មកដល់ពេលនេះក្រុមអ្នកវិភាគ និងអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជាបានពិនិត្យឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងមានប្រៀបកាន់តែខ្លាំងក្នុងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ និងឈ្នះលើគូប្រជែងរបស់ខ្លួន ដោយផ្តើមចេញពីការកែទម្រង់លើភាពអសកម្មរបស់មន្ត្រីមួយចំនួនដែលបានប្រព្រឹត្តិកន្លងមក។
ចំណែកគណបក្សសង្គ្រោះជាតិវិញ ពេលនេះកំពុងត្រូវអ្នកធ្លាប់គាំទ្រ ដែលបែកចេញទៅបង្កើតគណបក្សនយោបាយថ្មីៗ វាយប្រហារទាំងថ្ងៃ ទាំងយប់យ៉ាងដំណំ។ បើស្ថានភាពនៅតែបន្តរបៀបនេះទៀត សំឡេងអ្នកគាំទ្របក្សប្រឆាំងនឹងថមថយជាស្វ័យប្រវត្តិ ពោលគឺគណបក្សសង្គ្រោះជាតិនឹងក្លាយជាគណបក្សប្រឆាំងជារៀងរហូត គ្មានឱកាសបានដឹកនាំប្រទេសនោះឡើយ។
ការធ្លាក់ប្រជាប្រិយភាពរបស់បក្សប្រឆាំងនាពេលនេះ ក៏ដោយសារភាពកម្សោយ និងភាពមិនច្បាស់លាស់ក្នុងការដឹកនាំរបស់មេគណបក្សនេះតែម្តង។ នយោបាយ ប្រើវោហារសាសន៍សន្យាខ្ពស់ហួសហេតុ កប់ពពក របៀបស្រមើស្រម៉ៃ មិនអាចធ្វើបាននេះបានដាស់អារម្មណ៍ប្រជាពលរដ្ឋដែលធ្លាប់រំភើបនឹងគោលនយោបាយទាំងនោះ ឲ្យមើលឃើញ និងភ្ញាក់ខ្លួនឈប់ជឿសម្តី។
អស់រយៈពេលជាង២ឆ្នាំក្រោយពីការបោះឆ្នោត ប្រជាពលរដ្ឋបានតាមដាន សង្កេតមើល និងផ្តោតលើសកម្មភាពរបស់អ្នកនយោបាយនៃគណបក្សទាំងពីរយ៉ាងយកចិត្តទុកដាក់។ ក្នុងនោះគណបក្សប្រឆាំងនៅតែបន្តយុទ្ធវិធីបោកប្រាស់ អូសទាញ និងញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ាបង្កអស្ថេរភាពសង្គមដដែល ដូច្នេះហើយទើបប្រជាពលរដ្ឋមើលឃើញថា ខាងគណបក្សសង្គ្រោះជាតិ មិនអាចឈ្នះប្រជាប្រិយភាពលើគណបក្សប្រជាជននោះទេ ព្រោះថាក្រោយការបោះឆ្នោត គណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាច្រើន ដូចជាប្រាក់ខែមន្ត្រីរាជការ ប៉ូលីស និងទាហាន បានកើនឡើងស្របតាមទំហំសេដ្ឋកិច្ចជាតិ និងបើកបានទាន់ពេលវេលារៀងរាល់ដំណាច់ខែ។ ប្រាក់ខែគោលរបស់កម្មករបានកើនឡើងដល់១២៨ ដុល្លារ និងកើនឡើងជាបន្តទៀតនៅឆ្នាំ២០១៦ខាងមុខនេះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្តល់ភាពងាយស្រួលដល់កម្មករ ក្នុងការកំណត់តម្លៃប្រើប្រាស់ចរន្តអគ្គិសនីនៅតាមបន្ទប់ជួល ស្នាក់នៅរបស់កម្មករដែលមានតម្លៃថោក និងបានបង្កើតច្បាប់ មិនឲ្យមានការតំឡើងថ្លៃឈ្នួលផ្ទះស្រេចចិត្តរបស់ម្ចាស់ផ្ទះជួលទាំងឡាយ និងបានដោះស្រាយបញ្ចុះថ្លៃប្រេងសាំងថែមទៀត។ ផ្ទុយមកវិញ ប្រជាពលរដ្ឋមិនបានឃើញគណបក្សសង្គ្រោះជាតិជួយសង្គមជាតិ និងប្រជាពលរដ្ឋ សូម្បីតែកសាងបង្គន់សាធារណៈមួយក៏គ្មានផង។
បើនិយាយពីភាពជាអ្នកដឹកនាំវិញ គឺអ្នកវិភាគមើលឃើញពីភាពទាន់ខ្សោយ បញ្ហាបែកបាក់ផ្ទៃក្នុង បក្ខពួកខ្សែរយៈ សាច់ញាតិនិយមយ៉ាងខ្លាំងមែនទែន។ ថ្មីៗនេះ អ្វីដែលប្រជាពលរដ្ឋខ្មែរមិនពេញចិត្តនោះ គឺការអះអាងរបស់លោក កឹម សុខា ផ្ទាល់តែម្តងថា កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានរៀបចំតាក់តែង ចងក្រងដោយប្រទេសមហាអំណាចមួយ។ ដូច្នេះ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មានចម្ងល់ និងចោទជាសំណួរថា បើគណបក្សសង្គ្រោះជាតិគ្មានទស្សនវិស័យ គ្មានធនធានមនុស្ស អស់ការគាំទ្រ និងគ្មានគំនិតអភិវឌ្ឍប្រទេសបែបនេះ តើឲ្យប្រជាពលរដ្ឋប្រគល់ជោគវាសនាដឹកនាំប្រទេសយ៉ាងដូចម្តេចទៅ? ឬគ្រាន់តែជាគណបក្សបោកប្រាស់ប្រជាពលរដ្ឋដើម្បីលាភសក្ការៈ និងបុណ្យសក្តិផ្ទាល់ខ្លួន?
មានមូលហេតុចំបងមួយទៀតនៃការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ គឺទំនាស់ផលប្រយោជន៍ និងអំពើពុករលួយ របស់ក្រុមមន្ត្រីក្នុងជួរគណៈកម្មាធិការនាយក ដែលបែងចែកការប្រមូលប្រាក់ពីបរទេសមិនស្មើគ្នា ជាហេតុធ្វើឲ្យមានការអាក់អន់ចិត្តនឹងគ្នាឈានដល់ការបែកបាក់ផ្ទៃក្នុង ហើយដើរចេញទៅបង្កើតគណបក្សថ្មី រៀងៗខ្លួន ដូចជាករណីលោកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មការនាយកជាដើម។
ក្រុមអ្នកវិភាគ និងអ្នកតាមដាន បានមើលឃើញផងដែរថា គណបក្សសង្គ្រោះជាតិគឺគ្មានអ្នកជំនាញរៀបចំយុទ្ធសាស្ត្រសម្រាប់ដឹកនាំបក្ស និងសកម្មជនបក្ស ក្នុងការធ្វើនយោបាយឡើយ មានន័យថាបើគណបក្សមួយគ្មានអ្នករៀបចំយុទ្ធសាស្ត្រទេ បក្សនោះគ្រាន់តែកំដរបក្សដទៃសម្រាប់ល្បែងប្រជាធិបតេយ្យតែប៉ុណ្ណោះ ឬគ្រាន់តែជាកម្ទេចធូលីដែលគេអាចផ្លុំចោលថ្ងៃណាមួយក៏បាន។ បើដូចការគិតទុករបស់អ្នកវិភាគមែននោះ គណបក្សសង្គ្រោះជាតិនឹងក្លាយជាធូលីដីយ៉ាងពិតប្រាកដ ដែលប្រជាពលរដ្ឋខ្មែរ អាចផ្លុំចោលនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាមិនខាន ដូចពាក្យមួយឃ្លារដែលអ្នកយុទ្ធសាស្ត្រក្នុងបក្សនយោបាយធ្លាប់បាននិយាយនោះគឺ «បង្កើតបក្សនយោបាយ មិនពិបាកទេ តែធ្វើឱ្យបក្សរឹងមាំ និងឈរជើងប្រកួតប្រជែងបានយូរអង្វែង ទើបជារឿងដែលមិនសាមញ្ញ» ៕