង​មិន​គោរព​តាម​ខ្លឹម​សារ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​ និង​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​ ដែល​ទាម​ទារ​ឲ្យ​ នាយករដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​ ហើយ​បើ​ទោះបី​ជា​មាន​​ការ​​បោះ​ឆ្នោត​​ឡើង​វិញ​​ក៏​ដោយ​ ក៏នៅតែ​​មិនអាច​​រក​​ចំណុច​​បញ្ចប់​​ឃើញ​​នៅឡើយ​​ដែរ​។​​
សម្រាប់​សម្លេង​ប្រជាពលរដ្ឋភាគច្រើន​ និងអ្នក​តាម​ដាន​សភាព​ការណ៍​ យល់​ថា​​គន្លឹៈ​សំខាន់​​ក្នុង​ការ​ដោះ​ស្រាយ​នូវ​ភាព​មិន​ចុះ​សម្រុង ​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​​ប្រឆាំង​​​នាពេល​នេះ​ គឺ​មាន​តែ​ការ​ដោះ​ស្រាយ​ទៅ​តាមចំណុច​​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​ បាន​ព្រម​ព្រៀង​គ្នា​ នៅក្នុង​ជំនួបចរចារ​កំពូល​ កាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៣   លើ​ចំ​ណុច​​អាទិ​ភាព​​​​៣ សម្រាប់​ដោះ​ស្រាយ​​បញ្ហា​​របស់​ជាតិតែ​ប៉ុណ្ណោះ​ ក្នុង​នោះ​រួម​មាន​៖​
-ទី១ គណបក្ស​ទាំង​ពីរប្តេជ្ញា អនុវត្ត​ដោយ​​ហ្មត់​ចត់​តាម​​ព្រះ​រាជសាររបស់​ព្រះ​មហាក្សត្រ​ ដែល​បាន​អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទាំងមូលឲ្យ​មាន​ការ​​អត់​ធ្មត់​ជាអតិ​បរិមា ដើម្បី​​​​បញ្ចៀស​​​អស្ថិរភាព​​នៃ​ជាតិ​​ ព្រម​ទាំង​រក្សាភាព​ថ្លៃ​ថ្នូ​រ និង​ភាព​ស្ងប់​ស្ងៀម​ ដើម្បី​ទុ​ក​ឱកាស​​​រក​ដំ​ណោះ​ស្រាយ​​​​បញ្ហាជាតិ​ទាំង​អស់​គ្នា​។​
-ទី​២ គណបក្ស​​ទាំង​ពីរ​ក៏បាន​ព្រម​ព្រៀង​គ្នា​​​ថា ​នឹង​បង្កើត​យន្តការ​ ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​នាពេល​ខាង​មុខ​។
-និង​​ទី៣​ គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​បន្ត​ជួប​​ចរចា​គ្នា​តទៅ​ទៀត​តាម​គ្រប់​កម្រិត​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​។
ដូច្នេះ ការទាម​ទារ​​តាម​អំពើចិត្ត​ដោយ​មិន​គោរព​ច្បាប់​របស់​ប្រទេស​​​ ឬតាម​ការ​ទាមទារ​របស់​សម្លេង​ភាគតិច​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ឲ្យ​មាន​ការ​បោះឆ្នោត​​ឡើងវិញ​​ គឺ​​មិនអាច​​ធ្វើ​ឲ្យ​ជម្លោះ​នយោបាយ​បញ្ចប់​​បាន​​នោះ​ទេ​។ ​ប្រការ​ដែល​ គណបក្ស​ទាំង​ពីរ​ ត្រូវ​គិត​ គឺផល​​ប្រយោជន៍ជាតិ​ជាធំ​។ គឺ​មាន​តែការងាក​មករ​ក​តុ​ចរចា​គ្នា​តែ​​ប៉ុណ្ណោះ​​ ទើប​អាច​រក​ដំណោះ​ស្រាយ​ និង​រួបរួម​គ្នា​ កសាង​ជាតិ​បាន​។ ការ​ទាម​ទារ​អំណាច​ តាម​បែប​ផ្តួល​រំលំ​ដោយ​ការ​ធ្វើ​​បដិវត្តន៍​​ប្រជាជន​ គឺ​មិនអាច​ទៅរួច​​បានឡើយ​៕​

No comments:

Post a Comment