Wednesday, March 30, 2022
ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍?
បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បីទទួលយកសំណងពីក្រុមហ៊ុន!
បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍
ដែលបន្តអូសបន្លាយមកដល់ពេលនេះ សង្កេតឃើញថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
នៅតែបន្តប្រមូលគ្នីគ្នាធ្វើបាតុកម្មនៅតាមទីសាធារណៈ ដោយអះអាងថា
ក្រុមហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផលនិងតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
ក៏ប៉ុន្តែ ភាគីខាងក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់ថា
ការបញ្ឈប់បុគ្គលិកមួយចំនួន
ដោយសារតែក្រុមហ៊ុនត្រូវកែសម្រួលរចនាសម្ព័ន្ធកាត់បន្ថយបុគ្គលិក
ដើម្បីក្រុមហ៊ុនអាចរស់បានអំឡុងពេលដែលកម្ពុជា
ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើសកលលោកបាននិងកំពុងរងវិបត្តិជំងឺឆ្លងសាកលកូវីដ១៩។
ការបញ្ឈប់នេះ ក្រុមហ៊ុនមានហេតុផលសមរម្យ
និងបានទូទាត់សំណងជូនបុគ្គលិកត្រឹមត្រូវស្របតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍ដែលក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យដឹង
បានបញ្ជាក់ថា ដោយសារការបន្តធ្លាក់ចុះភ្ញៀវ
ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ
និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឲ្យសមស្របតាមការរក្សាគម្លាតសង្គម
និងវិធានការសុខាភិបាលផ្សេងៗទៀត នៅអំឡុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព
និងប្រជុំជាមួយតំណាងកម្មករនិយោជិត
អំពីគម្រោងកាត់បន្ថយបុគ្គលិកនៅផ្នែកផ្សេងៗដែលមានចំនួន ១៣២៩នាក់
ទន្ទឹមគ្នានេះក៏មានបុគ្គលិកចំនួន ២៩២នាក់ ផ្សេងទៀត
បានស្ម័គ្រចិត្តសុំលាឈប់ពីការងារដោយខ្លួនឯង ដែលធ្វើឲ្យចំនួនកម្មករនិយោជិតត្រូវកាត់បន្ថយបានកើនឡើងដល់
១៦២១នាក់។ ក្រុមហ៊ុនណាហ្គាវើលដ៍
បានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន
១៦២១នាក់ ក្នុងនោះមាននិយោជិតចំនួន ១២៤៨នាក់ បានយល់ព្រមទទួលយក និងចំនួន
៣៧៣នាក់ មិនព្រមទទួលយក
ទោះបីជាក្រុមហ៊ុនបានផ្ទេរលុយចូលគណនីធនាគាររបស់កម្មករនិយោជិតម្នាក់ៗរួចហើយក្តី។
ពាក់ព័ន្ធករណីនេះ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្របសម្រួល
និងបញ្ជូនករណីវិវាទការងារនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និងនៅថ្ងៃទី១២
ខែសីហា ឆ្នាំ២០២១ លើសំណុំរឿងនេះទៅតាមច្បាប់ជាធរមាន។ នៅថ្ងៃទី១០ ខែកញ្ញា
ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេច
ដោយបង្គាប់ឲ្យភាគីនិយោជកអនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាពការងារ, សោហ៊ុយជំងឺចិត្ត,
ប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩,
ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ,
និងប្រាក់បំណាច់ជួសការជូនដំណឹងមុនជូនកម្មករនិយោជិតឲ្យបានត្រឹមត្រូវតាមច្បាប់
ពេលបញ្ចប់កិច្ចសន្យាការងារនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ បង្គាប់ឲ្យនិយោជកបន្តបើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០
និងឆ្នាំ២០២១ ជូនកម្មករនយោជិតនៅក្នុងឆ្នាំ២០២១ បន្តទៀត។
ក្រោយការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបែបនេះ
ក្នុងចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ មានបុគ្គលិកចំនួនជាង
១០០នាក់បន្ថែមទៀត បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន
និងនៅសេសសល់ចំនួនប្រមាណជា ២០០នាក់ប៉ុណ្ណោះ។
ជាការកត់សម្គាល់
ទោះជាមានដំណោះស្រាយពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជាច្រើនលើករួចមកហើយក្តី
ក៏អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងនេះ
នៅតែបន្តធ្វើបាតុកម្មតវ៉ាទាមទារចង់ចូលធ្វើការវិញ
និងភ្ជាប់លក្ខខណ្ឌកាន់តែច្រើនឡើង
ក្នុងចេតនាបង្កការាំងស្ទះដល់ដំណើរការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទនេះ។
មិនត្រឹមតែប៉ុណ្ណោះទេ មេខ្លោងសហជីពដែលជាអ្នកបញ្ជា
ដឹកនាំធ្វើបាតុកម្មខុសច្បាប់ ថែមទាំងបានបន្តញុះញង់ និងបំពុល បំភ័ន្តព័ត៌មានជាបន្តបន្ទាប់ក្នុងចេទនាទុច្ចរិតមកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើបាតុករ
និងពួកគេបានប្រឌិតព័ត៌មានថា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលបាននិងកំពុងធ្វើការនឹងសុំឈប់ពីការជាច្រើននាក់បន្ថែមទៀត
ជាមួយនឹងល្បិចកលលួចបន្លំយកអ្នកផ្សេង ឱ្យមកចូលរួមធ្វើបាតុកម្ម
បន្លំធ្វើជាអតីតបុគ្គលិកណាហ្គាវើលដ៏
មកដោះដូរជាមួយនឹងអតីតបុគ្គលិកដែលបានបញ្ឈប់ពីការងារ
ក្នុងចេតនាអូសបន្លាយការតវ៉ា ប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់
និងទាមទារលក្ខខណ្ឌផ្សេងៗ។
តាមច្បាប់ការងារ
កាលណាមានសេចក្តីសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងករណីដែលខាងភាគីក្រុមហ៊ុន
សុខចិត្តផ្តល់សំណងជូនពួកគេទាំងនោះ មានន័យថា
ក្រុមហ៊ុនដាច់ខាតមិនទទួលយកពួកគេឲ្យចូលធ្វើការវិញឡើយ
ហើយបុគ្គលិកទាំងនោះទៀតសោតក៏គ្មានសិទ្ធិណាមួយទៅបង្គាប់បញ្ជា
ឬក៏ចាប់បង្ខំឲ្យក្រុមហ៊ុនត្រូវតែទទួលយកលក្ខខណ្ឌរបស់ខ្លួននោះដែរ។
បើផ្អែកតាមទិដ្ឋភាពច្បាប់
អតីតបុគ្គលិកណាហ្គាវើលដ៍
គ្មានជម្រើសណាផ្សេងក្រៅពីទទួលយកសំណងដែលក្រុមហ៊ុនណាហ្គាវើលដ៍ផ្តល់ឲ្យស្របតាមច្បាប់ការងារនោះទេ
ពីព្រោះថា ការធ្វើបាតុកម្មតវ៉ាអនាធិបតេយ្យបែបនេះ មិនមែនជាដំណោះស្រាយ
និងក៏គ្មានប្រសិទ្ធភាពក្នុងការដាក់គំនាបលើក្រុមហ៊ុនណាហ្គាវើលដ៍បានឡើយ
ដោយសារក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់។
លោក
ទូច គង្គា អតីតបុគ្គលិកក្រុមណាហ្គាវើលដ៍ ក្នុងចំណោមបុគ្គលិកដទៃទៀត
ដែលយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន
បានអំពាវនាវឲ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បីទទួលយកសំណង
ដើម្បីបញ្ចប់វិវាទនេះដោយសន្តិវិធី។ លោក ទូច គង្គា អះអាងថា លោកបានទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានស្តាប់ការបកស្រាយពន្យល់របស់ក្រសួង
អំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារតាមគោលការណ៍ច្បាប់នៅទីស្តីការក្រសួង
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបានបញ្ជាក់ថា ជាក់ស្តែង គោលការណ៍ទូទាត់
តាមការសម្របសម្រួលរបស់ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព
និងត្រឹមត្រូវតាមច្បាប់ ដែលងាយស្រួលក្នុងការយល់
និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញចិត្ត។
ទន្ទឹមគ្នានេះ
ការមិនទទួលយកប្រាក់សំណងរបស់អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់នេះ បានដើរប្រាសចាកពីគោលការណ៍ច្បាប់
និងប្រាសចាកទាំងស្រុងពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
និងក៏បង្ហាញឲ្យឃើញពីភាពទុច្ចរិតរបស់ក្រុមអ្នកតវ៉ាដែលមិនចង់មានដំណោះស្រាយបញ្ចប់វិវាទការងារ។
តាមរយៈសកម្មភាពនេះ គេអាចសន្និដ្ឋានបានថា
បាតុកម្មនេះ គឺមានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការបណ្តុះបណ្តាលច្បាស់លាស់
ដោយក្រៅពីកម្លាំងបាតុករនិងមេបាតុករដែលអនុវត្តផ្ទាល់
គឺនៅមានការដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅថែមទៀតផង។
ទន្ទឹមនឹងបាតុកម្មខាងក្នុង ក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា
ដោយបណ្តាញសហជីពអន្តរជាតិ។
ក្នុងនាមជាមន្ត្រីជំនាញសិទ្ធិការងារ
ខ្ញុំសូមលើកទឹកចិត្តឲ្យអតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងអស់
ព្រមទទួលយកការដោះស្រាយជាសំណងដែលស្របតាមគោលការណ៍ច្បាប់
នោះជាការល្អប្រសើរ ក្នុងន័យថា អ្នកដែលព្រមទទួលយកសំណង
គឺមានហេតុផលគ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់ខ្លួនតទៅមុខទៀត
ពោលគឺយើងមិនអាចទៅធ្វើសកម្មភាពបែបអនាធិបតេយ្យ
ឬក៏ចូលទៅក្នុងសកម្មភាពណាមួយបំពានច្បាប់នោះទេ ដែលអាចប្រឈមនឹងនីតិវិធី ឬការចាត់វិធានការផ្លូវច្បាប់ណាមួយរបស់អាជ្ញាធរបើសិនជាសកម្មភាពនោះហួសព្រំដែននៃច្បាប់។
ជារួមមកវិញ
ប្រសិនបើបាតុករជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ប្រមាណជា
២០០នាក់ មានសុច្ឆន្ទៈពិតប្រាកដ ក្នុងការស្វែងរកដំណោះស្រាយជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍
ពួកគេគួរតែចូលខ្លួនទៅដោះស្រាយតាមការអំពាវនាវរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក៏ដូចជាស្ថាប័នពាក់ព័ន្ធ
និងដូចអ្វីដែលពួកគេបានសន្យាមុនពេលតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីបញ្ចប់ជម្លោះនេះ។
ផ្ទុយទៅវិញ
ក្នុងករណីវិវាទនេះ មិនបញ្ចប់ អ្វីដែលត្រូវធ្វើបន្តទៀត
គឺនឹងបន្តនីតិវិធីទៅតុលាការ។ ផ្អែកតាមច្បាប់
ថៅកែក្រុមហ៊ុនមានសិទ្ធិបញ្ឈប់បុគ្កលិកបាន ឲ្យតែខាងក្រុមហ៊ុនយល់ព្រមដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់
ក៏ប៉ុន្តែបើបុគ្គលិកកម្មករមិនសុខចិត្តចំពោះការបញ្ឈប់
ឬការបណ្តេញចេញនោះទេ ពួកគេមានសិទ្ធិប្តឹងទៅតុលាការ
ដើម្បីស្វែងរកដំណោះស្រាយ។ ទោះយ៉ាងណា ក្នុងករណីដែលថៅកែបញ្ឈប់ពីការងារហើយ
គឺគ្មានទេ ការអនុញ្ញាតឲ្យចូលធ្វើការវិញ
គឺមានតែយល់ព្រមទទួលយកសំណងតែប៉ុណ្ណោះ។ នេះជាគោលការណ៍ច្បាប់
ដែលពុំគប្បីអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍បន្តញុះញង់
ឬធ្វើសកម្មភាពដឹកនាំបាតុកម្មបំពានច្បាប់ណាមួយដែលអាចនឹងប៉ះពាល់ដល់សន្តិសុខ
សណ្តាប់ធ្នាប់ សាធារណៈសង្គមនោះឡើយ៕
ដោយ៖
សុខ វាសនា មន្ត្រីជំនាញផ្នែកសិទ្ធិការងារនៅអង្គការក្រៅរដ្ឋាភិបាល
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២នេះ ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោមផែនការដែលបានរៀបចំទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ពួកគេបានសម្តែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្ដទុកជាមុន រួមមាន៖ អ្នកសម្តែងធ្វើជាតួកំសត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំ អង្វរ និងតួជនរងគ្រោះធ្វើជាដួលសន្លប់ ហើយអ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ចុះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្ដីអសុរោះ កាយវិការអសីលធម៌គ្រប់បែបយ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹងទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយដែលនឹងក្លាយទៅជាចំណីរបស់តួដែល ត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក។
ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះ រាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ មិនទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាកាំរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយដើម្បីស្វែងរកអ្នកប្រព្រឹត្ត មកទទួលខុសត្រូវនៅឡើយទេ។ នេះសរបញ្ជាក់ឱ្យឃើញថាគឺជាការចោទប្រកាន់ដែលប្រាសចាកពីការពិត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ទោះស្ថិតក្នុងឧបាយកលដ៏អាក្រក់របស់មនុស្សមួយក្តាប់តូច ដែលកំពុងប្រើប្រាស់ក្រុមបាតុករធ្វើជាឈ្នាន់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមបន្តការខិតខំ អត់ធ្មត់ និងបំពេញតួនាទីយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីកុំឱ្យធ្លាក់ចូលក្នុងឧបាយកលដ៏ខ្មៅកង្វក់មួយនេះ បើទោះជាត្រូវស៊ូទ្រាំ រងការប្រមាថមើលងាយ រហូតឈានដល់ទទួលរងការប្រើអំពើហិង្សាបង្ករបួសស្នាមពីសំណាក់ក្រុមបាតុករសារជាថ្មីនៅថ្ងៃនេះយ៉ាងណាក៏ដោយ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ក្នុងជំនួបនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី។ លោកជំទាវបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាគឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។ លោកជំទាវបានលើកឡើងថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្តទៀតថា គោលបំណងរបស់លោកជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគតផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះជំនួបជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណារួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានដំណើរការប្រក្រតីភាពឡើងវិញ៕