លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ចេញខ្លឹមសារមួយ បកអាក្រាតអំពីផែនការអាក្រក់របស់បន្ទប់ស្ថានការណ៍ ដោយមានសេចក្តី ដូចតទៅ៖
កាលពីពេលបោះឆ្នោតកន្លងទៅ បណ្តាអង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០អង្គការ ដែលមានតួនាទី និងភារកិច្ចលើការងារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបោះឆ្នោត បានប្រមូលផ្តុំគ្នា បង្កើតជា អង្គការចាត់តាំងមួយដែលមានឈ្មោះថា បន្ទប់ស្ថានការណ៍ ដើម្បីធ្វើការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការបោះឆ្នោត។
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បណ្តាស្ថានទូតប្រចាំកម្ពុជា និងបណ្តាប្រទេសលើពិភពលោក ព្រមទាំងភ្នាក់ងារគណបក្សនយោបាយ សរុបប្រមាណជាង១០ម៉ឺន បានវាយតម្លៃស្របគ្នាថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយបរិយាកាសល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សាគួរចាប់អារម្មណ៍ឡើយ គឺមានលក្ខណៈប្រជាធិបតេយ្យ មានយុត្តិធ៌ម ត្រឹមត្រូវ និងអាចទទួលយកបាន។ ប្រជាពលរដ្ឋបានទៅបំពេញកាតព្វកិច្ចរបស់ខ្លួន គឺទៅបោះឆ្នោតជាង៩០%។
ប៉ុន្តែផ្ទុយពីមតិវាយតម្លៃជាទូទៅថាល្អខាងលើនេះ របស់ដែលហៅថាបន្ទប់ស្ថានការណ៍ បានវាយ តម្លៃថា ការបោះឆ្នោតមានបញ្ហាមិនប្រក្រតីជាច្រើន ដូចជា៖ ពលរដ្ឋចំណាកស្រុករាប់សែននាក់ និងខ្មែរនៅក្រៅប្រទេសមិនបានចុះឈ្មោះបោះឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ការិយាល័យខ្លះបិទទ្វារបង្អួចមិនឲ្យប្រជាជន បានមើល ហាក់ដូចមានការលាក់បាំង គ្មានតម្លាភាព។ល។
ក្រោយការបោះឆ្នោត ដោយលទ្ធផលមិនសមតាមមហិច្ឆតារបស់ខ្លួនចង់បាននោះ បក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍មួយ មានខ្លឹមសារដូចនឹងការសន្និដ្ឋានរបស់បន្ទប់ស្ថានការណ៍ដែរ។ បើការសន្និដ្ឋានវាយតម្លៃ របស់ដែលហៅថាបន្ទប់ស្ថានការណ៍ គឺផ្ទុយពីការពិតជាក់ស្តែង នៃការ បោះឆ្នោតយ៉ាងនេះ តើមានន័យយ៉ាងណាចំពោះតួនាទី និងការងាររបស់បន្ទប់ស្ថានការណ៍នោះ? មហាជនទូទៅបានហៅបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងគឺតែមួយ។
ដូច្នេះបើសិនជារបស់ដែលហៅថាបន្ទប់ស្ថានការណ៍ ត្រូវបានបញ្ចូលជាមួយបក្សប្រឆាំងតែម្តងគឺជា ការល្អម៉្យាងដែរ។
ម៉្យាងទៀតបើរបស់ដែលហៅថាបន្ទប់ស្ថានការណ៍មានតួនាទី និងភារកិច្ចជំនួសឲ្យបណ្តាអង្គការដើម ទៅហើយនោះ គួរតែរំលាយចោលបណ្តាអង្គការដើមទាំង៤០នោះចោលទៅ ហើយយករបស់ដែល ហៅថាបន្ទប់ស្ថានការណ៍ ជាអង្គការថ្មីផ្លូវការ ដោយមានការចុះបញ្ជី និងមានតម្កល់លក្ខន្តិកៈ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលទៅ ទើបស្របច្បាប់ ក្នុងការធ្វើសកម្មភាព។ បើមិនរំលាយចោលបណ្តាអង្គការដើមទាំង៤០នោះទេ ហើយចង់នៅប្រើ ប្រាស់ឈ្មោះរបស់ដែលហៅថា បន្ទប់ស្ថានការណ៍នោះ អាចឲ្យគេសន្និដ្ឋានបានថា ជាការចង់យក របស់ដែលហៅថា បន្ទប់ស្ថានការណ៍មកធ្វើជាឡប់ឡែបិទបាំងចំពោះសកម្មភាព នយោបាយមិន សុច្ចរិតណាមួយ ហើយគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ដូច្នេះដើម្បីឲ្យដាច់ស្រេច មិនគួរទុកបញ្ហាឲ្យនៅពាំត្រណោត តទៅទៀតទេ គួរតែមានការវះកាត់ សមស្របណាមួយដូចជា៖ ធ្វើសមាហរណកម្មបណ្តាអង្គការ ទៅក្នុងបក្សប្រឆាំង, រក្សាទុកបណ្តា អង្គការទាំង៤០ ដោយគ្មានរបស់ដែលហៅថាបន្ទប់ស្ថានការណ៍, រំសាយចោលបណ្តាអង្គការទាំង៤០ ហើយបង្កើតជាផ្លូវការបន្ទប់ស្ថានការណ៍ ជាអង្គការស្របច្បាប់ ចុះបញ្ជីត្រឹមត្រូវ មានតម្កល់លក្ខន្តិកៈ នៅក្រសួងមហាផ្ទៃ។
បើសិនជាមិនយកតាមចំណុចណាមួយខាងលើនេះទេ មានន័យថាមានគំនិតទុច្ចរិត៕
No comments:
Post a Comment