Saturday, June 01, 2024

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី​ វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវាលព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន និងឯកឧត្ដម នេត​ ភក្ត្រា ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការ, អនុគណៈកម្មការនានា និងក្រុមការងារជំនាញគ្រប់ផ្នែក។

​ការប្រារព្វពិធីក្រុងពាលីនេះ គឺដើម្បីសូមព្រះអនុញ្ញាត អនុញ្ញាតរៀបចំព្រះរាជពិធីបុណ្យ ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព (ឧបេក្ខោសម្ពោជ្ឈង្គិកោ) នៅថ្ងៃចន្ទ ១២រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីវាលព្រះមេរុ មុខវត្តបទុមវត្តីរាជវរាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។​ ព្រះរាជពិធីបុណ្យនេះ ចូលថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក​ ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា​ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា អុចទៀនធូប តាមទំនៀមទម្លាប់ប្រពៃណីជាតិ។ បន្ទាប់មក អ្នកឧកញ៉ាភក្ដីព្រះស្ដេច ហេង គឹមគុណ បានប្រកាសបួងសួង ដើម្បីឱ្យព្រះរាជកម្មវិធីទាំងមូល បានប្រព្រឹត្តដំណើរការទៅដោយរលូន តាមកម្មវិធីដែលបានគ្រោងទុក ជៀសវៀងនូវឧបសគ្គមករារាំង ឬគ្រោះថ្នាក់កើតឡើងឡើយ។

ក្រោយពីពិធីបួងសួងរួចហើយ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានប្រគេនទេយ្យទានថ្វាយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី,  សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា

សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ លំដាប់តមកទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញបង្ហូតទង់អភិធម្មទាំង ៤ ទិស​ ជុំវិញព្រះមេរុ និងប្រារព្វកិច្ចប្រសិទ្ធីគួចចំណងដៃជូនក្រុមការងារ ចំណងព្រះទីនាំង និងប្រោះព្រំជូនក្រុមការងារជាងផងដែរ។


















អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តកោះកុង បានធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់


នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តកោះកុង សរុបចំនួន ១២៣នាក់ ស្រី ៤២នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ដោយទទួលបានលទ្ធផល "អវិជ្ជមាន" ទាំងអស់។


ការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់នេះ អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ 


ការធ្វើតេស្តនេះដែរ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ១២៣នាក់ ស្ត្រី ៤២នាក់ និងអវត្តមាន ៥នាក់ ដោយជាប់បំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព បានធ្វើឱ្យវិស័យសិល្បៈខ្មែរកាន់តែមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងបំផុតដែលបានផ្តល់ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ រួមជាធ្លុងមួយជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិដ៏បវរជាទីស្នេហា ក្នុងសេចក្តីក្សេមក្សាន្ត មហាកិត្តិយស និងថ្លៃថ្នូរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»។


សម្តេចធិបតី បានថ្លែងបន្តថា សិល្បករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមណីយកម្មសង្គម តាមរយៈសកម្មភាពចូលរួមថែរក្សា និងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់យើង។ នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងអំណរអរគុណដល់ទឹកចិត្តគោរពស្រលាញ់របស់សិល្បករ សិល្បការិនីគ្រប់ៗរូប បានចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតារបស់យើង៕