សពលោក ប៉ែន សមិទ្ធិ
ប្រធានក្លឹបអ្នកកាសែតកម្ពុជា និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាអគ្គនាយកគេហទំព័រ
cen ព្រមទាំង គេហទំព័រ thecambodiaherald ត្រូវបានដង្ហែពីគេហដ្ឋានរបស់លោក ទៅកាន់វត្តលង្ការនៅ ព្រឹកថ្ងៃ២ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីប្រារព្ធពិធីបូជាតាមប្រពៃណី
នៃព្រះពុទ្ធសាសនា បន្ទាប់ពីបានតម្កល់ប្រារព្ធបុណ្យទក្ខិណានុប្បទាន អស់រយៈពេលបីថ្ងៃកន្លងមកនេះ។
មរណភាព
របស់លោក ប៉ែន
សមិទ្ធិ ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាល មហាជននានា
ជាពិសេសក្រុមអ្នកធ្វើការនៅលើវិស័យសារព័ត៌មានចាត់ទុកថា
ជាការបាត់បង់អ្នកសារព័ត៌មាន
និងជាមេដឹកនាំសារព័ត៌មានម្នាក់ប្រកបដោយសមត្ថភាព
និងចំណេះដឹងខ្ពង់ខ្ពស់មានការទួលខុសត្រូវខ្ពស់និងព្រហ្មវិហារធម៌
ហើយបានចូលរួមសកម្មភាពជាច្រើន
ដើម្បីផលប្រយោជន៍អ្នកកាសែតនិងសង្គមទាំងមូល
និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់នៅក្នុងវិស័យព័ត៌មាននៅ
ក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកធ្វើ
ការផ្នែកព័ត៌មានបាននិយាយថា
លោក ប៉ែន សមិទ្ធិ ជាអ្នកដឹកនាំម្នាក់
ប្រកបដោយសមត្ថភាពនិងការទទួលខុសត្រូវនិងគួរអោយគោរពបំផុត។
លោកបានចំណាយពេលវេលាមួយជីវិតរបស់លោក នៅក្នុងវិស័យសារព័ត៌មាន។
មានមនុស្សជាច្រើននាក់ដែលបានរីកធំធាត់ក្នុងអាជីពជាអ្នកកាសែត
រហូតមកទល់ពេលនេះដោយសារបានការតម្រង់ណែនាំ
និងបណ្តុះបណ្តាលពីរូបលោកទោះជាដោយផ្ទាល់
ឬដោយប្រយោល ទោះជាអ្នកនោះបានដឹងខ្លួន
ឬមិនបានដឹងខ្លួនក៏ដោយចុះ។
គួរបញ្ជាក់ថា លោក ប៉ែន
សមិទ្ធិ បានទទួលមរណៈភាព កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ដោយរោគាពាធក្នុងជន្មាយុ៥៥ឆ្នាំ
ដោយបន្សល់ទុកនូវ ភរិយា រួមទាំងបុត្រាបុត្រីចំនួនបីនាក់។
ប្រភព
ពីគ្រួសារសពលោក
ប៉ែន សមិទ្ធិ បានឲ្យដឹងថា ប្រាំពីរខែនៃជីវិតចុងក្រោយ របស់លោក
គឺត្រូវទ្រាំទ្រនឹងការឈឺចាប់ឥតស្រាកស្រាន្តនៃជំងឺមហារីក
ប៉ុន្តែលោកបានតស៊ូប្រឈមមុខ នឹងជំងឺដ៏កាចសាហាវនេះយ៉ាងក្លាហាន។
ក្រោយពេលផឹកថ្នាំ
បំបាត់ការឈឺចាប់ម្តងៗ លោកតែងខិតខំបំពេញការងាររបស់ខ្លួន
សូម្បីតែកំពុងស្ថិតនៅលើគ្រែពេទ្យក៏ដោយ ក៏លោកខិតខំធ្វើការងារសារព័ត៌មាន ដែលលោកបានធ្វើអស់រយៈពេល
៣៤ឆ្នាំ កន្លងមក។ នៅពេលដឹងថា ខ្លួនមិនអាចរស់នៅយូរតទៅទៀតបាន លោកបានខិតខំរៀបចំការងាររបស់ខ្លួន
ដើម្បីឲ្យក្លឹបអ្នកកាសែតកម្ពុជាបានដំណើរការ មហាសន្និបាត បោះឆ្នោត ជ្រើសរើសគណៈនាយកថ្មី
រក្សាបាននូវជំហរដ៏រឹងមាំមួយ ក្រោយអត់ពីរូបលោកទៅ។ ចំពោះកាសែតរស្មីកម្ពុជា
នោះគឺជាកង្វល់ដ៏ធំមួយរបស់លោក មុនពេលលោកបាត់បង់ជីវិតប៉ុន្មានថ្ងៃ លោកបានខិតខំធ្វើផែនការ
ការងារមួយចំនួនដើម្បីភាពរីកចំរើន របស់កាសែតនេះ។ មុនពេលស្លាប់ លោកបានខិតខំនិយាយពាក្យបណ្តាំចុងក្រោយ
សំរាប់មិត្តភក្តិរួមអាជីព សារពត៌មានទាំងអស់ ជាពិសេសអ្នករួមការងារនៅកាសែតរស្មីកម្ពុជា
ក្លឹបអ្នកកាសែតកម្ពុជា នឹងគេហទំព័រ CEN ថា
“សុខភាពសំខាន់ណាស់ ត្រូវខិតខំថែរក្សា សុខភាពឲ្យបានល្អ កុំឲ្យ មានវិប្បដិសារីទៅថ្ងៃក្រោយ”៕
អត្ថបទ៖ ច័ន្ទ ទេវី