ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យមាន «ការអត់ធ្មត់» លើកូរ៉េខាងជើង តាមរយៈការនិយាយទូរស័ព្ទជាមួយនឹងលោក Donald Trump កាលពីថ្ងៃចន្ទ ខណៈដែលប្រទេសជប៉ុនបានចូលរួមធ្វើសមយុទ្ធជាមួយនឹងនាវាដឹកយន្តហោះរបស់អាមេរិកឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។
មេដឹកនាំអាមេរិកបានអំពាវនាវម្តងហើយ ម្តងទៀត ដល់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តសំខាន់តែមួយគត់របស់កូរ៉េខាងជើងឱ្យធ្វើការន្ថែមទៀតដើម្បីទប់ស្កាត់ទីក្រុងព្យុងយ៉ាង ខណៈដែលភាពតានតឹងនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ចំពេលដែលមានការលើកឡើងថា ខ្លួននឹងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរផ្សេងទៀត។
បើយោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា លោក Xi បាននិយាយថា «ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធរក្សាបាននូវការអត់ធ្មត់ និងចៀសវាងរាល់សកម្មភាពទាំងឡាយណាដែលនឹងបង្កឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងនៅឧបទ្វីបកូរ៉េ»។
គាត់បាននិយាយថា «មធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងឱ្យបានឆាប់រហ័ស គឺភាគីនិមួយៗដែលជាប់ពាក់ព័ន្ធត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន»។
លោក Xi បានប្រាប់លោក Trump ថា «ស្ថានភាពអន្តរជាតិកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សគឺវាសំខាន់ណាស់ដែលចិន និងអាមេរិករក្សាបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសំខាន់ៗឱ្យបានទាន់ពេលវេលា»។
លោក Trump បានថ្លែងផងដែរទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe កាលពីថ្ងៃចន្ទ ដែលពិភាក្សាគ្នាពីការធ្វើសមយុទ្ធរួមគ្នាដែលកំពុងតែប្រព្រឹត្តទៅរវាង នាវា Carl Vinson របស់អាមេរិក និងកងកម្លាំងស័្វយការពារដែនសមុទ្ររបស់ជប៉ុន។
ការលក់រនាំងការពារអាវុធនុយក្លេអ៊ែរ និងឧបករណ៍បន្សុតខ្យល់វិទ្យុសកម្មបានកើនឡើងនៅក្នុងប្រទេសជប៉ុននារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលកូរ៉េខាងជើងបានបន្តធ្វើតេស្តសាកល្បងមីស៊ីល ដែលប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មអន្តរជាតិ។
លោក Abe បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងបានឯកភាពទាំងស្រុងដែលយើងបានទាមទារយ៉ាងខ្លាំងឱ្យមានការអត់ធ្មត់ពីភាគីកូរ៉េខាងជើង ដែលបានបង្កឱ្យមានសកម្មភាពដ៏គ្រោះថ្នាក់ម្តងហើយម្តងទៀត»។
ប្រធានាធិបតីអាមេរិកថ្មីបានបញ្ជាក់ថា គាត់នឹងមិនអនុញ្ញាតឱ្យកូរ៉េខាងជើងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផលិតអាវុធមីស៊ីលដែលបំពាក់ក្បាលនុយក្លេអ៊ែរដែលមានសមត្ថភាព ដើម្បីបាញ់ទៅប៉ែកខាងលិចសហរដ្ឋអាមេរិកឡើយ៕
ប្រភព: Daily Sabah ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧
ប្រភព: Daily Sabah ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧