Tuesday, August 08, 2017

វគ្គបណ្ដុះបណ្ដាល ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព

សាលាខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើប្រាស់ដោយមេភូមិ ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ហេង សុផាត អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក លោកស្រី មន្ត្រីទទួលបន្ទុកការងារ អត្រានុកូលដ្ឋាន ទូទាំងខេត្តសរុបប្រមាណ២៦០នាក់។

ការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឲ្យយល់ដឹងកាន់តែច្បាប់ពីបែបបទ នីតិវិធីនៃការអនុវត្តការងារអត្រានុកូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក។ វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីជម្រុញឲ្យមន្ត្រីអនុវត្តតាមតួនាទី ភារកិច្ច និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដលនេះ ជាការសិក្សា ផ្ដល់បទពិសោធន៍ លើកឡើងពីបញ្ហាប្រឈមនានា និងសកម្មភាពការងារដែលសម្រេចបានដែលអនុវត្តកាលពីពេលកន្លងមក។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧៕





No comments:

Post a Comment