Thursday, September 27, 2018

ព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ ប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់ដែល អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជន សំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដាផងដែរ។ នៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងបញ្ជាក់ដែរថា មហាសន្និបាតនេះមានសារៈសំខាន់ផងដែរ សម្រាប់កម្ពុជា ពីព្រោះកម្ពុជាជាអនុប្រធាននៃមហាសន្និបាតនេះ។
សូមបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ សម្តេចបរមរតនកោដ្ឋ នរោត្តម សីហនុ បានដាក់ ពាក្យស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិ នៅអំឡុងឆ្នាំ១៩៥២ ពោលមុនកម្ពុជាទទួលបាន ឯករាជ្យពីបារាំងមួយឆ្នាំ។ បន្ទាប់ពីសំណើរបស់កម្ពុជារយៈពេល៣ឆ្នាំ ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។

ការស្នើសុំចូលជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា ជាភាពវៃឆ្លាត និងមានចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំជំនាន់នោះ ជាពិសេសមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាប្រមុខរដ្ឋ សម្រាប់អាយុជីវិតនៃប្រទេសប្រទេស។ ជាពិសេសយល់ពីសារៈសំខាន់ នៃការភ្ជាប់ខ្លួនជាមួយក្លិបពហុភាគីដ៏ធំនេះ ព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រៅពីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏បានឲ្យសារៈសំខាន់លើគោលការណ៍របស់សហប្រជាជាតិ ជាពិសេសប្រទេសមិនថា ធំឬតូច មានចំនួនប្រជាជនរាប់កោដ្ឋ ឬតិចជាងកន្លះលាននាក់ គឺមានសំឡេង១ដូចគ្នានៅមហាសន្និបាត។ ជាងនេះទៀត ធម្មនុញ្ញសហប្រជាជាតិ បានចែងអំពីគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ «ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ, កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបី ក្នុងរូបភាពណាមួយក៏ដោយ»

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងចេញដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារផ្តាំផ្ញើដល់បងប្អូនជនរួមជាតិខ្មែរ នៅលើបណ្តាញ Facebook ផ្លូវការរបស់លោក ដោយលោកលើកឡើងថា នៅថ្ងៃនេះ លោកសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះឡើយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបី​ក្នុងរូបភាព​ណាមួយ​ក៏ដោយ ហើយលោកចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរ​នូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូល​ចិត្តលោក សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍មុខមាត់លោក ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិ​ខ្មែរ​ទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួន។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរលើ ទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា «ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ ។
តែសម័យនោះ គឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមក​ពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរ​ជំនាន់ក្រោយ ត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ។
ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍​យ៉ាងតានតឹង​និងស្មុគ្រស្មាញ។
ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការ​ផ្ទាល់​រៀងៗខ្លួនទៅចុះ។

ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញ៉ូវយ៉ក។ សង្ឃឹមថានឹងបាន​សម្រាក​លក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ» ៕

ពេល​វេលា​​ល្អ​មកដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​​ពិចារណា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ទូត​អាមេរិក៖ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ ថា វា​ដល់​ពេល​វេលា​ល្អ​ហើយ ដែល​​ក្រុមហ៊ុន​អាមេរិក​ធំៗ​គួរ​សម្លឹង​មក​ចាប់​ដៃគូ​ជាមួយ​ក្រុម ហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ដែល​គេ​មើល​ឃើញ​ថា ទីផ្សារ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​និងកំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន។
ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ឯ​វេទិកា ​«ឱកាស​ធុរកិច្ច​​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​មក​ពី​ជាង ១០​ក្រុមហ៊ុន និង​សមភាគី​កម្ពុជា ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មកពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម។ កម្មវិធី​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សម្រប​សម្រួលពី​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ។
លោក William Heidt ថ្លែង​ប្រាប់​អ្នកកាសែត​យ៉ាងដូច្នេះ៖ «កត្តា​សំខាន់​ដែល​នាំ​ឲ្យ​យើង​គិត​ថា វា​ដល់​ពេល​ត្រឹមត្រូវហើយ គឺ​ថា មានក្រុមហ៊ុន​កម្ពុជា​​មួយ​ចំនួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដែល​កាល​១០ឆ្នាំ​មុន គឺ​មិនមាន​បែប​នេះ​ទេ។ … ក្រុមហ៊ុន​កម្ពុជា​មួយ​ចំនួន​ធំ​ល្ម និង​មាន​ជំនាញ​គ្រប់គ្រាន់​ល្មម​នឹង​អាចធ្វើ​ជាដៃគូ​ល្អបាន»។
គួរ​បញ្ជាក់ថា តំណាងក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកជាង ១០ក្រុមហ៊ុន ក្នុង​នោះរួមទាំង​ក្រុមហ៊ុន​ល្បីៗ​ ដូចជា Walmart, John Deere, Cargill ជាដើម បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម។
ថ្លែង​ក្នុង​វេទិកា​ផ្គូផ្គង​ធុរកិច្ច​រវាង​គណៈ​ប្រតិភូ​ធុរកិច្ច​មក​ពី​អាមេរិក និង​សមភាគី​កម្ពុជា លោកជំទាវ ចម និមល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ថ្លែងថា វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ច្រើន​គួរសម​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើន និង​បង្កើត​ការងារ។
លោក​ជំទាវ​បន្ត​ថា វិស័យ​កសិកម្ម​នៅ​មាន​ភាព​ប្រឈម​ជា​ច្រើន ប៉ុន្តែ ថា ភាព​ប្រឈម​ទាំង​នេះ​ ក៏​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​វិនិយោគ​ផង​ដែរ។
ទន្ទឹម​នឹង​នេះ តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ផងដែរ។
លោក Stuart Damien Moxham តំណាង​ក្រុមហ៊ុន JOHN DEERE ជាក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​បម្រើ​វិស័យ​កសិកម្ម សំណង់​ និង​រុក្ខា​ប្រមាញ់​ ចំណាស់​ជាង ១៨០ឆ្នាំ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​ប្រាប់​អ្នក​សារព័ត៌មានថា៖ «រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​វិស័យ​កសិកម្ម​ដោយ​ការ​មិន​យក​ពន្ធ​លើ​ផលិតផល​នាំចូល ដូច្នេះ យើង​ឃើញ​ថា កម្ពុជា​ជា​កន្លែង​ល្អ​សម្រាប់​រកស៊ី។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ទីផ្សារ​កសិកម្ម​បាន​រីក​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់។ ខ្ញុំ​គិត​ថា កម្ពុជា​មាន​បរិយាកាស​ធុរកិច្ច​ល្អ​សម្រាប់​វិស័យ​កសិកម្ម​នេះ»។
លោក Bruce W. Blakeman តំណាងក្រុមហ៊ុន Cargill ថ្លែងថា ៖ «យើង​មក​នេះ គឺ​យើង​​មើល​ទៅ​លើ​ដំណាំ​ណា​ដែល​កម្ពុជា​ធ្វើ​បាន​ល្អ​លើ​ទីផ្សារ​អន្តរជាតិ និង​ជួយ​កសិករ និង​ផលិតករ​លើក​កម្ពស់​គុណភាព​ផលិតផល​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ​អន្តរជាតិ ដើម្បី​យើង​អាច​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក»។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ និងជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់​កម្ពុជា។ ឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបានទឹកប្រាក់សរុប ៣ពាន់ ៥រយលានដុល្លារអាមេរិក។

ឆ្នាំ២០១៧ ដដែល កម្ពុជានាំទំនិញចេញទៅអាមេរិក តម្លៃ ៣ពាន់ ១លានដុល្លារអាមេរិក និងនាំចូលពីអាមេរិកមកវិញ ក្នុងតម្លៃទឹកប្រាក់ ៤០០លានដុល្លារអាមេរិក៕




(សូមសទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា សូមឱ្យទឹកចិត្តដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសបន្ត​នៅជាមួយជាតិយើង